អន្តរជាតិ
អ្វី​ទៅជា «​គុណ​តម្លៃ​អាស៊ី​» ?
16, Apr 2019 , 4:59 pm        
រូបភាព
ដោយ:
«​គុណ​តម្លៃ​អាស៊ី​» ជា​គោល​គំនិត ឬ​បញ្ញត្តិ ដែល​ត្រូវបាន​មេដឹកនាំ​អាស៊ី​ដែលមាន​ឥទ្ធិពល​មួយចំនួន លើកឡើង ចាប់តាំងពី​ទស​ស​ត្ស​រ៍​ឆ្នាំ​៩០​មកម្ល៉េះ​។ មេដឹកនាំ​ទាំងនោះ បាន​ប្រើប្រាស់​គុណ​តម្លៃ​អាស៊ី​នេះ ជា​ឧបករណ៍​នយោបាយ​សម្រាប់​ប្រជែង​នឹង «​គុណ​តម្លៃ​លោកខាងលិច​» ដែល​គាំទ្រ​សិទ្ធិមនុស្ស  និង​ប្រជាធិបតេយ្យ​ជាដើម​។

 
​និយមន័យ​នៃ «​គុណ​តម្លៃ​អាស៊ី​» ត្រូវបាន​បង្កើតឡើង​ចេញពី​ភាពដូចគ្នា​នៃ​ប្រវត្តិសាស្ត្រ វប្បធម៌ និង​សង្គម​នៅក្នុង​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​អាស៊ី​បូព៌ា​។ គោល​គំនិត​នេះ គឺមាន​បំណង​ប្រើប្រាស់​ភាពដូចគ្នា​របស់​ប្រទេស​ទាំងនេះ ដើម្បី​បង្រួម​បង្រួប​ប្រជាជន​សម្រាប់​ផលប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម ព្រមទាំង​បង្កើត​អត្តសញ្ញាណ​អាស៊ី​មួយ​ផងដែរ​។ ហើយ​នេះ​គឺ​ផ្ទុយស្រឡះ​ពី​គោល​គំនិត​របស់លោក​ខាងលិច ដែល​ត្រូវ​បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ជាស​កល​នៃ​សិទ្ធិមនុស្ស​។​
 
​គិត​ចាប់ពី «​សេចក្តីប្រកាស​ជាស​កល​នៃ​សិទ្ធិមនុស្ស (UDHR)»  ត្រូវបាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​១៩៤៨​មក វា​មានការ​ខ្វែងគំនិត​គ្នា​ជាច្រើន​ជុំវិញ​គោលការណ៍​សិទ្ធិមនុស្ស​ជាស​កល​នេះ​។ ជាក់ស្តែង អំឡុង​ទសវត្សរ៍​ឆ្នាំ​៩០ មេដឹកនាំ​អាស៊ី​ដ៏​មាន​ឥទ្ធិពល​មួយចំនួន រួមមាន​ជាអាទិ៍ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ និង​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី ក្វាន់​យូ បាន​លើកឡើងថា គោលការណ៍​សិទ្ធិមនុស្ស គឺ​ទាក់ទង​នឹង​វប្បធម៌​នៃ​សង្គម​របស់លោក​ខាងលិច ប៉ុន្តែ​វា​មិនមែនជា​របស់​អាស៊ី​ឡើយ​។ 
 
​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​ទាំងនេះ បាន​បកស្រាយ​ទៀតថា ប្រជាជន​អាស៊ី​មាន​ទំនោរ​ខ្ពស់​លើ​ការផ្តល់​តម្លៃលើស​ហ​គម​ន៍ រីឯ​ប្រជាជន​លោកខាងលិច ផ្តល់​តម្លៃ​ខ្លាំង​លើ​រូបវន្តបុគ្គល​។  នេះ​មានន័យថា ប្រជាជន​អាស៊ី​ពេញចិត្ត​ចង់បាន «​ភាព​សុខដុម និង​សណ្តាប់ធ្នាប់​សង្គម​» ផ្ទុយ​ពី​ប្រជាជន​លោកខាងលិច​ពេញចិត្ត​ចង់បាន «​សេរីភាព​ផ្ទាល់ខ្លួន​» ។ ម្យ៉ាងវិញទៀត «​គុណ​តម្លៃ​អាស៊ី​» ក៏​រាប់បញ្ចូល ការ​សន្សំសំចៃ​, កិច្ចប្រឹងប្រែង​ធ្វើការ​ងារ និង​គោរព​ស្មោះត្រង់​ចំពោះ​គ្រួសារ និង​មេដឹកនាំ​ផងដែរ​។  
 
​បន្ថែម​ពីនេះ មេដឹកនាំ​ទាំងនោះ​ក៏បាន​អះអាង​ទៀតថា «​គុណ​តម្លៃ​អាស៊ី​» ជា​កត្តា​ដ៏​សំខាន់​មួយ ដែល​ជួយ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់ មាន​កំណើន​រហ័ស​គួរ​ឲ្យ​កត់សម្គាល់​បែបនេះ​។ ត្រង់នេះ ពួកគេ​បាន​ពន្យល់ថា ការអភិវឌ្ឍ​សេដ្ឋកិច្ច​ចាំបាច់​បំផុត​ត្រូវតែ​ផ្តល់​អាទិភាព​ចម្បង​លើ​បញ្ហា​សង្គម  ជាអាទិ៍​ការរំដោះ​ភាពក្រីក្រ​ជាដើម​។ ដោយឡែក សិទ្ធិ​នយោបាយ និង​ប្រជាជន គួរតែមាន​កម្រិត​ទាប​ជាង​សិទ្ធិ​សង្គម និង​សេដ្ឋកិច្ច​។ 
 
​តាមពិតទៅ «​គុណ​តម្លៃ​អាស៊ី​» ដែលមាន​ទំនោរ​គាំពារ​អធិបតេយ្យភាព​របស់រ​ដ្ឋ ត្រូវបាន​លើកកម្ពស់​ក្នុង​សេចក្តីប្រកាស​ទីក្រុង​បាងកក​ឆ្នាំ​១៩៩៣ ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​។ រដ្ឋាភិបាល​នៃ​បណ្តា​ប្រជាជាតិ​អាស៊ី​ជាច្រើន បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​នេះ​។ យ៉ាងណាមិញ សេចក្តីប្រកាស​ដែល​បាន​សង្កត់ធ្ងន់​លើ គោលការណ៍​អធិបតេយ្យភាព​, ឯករាជ្យភាព និង គោលការណ៍​មិន​ជ្រៀត​ជ្រៀក​កិច្ចការ​ផ្ទៃក្នុង​ជាពិសេស​លើ​បញ្ហា​សិទ្ធិ​នយោបាយ និង​សិទ្ធិ​ស៊ីវិល នេះ​ត្រូវបាន​រិះគន់​ខ្លាំងៗ​ពី​បណ្តា​អង្គការសិទ្ធិមនុស្ស​ផងដែរ​៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com