​វៀតណាម​ជា​រដ្ឋ​អាស៊ាន​ទី​បី​ដែល​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត F1
កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
​វៀតណាម​ជា​រដ្ឋ​អាស៊ាន​ទី​បី​ដែល​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត F1
12, Nov 2018 , 8:39 pm        
រូបភាព
ក្រុងហាណូយ ប្រទេស​វៀតណាម នឹង​ក្លាយជាទីលាន Formula One នៅឆ្នាំ២០២០។ រូបថត AFP
ក្រុងហាណូយ ប្រទេស​វៀតណាម នឹង​ក្លាយជាទីលាន Formula One នៅឆ្នាំ២០២០។ រូបថត AFP
 Hanoi Grand Prix ឬ Vietnamese Grand Prix នឹង​ស្ថិត​ក្នុងចំណោម​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ពិភពលោក​Formula One ដែល​គ្រោង​រៀបចំឡើង​ចាប់ពី​ខែមេសា ឆ្នាំ​២០២០​។ នេះ បើតាម​ការបញ្ជា​ក់រប​ស់លោក Chase Carey ប្រធាន​ក្រុមហ៊ុន F1 និង​ត្រូវបាន​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

 
​បន្ទាប់ពី​ម៉ាឡេស៊ី និង​សិង្ហ​បុរី ក្រុង​ហាណូយ ប្រទេស​វៀតណាម នឹង​ក្លាយជា​ទីលាន​ទី​បី​ប្រចាំ​តំបន់​អាស៊ី​-​អាគេ្នយ៍ ដែល​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក F1 ឬ​ការប្រណាំង​កាំជ្រួច​លើ​វាលរាប​។​
 
​ម៉ាឡេស៊ី រៀបចំ​ព្រឹត្តិការណ៍ Malaysia Grand Prix លើកដំបូង ចាប់តាំងពី​ឆ្នាំ​១៩៦២​មក ដោយ​កីឡាករ​ហុងកុង John MacDonald និង​កីឡាករ​អាល្លឺម៉ង់ Sebastian Vettel ឈ្នះ​ជើងឯក​ច្រើនជាងគេ ដែលមាន​៤​លើក​រៀងៗ​ខ្លួន ខណៈ ក្រុមហ៊ុន​យានយន្ត​អ៊ីតាលី Ferrari ឈ្នះ​ជើងឯក​រហូតដល់​ទៅ​៧​លើក​។​
 
​រីឯ​សម្រាប់​ព្រឹត្តិការណ៍ Singapore Grand Prix ដែល​ចាប់កំណើត​តាំងពី​ឆ្នាំ​១៩៦៦​មក​នោះ Sebastian Vettel នៅតែមាន​កំណត់ត្រា​ឈ្នះ​ដល់​ទៅ​៤​លើក ស្មើ​កីឡាករ​អង់គ្លេស Lewis Hamilton ខណៈ​ក្រុម Mercedes របស់​អាល្លឺម៉ង់ ឈ្នះ​ជើងឯក​៤​លើក​ផងដែរ​។​
 
​ទាក់ទង​នឹង​ការរៀបចំ​ព្រឹត្តិការណ៍​នៅ​ហាណូយ ចាប់ពី​ខែមេសា ឆ្នាំ​២០២០ លោក Carey បាន​បញ្ជាក់ថា​៖ «​យើង​មាន​មោទនភាព​ខ្លាំងណាស់​ដែល​បានប្រកាស​ការប្រណាំង​នេះ​នៅ​ឆ្នាំ ២០២០​ខាងមុខ​» ។ 
 
​ការសម្រេចចិត្ត​ដើម្បី​រៀបចំ​ការប្រណាំង​នៅ​ហាណូយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Formula One ដើម្បី​ផ្លាស់ប្តូរ​ទៅកាន់​ទីផ្សារ​ថ្មី ដែល​ខ្លួន​សង្ឃឹមថានឹង​ទទួលបាន​អ្នកគាំទ្រ​ជំនាន់​ក្រោយ​ថ្មីៗ​ច្រើន​ទៀត និង​បង្កើន​ប្រាក់ចំណូល​ផងដែរ​។​
 
​ប្រធាន F1 សញ្ជាតិ​អាមេរិក​រូបនេះ លើកសរសើរ​ពី​វៀតណាម​យ៉ាងខ្លាំង និង​មាន​គម្រោង​រយៈពេល​យូរអង្វែង​ជាមួយនឹង​ប្រទេស​នេះ​ថែមទៀត​។ «​ការប្រណាំង​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​របស់​យើង​ក្នុង​ការបង្កើន​វិស័យ​កីឡា​នេះ​នៅ​អាស៊ី ហើយ​ជាក់ស្ដែង​វៀតណាម​គឺជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​សម្រាប់​កំណើន​នៅ​អាស៊ី​នេះ​»​។​
 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ប្រជាជន​ក្រុង​ហាណូយ ថា​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា​នោះ​មាន​រយៈពេលរ​ហូល​ដល់​១០​ឆ្នាំ ហើយ​ផ្លូវ​ប្រវែង ៥,៦ គីឡូម៉ែត្រ ដោយ​រួមបញ្ចូល​ទាំង​ផ្លូវថ្នល់​ដែលមាន​ស្រាប់ និង​ត្រូវ​សាងសង់​ធ្វើជា​ទីលានប្រណាំង​នោះ​៕

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com