ជាតិ
ក្រសួងគ្រោងថវិកា ១៥លានដុល្លារ សម្រាប់ជួសជុលកំណាត់ផ្លូវនានាក្នុងក្រុងសៀមរាប រូបពីរដ្ឋបាលខេត្តសៀមរាប
× សៀមរាប៖ កំណាត់ផ្លូវក្នុងក្រុងសៀមរាបដែលរងការខូតខាតខ្លាំង នឹងត្រូវចាប់ផ្តើមជួសជុលឡើងវិញទាំងស្រុងក្នុងរយៈពេលឆាប់ៗខាងមុខនេះ។ តាមគម្រោង ការជួសជុលនេះគ្រោងនឹងចំណាយថវិកាប្រមាណ ១៥លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូន។
តាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបង្ហាញដល់រដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល កំណាត់ផ្លូវក្នុងក្រុងចំនួន១១ខ្សែ សរុបជាង១២ គីឡូម៉ែត្រ និងផ្លូវខ្នែងបែកចេញពីផ្លូវជាតិលេខ ៦ ចំនួន ៥២ទៀត បានរងការខូចខាតខ្លាំង និងចាំបាច់ត្រូវបានការជួសជុល និងស្ដារឡើងវិញ។ តាមមន្ទីរសាធារណការ កន្លងមកផ្លូវទាំងនោះ ទទួលរងនូវការរិះគន់ជាខ្លាំងពីប្រជាពលរដ្ឋមូលដ្ឋាន និងអ្នកឆ្លងកាត់។
នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងសាធារណការ សាលាខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធមួយចំនួន នៅថ្ងៃទី៦ វិច្ឆិកា តាមការប៉ាន់ស្មានចំពោះគម្រោងជួសជុល និងអ៊ុតកៅស៊ូផ្លូវខាងលើ គឺកំណាត់ផ្លូវ១១ខ្សែ មានប្រវែងជាង ១២គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥លានដុល្លារ ឯផ្លូវខ្នែងទាំង៥២ទៀត សរុបជាង ១៦គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកា ប្រមាណ ១០លានដុល្លារអាមេរិក។
ថ្លែងក្នុងកិច្ចប្រជុំទាក់ទងនឹងការជួសជុលផ្លូវក្នុងក្រុងសៀមរាបនេះ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានឯកភាពចំពោះគម្រោងជួសជុលផ្លូវខាងលើ ហើយបញ្ជាក់ថា នឹងលើកសំណើរនេះបញ្ជូនទៅកាន់នាយករដ្ឋមន្ត្រីដើម្បីសម្រេច និងអនុវត្តន៍។ ទោះមិនទាន់បញ្ជាក់ពីពេលវេលាក្នុងការជួសជុលនៅឡើយ តែលោករដ្ឋមន្ដ្រីបានបង្ហាញការតាំងចិត្តខ្ពស់ចំពោះការងារនេះ ព្រោះខេត្តសៀមរាបជាគោលដៅសក្កានុពលផ្នែកទេសចរណ៍ខ្ពស់នៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com