អន្តរជាតិ
ផ្សិត Truffe ពណ៌​ស​ទម្ងន់​៨៥០​ក្រាម​លក់បាន​តម្លៃ​ជាង​៩៥ ០០០​ដុល្លារ​អាមេរិក​
13, Nov 2018 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ផ្សិត Truffe ពណ៌​ស​មួយ​ដែលមាន​ទម្ងន់​៨៥០​ក្រាម បាន​លក់ដាច់​ក្នុងតម្លៃ​៨៥ ០០០​អឺរ៉ូ (​ជាង​៩៥ ០០០​ដុល្លារ​អាមេរិក​) ក្នុងការ​ដេញថ្លៃ​មួយ​ដែល​រៀបចំ​នៅ​ក្រុង Alba ប្រទេស​អ៊ីតាលី កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។ បើតាម​ផ្សាយ​របស់ AFP អ្នក​ដែល​ដេញថ្លៃ​បាន​នោះ មាន​មូលដ្ឋាន​នៅ​ហុងកុង ប៉ុន្តែ​មិនត្រូវ​បាន​បង្ហើប​អត្តសញ្ញាណ​នោះឡើយ​។​

 
​ផ្សិត Truffe ជា​អាហារ​ដែលមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ និង​មានតម្លៃ​ថ្លៃ​កប់​ពពក ជាពិសេស Truffe ពណ៌​ស​។ ផ្សិត​នេះ ត្រូវបាន​គេ​រកឃើញ​ភាគច្រើន​នៅតាម​តំបន់ភ្នំ Langhe និង Monterrat ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី ហើយ​ក្រុង Alba និង Asti ជាទី​តាំង​លក់ និង​ចែកចាយ​ដ៏​ធំ​។​
 
​នេះ​ជា​លើក​ទី​១៩​ហើយ ដែល​ទីក្រុង Alba ដាក់​ឲ្យ​មានការ​ដេញថ្លៃ​ផ្សិត Truffe ទូទាំង​ពិភពលោក​។ ផ្សិត Truffe ពណ៌​ស ដែល​ល្បីល្បាញ និង​ឈ្ងុយឆ្ងាញ់​បំផុត​នោះ គឺជា​ផ្តិត​ដែល​គេ​ប្រមូល​ផល​ចន្លោះ​ពីថ្ងៃ​ទី​២១ ខែកញ្ញា ដល់​ថ្ងៃទី​៣១ ខែមករា​។​
 
 
 
​ការ​លក់ដាច់​ក្នុងតម្លៃ​ជាង​៩៥ ០០០​ដុល្លារ​អាមេរិក​សម្រាប់​ផ្សិត White Truffe ទម្ងន់​៨៥០​គីឡូក្រាម បាន​ក្លាយជា​កំណត់ត្រា​ថ្មី​មួយ ដែល​មានន័យថា ផ្សិត​១​ក្រាម​មានតម្លៃ​រហូតដល់​ទៅ​ជាង​១១២​ដុល្លារ​អាមេរិក​ឯណោះ​។​
 
​លោក Antonio Degiacomi ប្រធាន​មជ្ឈមណ្ឌល​ជាតិ​សិក្សា​ពី​ដំណាំ​ផ្សិត Truffe ទិន្នផល​កាលពី​រដូវ​កាល​មុ មិនសូវ​គាប់ប្រសើរ​នោះឡើយ​ដោយសារតែ​គ្រោះរាំងស្ងួត ពោល​ក្នុង​១០០​ក្រាម លក់បាន​តម្លៃ​ប្រមាណ​តែ​៦០០ ទៅ​៧០០​អឺរ៉ូ ប៉ុណ្ណោះ​។​
 
​លោក Degiacomi មានជំនឿថា ដំណាំ​ដែលមាន​តម្លៃ​កប់​ពពក​នេះ មាន​ទិន្នផល​កាន់តែ​ល្អប្រសើរ​ដោយសារតែ​អាកាសធាតុ​អំណោយផល ជាពិសេស​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់ ដែល​អាច​ឲ្យ​វា​លូតលាស់​ទៅតាម​ធម្មជាតិ​៕


 

Tag:
 ផ្សិត Truffe
  អ៊ីតាលី
© រក្សាសិទ្ធិដោយ thmeythmey.com