លទ្ធផល​បោះឆ្នោត​អាមេរិក មាន​ឥទ្ធិពល​ឬទេ​ទៅលើ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​?
អន្តរជាតិ
លទ្ធផល​បោះឆ្នោត​អាមេរិក មាន​ឥទ្ធិពល​ឬទេ​ទៅលើ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​?
08, Nov 2018 , 9:39 pm        
រូបភាព
ក្រោយពី​លទ្ធផល​នៃ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​នៅ​អាមេរិក​ថ្ងៃទី​៦ ខែវិច្ឆិកា បក្ស​ប្រជា​ធិ​តេ​យ្យ​បាន​ដណ្តើម​កាន់កាប់​សភា​តំណាង​ឡើងវិញ ក្រោយពី​បាត់បង់​ក្រោម​អាណត្តិ​របស់លោក​អូ​ប៉ា​ម៉ា​កាលពី​ឆ្នាំ​២០១០ ខណៈ​បក្ស​សាធារណៈរដ្ឋ​របស់លោក ដូ​ណា​ល់ ត្រាំ នៅ​រក្សា​អំណាច​របស់ខ្លួន​ក្នុង​ព្រឹទ្ធសភា​ដដែល​។ អ្នកជំនាញ​យល់ឃើញថា ការផ្លាស់ប្តូរ​ក្នុង​អំណាច​និតិ​បញ្ញា​តិ្ត​របស់​អាមេរិក​បែបនេះ នឹង​បង្កើត​ការប្រែប្រួល​យ៉ាងខ្លាំង​ទៅលើ​ការសម្រេចចិត្ត​របស់លោក ត្រាំ ជុំវិញ​បញ្ហា​ក្នុងស្រុក ។ ប៉ុន្តែ​លទ្ធផល​នេះដែរ ពុំមាន​ឥទ្ធិពល​ខ្លាំង​នោះឡើយ សម្រាប់​គោលនយោបាយ​ពាណិជ្ជកម្ម​គាំពារ​និយម​របស់​រដ្ឋបាល​លោក ត្រាំ ជាមួយ​ចិន​។

 
​បើទោះបីជា​បក្ស​សាធារណរដ្ឋ​បាត់បង់​សភា​តំណាង​ទៅ​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​ក្តី លទ្ធផល​នេះ​ទំនងជា​មិន​ផ្លាស់ប្តូរ​ជំហរ​របស់​រដ្ឋបាល​លោក ត្រាំ ចំពោះ​គោលនយោបាយ​ពាណិជ្ជកម្ម​ជាមួយ​ក្រុង​ប៉េកាំង​នោះឡើយ​។ យ៉ាងណាមិញ វា​នឹង​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​ការសម្រេចចិត្ត​របស់លោក​ត្រាំ ក្នុង​វិស័យ​សំខាន់ៗ​មួយចំនួន​ដូចជា ការចំណាយ​យោធា និង​ការកាត់បន្ថយ​ពន្ធ​សម្រាប់​វិនិយោគិន​បរទេស​ជាដើម​។​
 
​ត្រង់នេះ​សារព័ត៌មាន CNBC  បាន​ស្រង់​សម្តី​របស់​ក្រុមអ្នកវិភាគ​នៅ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ RBC Capital Markets  ក្នុងប្រទេស​កាណាដា​ថា​៖ «​ការមិន​ប្រែប្រួល​បែបនេះ​គឺ​ដោយសារតែ សភា​អាមេរិក​ពុំមាន​តួនាទី​ផ្ទាល់​ណាមួយ ទៅលើ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​រដ្ឋបាល​លោក​ត្រាំ​នោះទេ​។ ហើយ​ការិយាល័យ​ប្រធានាធិបតី មានអំណាច​ធំធេង​ក្នុង​ការធ្វើសកម្មភាព​នេះ​ដោយ​ឯកតោភាគី ដែល​នេះ​មានន័យថា ប្រធានាធិបតី​នៅតែ​អាច​បន្ត​របៀបវារៈ​ពាណិជ្ជ​កម្ម​របស់លោក​ដដែល​»​។ 
 
​ទន្ទឹមនឹងនេះ លោក Edward Alden សមាជិក​ជាន់ខ្ពស់​នៃ​ក្រុមប្រឹក្សា​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ បាន​ប្រាប់​កាសែត Financial Post ថា បក្ស​ប្រជាធិបតេយ្យ​នឹង​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​របៀបវារៈ​ប្រឆាំង​ចិន​របស់លោក ត្រាំ ប្រសិនបើ​វា​មិនទាន់​បង្ហាញ​ច្បាស់​ថា សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​ឆាបឆេះ​នេះ ចាប់ផ្តើម​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អាមេរិក​ទេនោះ​។​
 
​បន្ថែម​ពីនេះ លោក Shi Yinhong សាស្ត្រាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​សកល​វិទ្យាល័យ Renmin ក្នុង​ទីក្រុង​ប៉េកាំង បាន​គូសបញ្ជាក់ថា រដ្ឋបាល​លោក ត្រាំ នឹងដាក់​គំនាប​បន្ថែម​កាន់តែខ្លាំង ទៅលើ​រដ្ឋាភិបាល​ចិន ទាំង​ផ្នែក​ពាណិជ្ជកម្ម​, សន្តិសុខ និង​ការទូត​។ បើតាម​សារព័ត៌មាន Korea Times លោក Yinhong ក៏បាន​កត់សម្គាល់​ផងដែរ​ថា លោក​ពុំទាន់​មើលឃើញ​ការផ្លាស់ប្តូរ​សំខាន់​ណាមួយ ដែល​អាច​នឹង​កើតឡើង ក្នុង​គោលនយោបាយ​ចិន​របស់​ក្រុង​វ៉ាស៊ីនតោន​នោះឡើយ​។​
 
​យ៉ាងណាមិញ លោក ត្រាំ កាលពី​ថ្ងៃទី ០៧ ខែវិច្ឆិកា បាន​អះអាងថា ពាណិជ្ជកម្ម​ជា​ផ្នែក​មួយ​ដែល​លោក​សង្ឃឹមថា បក្ស​សាធារណរដ្ឋ​អាចធ្វើ​ការ​ជាមួយ​បក្ស​ប្រជាធិបតេយ្យ​បាន​។ ត្រង់នេះ  លោក​ត្រាំ បានបញ្ជាក់​បែបនេះ​៖ «​យើង​នឹងមិន​បណ្តោយ​ឲ្យ​ក្រុមហ៊ុន​របស់​យើង បាត់បង់​ទៅ​ឲ្យ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​នោះទេ​។ នេះ​ជា​ពេល​ល្អ​បំផុត​សម្រាប់​សមាជិក​នៃ​បក្ស​ទាំងពីរ​រួមដៃគ្នា ដោយ​ទុក​ការខ្វែងគំនិត​គ្នា​មួយ​ឡែក និង​ប្រឹងប្រែង​ជំរុញ​សេដ្ឋកិច្ច​ដ៏​អស្ចារ្យ​របស់​អាមេរិក​កាន់តែខ្លាំង​ឡើងៗ​»៕ 
 

Tag:
 ​លទ្ធផល​បោះឆ្នោត​អាមេរិក​
  សង្គ្រាម​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 71012 [1] => 10 [2] => លទ្ធផល​បោះឆ្នោត​អាមេរិក មាន​ឥទ្ធិពល​ឬទេ​ទៅលើ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-​ចិន​? [3] => content [4] => [5] => ​លទ្ធផល​បោះឆ្នោត​អាមេរិក​, សង្គ្រាម​ពាណិជ្ជកម្ម​ [6] => 135 [7] => 0 [8] => )