ទេព ពិសិដ្ឋ ពីខេត្តសៀមរាប ក្លាយជា​ម្ចាស់​ពាន The Voice Kids Cambodia រដូវ​កាល​ទី​២
ជាតិ
ទេព ពិសិដ្ឋ ពីខេត្តសៀមរាប ក្លាយជា​ម្ចាស់​ពាន The Voice Kids Cambodia រដូវ​កាល​ទី​២
10, Nov 2018 , 10:49 pm        
រូបភាព
ដោយ: ថ្មីៗ
ទេព ពិសិដ្ឋ ក្លាយជា​ម្ចាស់​ពាន​កម្មវិធី The Voice Kids Cambodia រដូវ​កាល​ទី​២ បន្ទាប់ពី​គេ​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាង​បេក្ខជន​៥​រូប​ទៀត ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដែល​រៀបចំ​ដោយ​ទូរទស្សន៍​ហង្ស​មាស​នៅ​ផ្សារ​អ៊ី​អន​ខណ្ឌ​សែន​សុខ នា​រាត្រី​ថ្ងៃ​សៅរ៍ ទី​១០ ខែវិច្ឆិកា​។​



​កម្មវិធី​ប្រកួតប្រជែង​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​។ ពិសិដ្ឋ ទទួលបាន​ប្រាក់រង្វាន់​១០០​លាន​រៀល ហើយ​បាន​ក្លាយជា​ម្ចាស់​ពាន The Kids Cambodia បន្ទាប់ពី ពេជ្រ ថៃ​។​

​នៅ​វគ្គ​ទីមួយ កូនក្រុម​របស់​កញ្ញា សួស វិ​ហ្សា ឡើង​បកស្រាយ​មុនគេ ដោយ ផន សៀង​លិ អាយុ​៨​ឆ្នាំ​ពី​ខេត្តកំពង់ស្ពឺ ច្រៀង​បទ «​សង្សារ​អើយ​ឲ្យ​បង​សុំទោស​» បន្ទាប់មក វណ្ណ ណា​ណា អាយុ​១៤​ឆ្នាំ​ពី​ខេត្តកណ្តាល ច្រៀង​បទ «​បៀម​ព្រះ​មក​ស្បថ​ក៏​មិន​ជឿ​ង​»​។​

​សម្រាប់​កូនក្រុម​របស់លោក ព្រាប សុវត្ថិ វិញ យន់ តុលា អាយុ​១៤​ឆ្នាំ​ពី​ខេត្តក្រចេះ បកស្រាយ​បទ «​ដកដង្ហើម​ហូរ​ទឹកភ្នែក​» មុនពេល​ដែល យ៉ាង ចាន់​រតនា អាយុ​១៣​ឆ្នាំ​នៅ​រាជធានី​ភ្នំពេញ ច្រៀង​បទ «​គេ​ល្អ​ប៉ុណ្ណា​ទើប​បង​ភ្លេច​អូន​»​។​

​ចុងក្រោយ​គឺ​កូនក្រុម​របស់​កញ្ញា ឱក សុគន្ធ​កញ្ញា ដោយ ទេព ពិសិដ្ឋ អាយុ​១៤​ឆ្នាំ​ពី​ខេត្តសៀមរាប ច្រៀង​បទ «​ឈឺចិត្ត​ពេក​ទើប​យំ​» រីឯ រ៉េត រ៉ែ​ន អាយុ​១៤​ឆ្នាំ​ពី​ខេត្ត​ត្បូងឃ្មុំ បកស្រាយ​បទ «​ជើងមេឃ​ពណ៌​ខ្មៅ​»​។​

​នៅ​វគ្គ​ទី​ពីរ គ្រូបង្វឹក​នីមួយៗ ត្រូវបាន​តម្រូវ​ឲ្យ​ច្រៀង​ជាមួយ​កូនក្រុម ដោយ​កញ្ញា សួស វិ​ហ្សា បកស្រាយ​បទ «​កំដរ​ខ្ញុំ​បន្តិច​បានទេ​?» ជាមួយ សៀង​លិ និង​ណា​ណា បន្ទាប់មក លោក ព្រាប សុវត្ថិ លើកយក​បទ «​ថ្ងៃបាក់រសៀល​» ទៅ​សារ​សង​ជាមួយ តុលា និង​រតនា និង​ចុងក្រោយ កញ្ញា ឱក សុគន្ធ​កញ្ញា ច្រៀង​បទ «​កាត់ចិត្ត​បែបណា​?» ជាមួយ ពិសិដ្ឋ និង​រ៉ែ​ន​៕




Tag:
 The Voice Kids Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com