ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ ដោយ​គ្រាន់តែ​ទទួលទាន​ផ្លែឈើ​ទាំងនេះ​
15, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​គ្រប់​សរីរាង្គ​ទាំងអស់​នៅក្នុង​រាងកាយ គឺ​សុទ្ធតែ​ត្រូវការ​ជាតិ​ទឹក​គ្រប់គ្រាន់ ដើម្បី​ដំណើរការ​មុខងារ​បាន​ត្រឹមត្រូវ​ជៀសវាង​បញ្ហា​សុខភាព​ផ្សេងៗ​។ លើសពីនេះទៅទៀត ការ​ទទួលទាន​ផ្លែឈើ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក ក៏​ជា​វិធី​ដ៏​ល្អប្រសើរ​បំផុត​មួយ​ចំពោះ​អ្នក​ដែល​ចង់​ស្រក​ទម្ងន់​។ នោះ​ក៏​ព្រោះតែ​ជាតិ​ទឹក​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ឆ្អែត ហើយ​អ្នក​នឹងមិន​ទទួលទាន​ច្រើន​លើស​។



ថា​តើ​ផ្លែឈើ​អ្វី​ខ្លះទៅ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ទឹក​ល្អ​សម្រាប់​សុខភាព​?​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ប្រភេទ​នៃ​ផ្លែឈើ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ជៀសផុត​ពី​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ ៖

១. ផ្លែ​ស្ត្រ​បឺ​រី​
 
​គ្រាន់តែ​ទទួលទាន​ផ្លែឈើ​ពណ៌​ក្រហម​ដែលមាន​គ្រាប់​ពេញ​សំបក​មួយ​នេះ គឺអាច​ជួយ​អ្នក​ឲ្យ​រក្សាបាន​នូវ​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ ក៏​ព្រោះ​ស្ត្រ​បឺ​រី​មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៩២ ភាគរយ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ស្ត្រ​បឺ​រី ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​កម្ចាត់​រ៉ាឌីកាល់​សេរី និង​ពន្យឺត​ភាព​ចាស់​តាម​វ័យ ហើយក៏​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​ផងដែរ​តាមរយៈ​ជាតិ​ស​សៃ​ខ្ពស់​ដែល​វា​មាន​ផ្ទុក​។ លើសពីនេះទៅទៀត ផ្លែឈើ​នេះ​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ឡើយ​។​

២. ផ្លែ​ឪឡឹក​
 
​ផ្លែ​ឪឡឹក​មិន​ត្រឹម​តែមាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៩២ ភាគរយ ដែល​ជួយ​រាងកាយ​ជៀសផុត​ពី​បញ្ហា​ខ្សោះ​ជាតិ​ទឹក​។ គុណសម្បត្តិ​ពិសេស​ផ្សេងទៀត​នៃ ផ្លែ​ឪឡឹក គឺ​វា​ក៏មាន​ផ្ទុក​នូវ​សារធាតុ​សំខាន់ៗ​សម្រាប់​រាងកាយ​ផ្សេងទៀត​ដូចនឹង​ភេសជ្ជៈ​កីឡា រួមមាន​សូ​ដ្យូ​ម​, ប៉ូ​តា​ស្យូ​ម​, កាល់ស្យូម និង​ម៉ាញ៉េ​ស្យូ​ម​។​
 
៣. ក្រូចថ្លុង​
 
​មិន​ថា​អ្នក​ចូលចិត្ត​ទទួលទាន​សាច់​ក្រូច ឬ​ទឹក​របស់​វា​ទេ ផ្លែឈើ​រសជាតិ​ជូរ​មួយ​នេះ​អាចជួយ​ឲ្យ​រាងកាយ​រក្សាបាន​នូវ​ជាតិ​ទឹក​គ្រប់គ្រាន់ និង​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់​។ ហើយក៏​ព្រោះតែ​វា​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C នោះ ការ​ទទួលទាន​ក្រូចថ្លុង គឺអាច​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​កាន់តែ​រឹងមាំ​ខ្លាំងក្លា​ឡើង​ផងដែរ​។​
 
៤. ត្រសក់ស្រូវ​
 
​គ្រប់​ចំណិត​នៃ​ផ្លែ​ត្រសក់ស្រូវ គឺមាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៩០​ភាគរយ​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​នេះ ដើម្បី​ជៀសផុត​ពី​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ ក្រោយ​ធ្វើ​លំ​ហាត់ប្រាណ ឬ​ខណៈពេល​ស្ថិតក្រោម​អាកាសធាតុ​ក្ដៅ​។ លើសពីនេះទៅទៀត ត្រសក់ស្រូវ ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A ដែល​ល្អ​សម្រាប់​សុខភាព​ភ្នែក​ផងដែរ​។​
 
៥. ផ្លែ​ម្នាស់​
 
​ក៏​ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ទឹក​ដល់​ទៅ ៨៧ ភាគរយ នោះ​ការ​ទទួលទាន​ផ្លែ​ម្នាស់​អាចជួយ​ធានា​ការពារ​រាងកាយ​ពី​បញ្ហា​ខ្សោះ​ជាតិ​ទឹកបាន​យ៉ាង​ប្រសើរ​។ ជាតិ​ស​សៃ​ដ៏​សម្បូរ​នៅក្នុង​ម្នាស់ ក៏​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com