ONE Championship
កីឡាជាតិ
ជាតិ
ហេតុផល​៣​យ៉ាង​ដែល​អ្នកគាំទ្រ​កម្ពុជា​គួរ​តាមដាន​ព្រឹត្តិការណ៍ ONE: WARRIOR’S DREAM
14, Nov 2018 , 10:54 am        
រូបភាព
ដោយ: ថ្មីៗ
 
នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ព្រឹត្តិការណ៍​ក្បាច់គុន​ដ៏​ធំ​របស់ ONE Championship នឹង​វិល​ត្រឡប់មក​ម្តងទៀត​នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី ដែលមាន​ឈ្មោះថា ONE: WARRIOR’S DREAM​។

 
​ក្នុង​ព្រឹត្តិការណ៍​នោះ​មាន​វត្តមាន​ជើង​ខ្លាំងៗ​ចំនួន ១៤​គូ ដែល​ត្រៀម​បង្ហាញ​សមត្ថភាព​ក្បាច់គុន​ធំជាងគេ គឺ​ក្បាច់គុន​ចម្រុះ ប្រដាល់សេរី គុន​ខ្មែរ និង​មួយ​ថៃ​។ 
 
​ក្នុងនោះ​ក៏មាន​ជើងឯក​សញ្ជាតិ​ស៊ុយអែត Zebaztian Kadestam ប៉ះ​ជាមួយ​ជើងឯក​អាមេរិក Tyler McGuire ក្នុង​ទ្រុង ONE ដើម្បី​ដឹងថា​នរណា​នឹង​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE World Welterweigh​។ 
 
​ខាងក្រោម​នេះ​នឹង​ប្រាប់​ហេតុផល ៣ យ៉ាង​ដែល​ក្រុម​អ្នកគាំទ្រ​កម្ពុជា​គួរ​តាមដាន​ទស្សនា​ប្រដាល់​នៅ​ថ្ងៃ​សោ​រ៍​ខាងមុខនេះ​៖ 
 
​សុខ ធី ឡើង​សង្វៀន​ម្តងទៀត​សងសឹក Lerdsila 
 
​សុខ ធី កាលពី​ខែមិថុនា បានធ្វើ​ឲ្យ​កក្រើក​សង្វៀន ONE: PINNACLE OF POWER ម្តង​ហើយ​ជាមួយ​ជើង​ខ្លាំង​មួយ​ថៃ Lerdsila មកពី​ក្លិប Phuket Top Team​។ 
 
​អ្នកគាំទ្រ​កម្ពុជា​ជាច្រើន​មានការ​មិន​ពេញចិត្ត​នោះឡើយ ចំពោះ​ការដាក់​ពិន្ទុ​របស់​អាជ្ញា​កណ្តាល​ដែល​បំបែក សុខ ធី និង Lerdsila ពេល​កំពុង​វាយ​នៅ​ទឹក​ទី ៣ ឲ្យ Lerdsila ឈ្នះ​តែម្តង​។ បើ​មិនមាន​ភាពចម្រូងចម្រាស​ទេ ភាគច្រើន​អ្នកទស្សនា​ផ្ទាល់ និង​អ្នកវិភាគ​មួយចំនួនធំ​នឹងដាក់​ពិន្ទុ​ឲ្យ សុខ ធី ថា​សម​នឹង​ឈ្នះ​ជាង​។  
 
Lerdsila បង្ហើប​ប្រាប់​មុន​ការប្រកួត​ជាមួយ​សុខ ធី ថា​៖ «​ខ្ញុំ​ភ្ញាក់ផ្អើល​ណាស់​ពេល​ឃើញ​គាត់​ខ្លាំង​យ៉ាងនេះ​។ លើក​នេះ ខ្ញុំ​នឹង​ខំ​ហាត់​ត្រៀម​ឲ្យ​មែនទែន​។ ខ្ញុំ​សរសើរ​គូប្រកួត​ខ្ញុំ​ណាស់ គាត់​ក្មេង​ទេ​ប៉ុន្តែ​គាត់​ជាតា​រា​រះ​ថ្មី​ក្នុង​វិស័យ​កីឡាប្រដាល់​»​។ 
 
 
​គ្រូបង្វឹក​របស់ សុខ ធី លោក​ហ៊ុន ចាន់​រាជ ម្ចាស់​ក្លិប Cambodian Top Team បាន​និយាយថា ខ្លួន​កំពុង​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ហ្មត់ចត់​ទៅលើ​ការ​បំប៉នកំលាំង​កីឡាករ​គុន​ខ្មែរ​ប្រចាំ​ប្រទេស​រូបនេះ ដោយ​ធ្វើយ៉ាងណា​ជួយ​គាត់​យកជ័យ​ជម្នះ​មក​ឲ្យ​កម្ពុជា​ទាល់តែ​បាន​។ 
 
​ហ៊ុន ចាន់​រាជ បង្ហើប​ថា​៖ «​ខ្ញុំ​ហ្វឹកហាត់​ជាមួយ សុខ ធី បានល្អ​ណាស់​។ គាត់​ប្រាប់​ខ្ញុំ​ថា​គាត់​ខ្លាំង​ជាង​មុន​មែនទែន ហើយ​ឥឡូវ​យើង​ព្យាយាម​ផ្តោតលើ​ការប្រើ​កំលាំង ហើយនឹង​ស្នៀត​ត្រូវ​វាយ​ជាក់ស្តែង​ក្នុងការ​ប្រកួត​នេះ​»​។ 
 
​គាត់​បង្ហើប​បន្ថែមថា​៖ «​ការ​វាយ​លើក​មុន គាត់​ធ្វើ​បានល្អ​ណាស់​ហើយ ដូច្នេះ​លើក​នេះ​អ្វីដែល​ត្រូវ​បំប៉ន​ថែម​គឺ​ហាត់​យក​កំលាំង​ឲ្យ​ខ្លាំង​ទៀត ដើម្បី​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​តែម្តង​»​។ 
 
​ជើងឯក​ប្រដាល់សេរី​ពិភពលោក​ពីរ​នាក់​នឹង​ប៉ះគ្នា​
 
​ជើង​ខ្លាំង​ប្រដាល់សេរី​របស់​ពិភពលោក​ពីររូប​ប្រចាំ ONE Super Series នឹង​ទល់មុខ​គ្នា​ក្នុង​ទ្រុង គឺ​កីឡាករ​មកពី​ប្រេ​ស៊ី​ល Cosmo Alexandre និង​បក់ដៃ​ឲ្យ​អតីត​ជើងឯក Glory Welterweight Champion គឺ Nieky Holzken ដើម្បី​សម្តែង​រិ​ទ្ធ​ថា​នរណា​ជា​ម្ចាស់​ខ្សែក្រវាត់​បន្តិចទៀត​។ 
 
​ទាំង Alexandre និង Holzken បាន​នាំយក​ជ័យលាភី​ដល់​ប្រទេស​ខ្លួន​ជាច្រើន​មកហើយ​ក្នុង​ការប្រកួត​ប្រដាល់សេរី និង​មួយ​ថៃ ដែល​មើលទៅ​មួយគូរ​នេះ​នឹង​អង្រួន​សង្វៀន​មិនធម្មតា​ទេ ដោយ​ពួកគេ​នឹងត្រូវ​វាយជា​គូ​ចុងក្រោយ​ក្នុង​កម្មវិធី​ពិសេស​របស់ ONE: WARRIOR’S DREAM​។ 
 
​យ៉ាងណាមិញ ជើង​ខ្លាំង​ពីរ​នាក់​នេះ មិនមែន​មិន​ធ្លាប់​ប៉ះគ្នា​នោះទេ​។ កាលពី​ឆ្នាំ ២០១០ Holzken បានឈ្នះ​ដោយ​ពិន្ទុ​លើ Alexandre​។ អ្វីដែល​សំខាន់​គឺ​ចង់ដឹងថា​កីឡាករ​ហូ​ឡង់​រូបនេះ អាច​ផ្តួល​ Alexandre ជា​លើក​ទី​ពីរ បានដែរ​ទេ​? ឬ​ចាំ​មើលថា Alexandre អាច​សងសឹក​យកឈ្នះ Holzken វិញ​បាន​ហើយ​រក្សា​ឈ្មោះ​ក្នុង ONE Super Series បានដែរ​ឬ​យ៉ាងណា​? 
 
​តំណែង​ស្តេច​ខ្សែក្រវាត់​ថ្មី Welterweight ជា​នរណា​?
 
​កម្មវិធី​ធំជាងគេ​ក្នុង​ព្រឹត្តិការណ៍​គឺ​ការដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់ Welterweight World Championship ដែល​អ្នក​ប្រយុទ្ធ​សញ្ជាតិ​ហូ​ឡង់ Zebaztian  Kadestam នឹង​បញ្ចេញ​រិ​ទ្ធ​ឲ្យ​គូប្រកួត​អាមេរិកាំង Tyler McGuire ថា​នរណា​សមជា​ម្ចាស់​ខ្សែក្រវាត់​មួយ​នេះ​? 
 
​សរុប​ទាំង​ការ​ផ្តួល​គូប្រកួត​ជនជាតិ​មា​ឡេ​ស៊ី Agilan Thani កាលពី​ព្រឹត្តិការណ៍ ONE: PURSUIT OF POWER នា​ខែកក្កដា​កន្លងទៅ លើក​នេះ​នឹង​ជា​ជ័យ​ជ​ន្នះ​លើក​ទី ១០ ក្នុង​អាជីព​របស់ Kadestam ហើយ​។ 
 
​រីឯ McGuire វិញ​នឹង​ឈ្នះ​ជា​លើក​ទី ១១ បើ​រាប់ទាំង​ការ​ផ្តួល​អតីត​ជើងឯក ONE World Title លើ​គូប្រកួត​ឈ្មោះ Luis Santos ក្នុង​ព្រឹត្តិការណ៍​ដូចគ្នា​នោះដែរ​។ 
 
​ដូច្នេះ ជើង​ខ្លាំង​ទាំងពីរ​នឹងត្រូវ​ឲ្យ​ចូលក្នុង​ទ្រុង​ប្រកួត​គ្នា​ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក Welterweight​។ 
 
McGuire និយាយ​ដោយមាន​អំនួត​ថា​៖ «​អាច​ក្លាយជា​ជើងឯក​ពិភពលោក​របស់ ONE មានន័យថា​អាចជា​អ្នក​ប្រដាល់​ខ្លាំង​បំផុត​លំដាប់​ពិភពលោក​បាន​»​។ 
 
​ខ្លា​កំណាច​ពីរ​នេះ សុទ្ធតែ​ចង់បាន​តំណែង​ខ្សែក្រវាត់​ពិភពលោក​រៀងៗ​ខ្លួន ដូច្នេះ​ចាំ​តាមដាន​ថា តើ​មួយណា​នឹង​សាក​សម​គ្រង​យក​តំណែង​នេះ​បាន​?
 
​អត្ថបទ​៖ Matias Andres
 

 

© រក្សាសិទ្ធិដោយ thmeythmey.com