កីឡាអន្តរជាតិ
អន្តរជាតិ
FA ចោទ Sturridge ពីបទ​ភ្នាល់​បាល់ ដែល​ខុស​វិជ្ជាជីវៈ​កីឡាករ​បាល់ទាត់​
13, Nov 2018 , 10:24 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស FA បាន​ចោទប្រកាន់ Daniel Sturridge ខ្សែប្រយុទ្ធ​ក្រុម Liverpool ពីបទ​ភ្នាល់​បាល់​ដែល​ខុស​នឹង​ច្បាប់​វិជ្ជាជីវៈ​កីឡាករ​បាល់ទាត់​អាជីព​។​


 
FA ចោទ Sturridge ថា​បាន​រំលោភច្បាប់​មួយ​ទាក់ទង​នឹង​ការ​ភ្នាល់​បាល់ និង​បាន​ទម្លាយ​ព័ត៌មាន​ទាក់ទង​នឹង​កីឡាបាល់ទាត់​ជុំវិញ​តំណែង​របស់គេ​ដែល​ត្រូវបាន​ហាម​មិន​ឲ្យ​ផ្សាយ​ជា​សាធារណៈ​។​
 
​យ៉ាងណា អ្នកនាំពាក្យ​របស់​ក្លិប​រហស្សនាម​ហង្ស​ក្រហម​ម្នាក់ និយាយថា​ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស វ័យ​២៩​ឆ្នាំ​រូបនេះ បាន​សហការ​យ៉ាង​ពេញលេញ​ក្នុង​ដំណើរការ​នេះ​និង​ថែមទាំង​អះអាងថា​រូបគេ​មិនដែល​លេងល្បែង​ស៊ីសង​ឡើយ​។​
 
​ជុំវិញ​ករណី​នេះដែរ ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​អង់គ្លេស​បានផ្តល់​ពេល​ឲ្យ Sturridge ប្តឹងតវ៉ា​រហូតដល់​ថ្ងៃទី ២០ ខែវិច្ឆិកា​ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​ខាងលើ​។​
«​ជាមួយនឹង​បញ្ហា​បែបនេះ​យើង​នឹង​អនុញ្ញាត​ឲ្យ​ដំណើរការ​នេះ​ត្រូវ​បញ្ចប់​ទាំងស្រុង​មុន​ពេលធ្វើ​អត្ថាធិប្បាយ​បន្ថែម​»​។ អ្នកនាំពាក្យ​ដដែល​បន្ថែម​បែបនេះ​។​
 
Sturridge ដែល​ផ្ទេ​ចេញពី Chelsea ទៅ​ចូលរួម​ជាមួយ Liverpool នៅ​ឆ្នាំ ២០១៣ បាន​ចំណាយពេល​ពាក់កណ្តាលរ​ដូ​វ​កាល​ឆ្នាំមុន​ដើម្បី​លេង​ឲ្យ West Brom ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។​
​រូបគេ​ក៏​ធ្លាប់​ជាប់​ជម្រើសជាតិ​អង់គ្លេស​២៦ ប្រកួត​ស​ផងដែរ ដោយ​ការ​បង្ហាញខ្លួន​លើកចុងក្រោយ​ពេល​ជួប​ជាមួយនឹង លី​ទុយ​អា​នី កាលពី​ខែតុលា ឆ្នាំ​២០១៧​។​
 
​ក្រោម​ការដឹកនាំ​របស់​លោក Jurken Klopp អតីត​សមាជិក​ក្រុម Man City រូបនេះ មិនសូវ​ជាប់​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ឡើយ ដោយ​ស្ថិតនៅ​កៅ​ប​ង្រុ​ង​ស្ទើរ​គ្រប់​ការប្រកួត​៕

Tag:
 បាល់ទាត់​
  Daniel Sturridge
  FA
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com