អន្តរជាតិ
ក្រុម​តា​លី​បង់ សហរដ្ឋអាមេរិក​នឹងចូលរួម​សន្និសីទ​លើកដំបូង​រៀបចំ​ដោយ​រុស្ស៊ី​
09, Nov 2018 , 7:59 pm        
រូបភាព
 អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​ Maria Zakharova ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​ម៉ូស្គូ។ រូបភាព៖ AFP
អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​ Maria Zakharova ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​ម៉ូស្គូ។ រូបភាព៖ AFP
ដោយ: VOA
សហរដ្ឋអាមេរិក​និង​ក្រុម​តា​លី​បង់​នឹងចូលរួម​សន្និសីទ​ពហុភាគី​ជា​លើកទីមួយ​ដែល​រៀបចំឡើង​ដោយ​ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​សុក្រ​នេះ​ក្នុង​ទីក្រុង​ម៉ូស្គូ ដើម្បី​ពិភាក្សា​ស្វែងរក​សន្តិភាព និង​ការផ្សះផ្សារ​ជាតិ​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី Maria Zakharova បាន​និយាយ​នៅមុន​កិច្ចពិភាក្សា​នេះ​ថា​ប្រតិភូ​មកពី​១២​ប្រទេស រួមទាំង​សហរដ្ឋអាមេរិក​ផងដែរ​នឹងចូលរួម​ក្នុង​កិច្ចពិភាក្សា​ក្រុង​ម៉ូស្គូ​ដែល​រៀបចំ​ជា​លើក​ទី​ពីរ​នេះ​។​
 
​លោកស្រី​បានបញ្ជាក់​អំពី​សន្និសីទ​នេះ​ថា​មាន​គោលបំណង​ជួយ​សម្របសម្រួល​បង្កើត «​បរិយាកាស​អំណោយផល​មួយ​សម្រាប់​កិច្ចសន្ទនារ​ទ្វេភាគី និង​ពហុភាគី​»​ដើម្បី​ជំរុញ​ឲ្យ​មាន​កិច្ចចរចា​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ឲ្យ​បាន​ឆាប់​បំផុត​។​
 
​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បដិសេធ​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើកទីមួយ​ដែល​ក្រុង​ម៉ូស្គូ​បានរៀបចំ​ឡើង​កាលពី​ឆ្នាំមុន ខណៈ​ក្រុម​តា​លី​បង់​ក៏​មិនបាន​ចូលរួម​កិច្ចប្រជុំ​នេះដែរ​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​កាលពី​ថ្ងៃ​ពុធ​បានបញ្ជាក់​ថា​តប​ទៅនឹង​សំណើ​របស់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ម៉ូស្គូ​នឹង​បញ្ជូន​អ្នកតំណាង​ទៅ​ចូលរួម​អង្កេត​កិច្ចពិភាក្សា​ទាំងនេះ​»​។ ប្រទេស​ចិន ប៉ា​គី​ស្ថាន អ៊ីរ៉ង់ ឥណ្ឌា អ៊ូ​ស​បេ​គី​ស្ថាន កៀ​ហ្ស៊ី​ស៊ី​ស្ថាន តា​ហ្ស៊ី​គី​ស្ថាន អា​ហ្វ​ហ្គា​នី​ស្ថាន កា​ហ្សា​ក់​ស្ថាន និង​តួ​ក​ម៉េ​នី​ស្ថាន នឹងចូលរួម​កិច្ចពិភាក្សា​នេះ​។​
 
​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បដិសេធ​មិន​បញ្ជូន​មន្ត្រី​របស់ខ្លួន​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ ប៉ុន្តែ​បានអនុញ្ញាត​ឲ្យ​ប្រតិភូ​នៃ​ក្រុមប្រឹក្សា​សន្តិភាព​ជាន់ខ្ពស់​របស់​ប្រទេស​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com