អន្តរជាតិ
នៅ UN អាមេរិកផ្អឹបទុកសំណើលើកលែងទណ្ឌកម្មលើជំនួយមនុស្សធម៌ឲ្យកូរ៉េខាងជើង ការដឹកជញ្ជូនជំនួយទៅកាន់កូរ៉េខាងជើងកន្លងមក (រូបភាព AFP)
× សហរដ្ឋអាមេរិក បានកាក់ទុកសំណើជាច្រើនរបស់ប្រទេសនានា និងអង្គការមនុស្សធម៌មួយចំនួន ដែលចង់ផ្ដល់ជំនួយមនុស្សធម៌ទៅកាន់កូរ៉េខាងជើង។ ជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាមេរិកបានពន្យារពេលយល់ព្រមលើសំណើលើកលែងទណ្ឌកម្ម និងសុំពេលពិចារណាគម្រោងផ្ដល់ជំនួយទាំងនោះ ដើម្បីធានាថា កូរ៉េខាងជើងមិនយកជំនួយមនុស្សធម៌ទៅប្រើក្នុងកម្មវិធីនុយក្លេអ៊ែរឡើយ។
គម្រោងផ្ដល់ជំនួយមនុស្សធម៌ទៅកាន់កូរ៉េខាងជើងជាច្រើន ត្រូវបានផ្អឹបទុកនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នេះក៏ព្រោះតែអាមេរិកដែលមានអំណាចវ៉េតូក្នុងដៃ បានសុំពេលដើម្បីពិនិត្យគម្រោងនេះឲ្យបានម៉ត់ចត់សិន។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី៨ ខែវិច្ឆិកា។ រុស្ស៊ីដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខដែរនោះ បានស្នើឲ្យឲ្យមានការជជែកពីករណីពន្យារពេលនេះក្នុងកិច្ចប្រជុំបិទទ្វារនៅទីស្នាក់ការអង្គការសហប្រជាជាតិ។
ដូចដឹងស្រាប់ កូរ៉េខាងជើងកំពុងចោមរោមដោយទណ្ឌកម្មរាប់សិបជាន់ ព្រោះតែការសាកល្បងនុយក្លេអ៊ែរ និងបាញ់មីស៊ីលកន្លងមក។ យ៉ាងណាមិញ អង្គការសហប្រជាជាតិបានទុកផ្លូវឲ្យកូរ៉េខាងជើងដែរ ដោយទណ្ឌកម្មទាំងនោះ មិនគួរប៉ះពាល់ដល់បញ្ហាមនុស្សធម៌ឡើយ តែការផ្ដល់ជំនួយណាមួយក៏ត្រូវការការលើកលែងពិសេសពីក្រុមប្រឹក្សាសន្តិសុខដែរ។ គម្រោងដែលត្រូវផ្ដល់ឲ្យកូរ៉េខាងជើងមានដូចជា ការផ្គត់ផ្គង់គ្រឿងយន្តកសិកម្ម ការស្ដារប្រព័ន្ធសុខាភិបាល និងសម្ភារមនុស្សធម៌មួយចំនួនទៀត។
ជុំវិញការពន្យារពេលនេះ អគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ Nikki Haley និយាយថា អាមេរិកនឹងប្រើពេលត្រួតពិនិត្យសំណើសុំលើកលែងទាំងនោះដើម្បីកុំឲ្យជំនួយមនុស្សធម៌ផ្ដល់ផលចំណេញដល់របបដឹកនាំក្រុងព្យុងយ៉ាង តែមិនបានដល់អ្នកដែលត្រូវការពិតប្រាកដ។ លោកស្រី Haley ក៏ឆ្លៀតរិះគន់រុស្ស៊ីដែលចង់ជជែកពីការពន្យារពេលនេះ ថា ចង់បង្ហាញទង្វើល្អឲ្យកូរ៉េខាងជើងដើម្បីកេងផលប្រយោជន៍។
យោងតាមទិន្នន័យការិយាល័យអង្គការសហប្រជាជាតិសម្រាប់កិច្ចការមនុស្សធម៌ ប្រជាជនកូរ៉េខាងជើងប្រមាណ១០លាននាក់ ដែលស្មើនឹង៤១នៃប្រជាជនទាំងអស់ កំពុងរស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺន។ ជំនួយជាច្រើនត្រូវបានស្នើសម្រាប់កូរ៉េខាងជើង។ កាលពីខែសីហា អៀរឡង់សុំការអនុញ្ញាតដើម្បីអនុវត្តគម្រោងធំ៤ ខណៈអ៊ីតាលីចង់បញ្ជូនត្រាក់ទ័រមួយចំនួនដើម្បីលើកកម្ពស់សុវត្ថិភាពស្បៀង ឯក្នុងខែមិថុនា កាកបាទក្រហមអន្តរជាតិក៏ស្នើគម្រោងទឹកស្អាតដែរ។
គម្រោងទាំងអម្បាលម៉ានខាងលើ សុទ្ធតែត្រូវបានសុំពេលគិតទាំងអស់។ តាមពិតទៅ អាមេរិកបានជំទាស់សំណើរបស់ចិន និងរុស្ស៊ី ដែលចង់ផ្អាកទណ្ឌកម្មលើកូរ៉េខាងជើង។ លោកស្រី Haley អះអាងថា កូរ៉េខាងជើងទទួលបានការលើកទឹកចិត្តច្រើនរួចមកហើយ ប៉ុន្តែប្រទេសនេះនៅមិនទាន់ធ្វើសកម្មភាពដែលអនុញ្ញាតឲ្យមានការលើកលែងទណ្ឌកម្មឡើយ៕
Tag:
UN
អាមេរិក
កូរ៉េខាងជើង
ទណ្ឌកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com