អន្តរជាតិ
ក្រោយ ត្រាំ រិះគន់ ម៉ា​ក្រុង ថា បារាំង​និង​អាមេរិក​ជា​មិត្ត​ដែល​គួរ​គោរព​គ្នា​ទៅមក
15, Nov 2018 , 2:12 pm        
រូបភាព
ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង នាជំនួបនៅប៉ារីស (រូបភាព AFP)
ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីបារាំង នាជំនួបនៅប៉ារីស (រូបភាព AFP)
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​ឆ្លើយតប​វិញ​ទៅ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​រិះគន់​លោក​តាម​បណ្ដាញ Twitter កាលពីដើម​សប្ដាហ៍​នេះ​។ ខណៈ​លោក ត្រាំ ឌឺដង​បារាំង​រឿង​អតីត​កាលសម័យ​សង្គ្រាម​លោក​ទាំង​ពីរលើក និង​រិះគន់​រឿង​យកពន្ធ​ស្រា​នោះ លោក ម៉ា​ក្រុង ប្រាប់​វិញ​ថា អាមេរិក​គួរ​គោរព​បារាំង ហើយ​បារាំង​ក៏​មិនមែនជា​ប្រទេស​រណប​គេ​ដែរ​។

 
​ធ្លាប់តែ​ស្និទ្ធស្នាល​នឹង​គ្នា ប្រធានាធិបតី​បារាំង និង​សម​ភាគី​អាមេរិក​បែរជា​កំពុង​ឆ្លើយឆ្លង​ពាក្យសម្ដី​គ្នា​ទៅវិញ​។ តាំងពី​ចុង​សប្ដាហ៍​មុន​មក លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង កប់ៗ​មាត់ ព្រោះ​មិន​ពេញចិត្ត​មហិច្ឆតា​របស់​បារាំង​ដែល​ចង់​បង្កើត​កងទ័ព​អឺរ៉ុប ដែល​អាច​ដើរតួ​ជំនួស​សម្ព័ន្ធ​យោធា​ណា​តូ​។ លោក ត្រាំ បាន​ព្យាយាម​ភ្ជាប់​ករណីនេះ​ទៅ​នយោបាយ​ក្នុងស្រុក​បារាំង ក៏ដូចជា​ការមិនសប្បាយចិត្ត​របស់លោក​ក្នុង​ជំនួញ​ស្រា​ផង​។​
 
​លោក ម៉ា​ក្រុង ដែល​អះអាងថា ប្រជាជន​បារាំង​មិន​ចង់ឃើញ​លោក​ឆ្លើយតប​ទៅ​លោក ត្រាំ នោះ បាន​រំឭក​ពី​ប្រវត្តិ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​បារាំង និង​អាមេរិក​កាលពី​អតីត​រហូត​ក្លាយជា​សម្ព័ន្ធមិត្ត​រឹងមាំ​ដូច​សព្វថ្ងៃ​។ «​ក្នុង​ពេលវេលា​សំខាន់​នៃ​ប្រវត្តិសាស្ត្រ យើង​គឺជា​មិត្ត​។​» នេះ​ជាការ​លើកឡើង​របស់លោក ត្រាំ ពីលើ​នាវា​ដឹក​យន្តហោះ Charles de Gaulle ដោយ​ចង់​សំដៅ​ដល់​ការជួយ​របស់​បារាំង​ក្នុង​សង្គ្រាម​ឯករាជ្យ​អាមេរិក ការចូលរួម​ក្នុង​សង្គ្រាមលោក និង​ប្រតិបត្តិការ​យោធា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
 
​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត បារាំង និង​អាមេរិក​ត្រូវគោរព​គ្នា​ទៅមក​។ លោក ម៉ា​ក្រុង បន្ថែម​ដូចនេះ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ TF1 ។ ប្រធានាធិបតី​វ័យក្មេង​រូបនេះ​បាន​ហៅ​ពាក្យសម្ដី​វាយប្រហារ​របស់លោក ត្រាំ ជាការ​ធ្វើ​នយោបាយ​ដើម្បី​សាធារណមតិ​ក្នុងស្រុក​នៅ​អាមេរិក​ប៉ុណ្ណោះ ហើយ​លោក​នឹង​អនុញ្ញាត​ឲ្យ​សម​ភាគី​អាមេរិក​របស់លោក​បន្ត​លេងល្បែង​នយោបាយ​នេះ​ទៀត​។ 
 
​ឯ​រឿង​គម្រោង​បង្កើត​កងទ័ព​ប្រចាំ​អឺរ៉ុប​វិញ លោក ម៉ា​ក្រុង នឹងមិន​ដកថយ​ជំហរ​របស់ខ្លួន​ឡើយ ខណៈ​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល ក៏​ប្រកាស​គាំទ្រ​គំនិត​នេះ​រួចហើយ​ដែរ​។ លើសពីនោះ លោក​ក៏​បង្ហាញ​ជំហរ​មិន​ពេញ​ចិត្តនឹង​អាមេរិក​ដែល​បញ្ចេញ​ចរិត​លើស​គេឯង​ដែរ​។ ក្នុង​កិច្ច​សម្ភាស​ដដែល មេដឹកនាំ​បារាំង​រូបនេះ​លើកឡើងថា អាមេរិក​នឹង​នៅតែ​ជា​សម្ព័ន្ធមិត្ត​បារាំង ដែល​ប្រឈមមុខ​រាល់​គ្រោះថ្នាក់ តែ​ជា​សម្ព័ន្ធមិត្ត មិន​មានន័យថា ជា​រដ្ឋ​រណប​ឡើយ​។​
 
​ទោះជា​យ៉ាងណា លោក ម៉ា​ក្រុង ជឿថា ការខ្វែងគំនិត​គ្នា​នេះ​នឹងមិន​ប៉ះពាល់​ដល់​កិច្ចសហប្រតិបត្តិការ​រឹងមាំ​រវាង​បារាំង និង​អាមេរិក​ឡើយ ជាពិសេស​យុទ្ធនាការ​យោធា​រួមគ្នា​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ជ្រុលនិយម​។ សព្វថ្ងៃ បា​រាំងជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធ​អន្តរជាតិ​ដែល​បោសសម្អាត​ក្រុម​ភេរវ​ករ​រដ្ឋ​ឥស្លាម ដែល​នៅ​សេសសល់​ក្នុងប្រទេស​នៅ​មជ្ឈិមបូព៌ា​ដូចជា​ស៊ី​រី និង​អ៊ីរ៉ាក់​៕

Tag:
 បារាំង​
  អាម​រិ​ក​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com