ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំ​កម្ពុជា ជំរុញ​ឲ្យ​អាស៊ាន​-​ចិន ពង្រឹង​កិច្ចសហការ​ឲ្យ​កាន់តែ​ល្អ​
15, Nov 2018 , 2:36 pm        
រូបភាព
មេដឹកនាំអាស៊ានទាំង១០ ថតជាមួយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ក្នុងកិច្ចប្រជុំអាស៊ាន-ចិនលើកទី២១ នៅសិង្ហបុរី
មេដឹកនាំអាស៊ានទាំង១០ ថតជាមួយលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ក្នុងកិច្ចប្រជុំអាស៊ាន-ចិនលើកទី២១ នៅសិង្ហបុរី
ចិន គឺជា​ដៃគូ​យុទ្ធសាស្ត្រ​មួយ​មិនអាច​ខ្វះ​បាន​របស់​អាស៊ាន ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ និង​បរិការណ៍​ណាក៏ដោយ ហើយ​សង្ឃឹមថា​ទំនាក់ទំនង​នេះ​នឹង​កាន់តែ​ស្ថិត​ស្ថិរ​ជ្រាលជ្រៅ​ក្នុង​ស្មារតី​តម្កល់​ផលប្រយោជន៍​រួម និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២១ នៅ​សិង្ហ​បុរី​។​


 
​ប្រធានបទ «​ការពិនិត្យ​ឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ចិន និង​ទិសដៅ​អនាគត​» ត្រូវបាន​លើកយក​ទៅ​ពិភាក្សារ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន ដោយមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ​អាស៊ាន និង​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន​។  
 
​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើងថា កម្ពុជា​គាំទ្រ​សេចក្តីថ្លែងការណ៍​ស្តីពី​ចក្ខុវិស័យ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​ចិន ឆ្នាំ​២០៣០ និង​សេចក្តីប្រកាស​រួម​ស្តីពី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​នឹង​ជួយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​។ កម្ពុជា នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន និង​ចិន​ដើម្បី​អនុវត្ត​ឲ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​នូវ​ចក្ខុវិស័យ​យ​ន្ត​ការ និង​ទិសដៅ​ខាងលើ សំដៅ​រួមចំណែក​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​រីកចម្រើន​។​
 
​មេដឹកនាំ​កម្ពុជា ថ្លែង​បែបនេះ​ថា​៖«​កម្ពុជា ស្វាគមន៍​ការកំណត់​យក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ផ្លាស់ប្តូរ​សារព័ត៌មាន​អាស៊ាន​-​ចិន ដោយ​សង្ឃឹមថា​សមាជិក​អាស៊ាន និង​ចិន នឹង​ផ្តល់​អាទិភាព​ខ្ពស់​ក្នុងការ​អនុវត្ត​នូវ​សកម្មភាព និង​គម្រោង​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន សំដៅ​ជំរុញ​ការយល់ដឹង​អំពី​ទំនាក់ទំនង​អាស៊ាន​-​ចិន លើ​គ្រប់​វិស័យ ជាពិសេស​រួមចំណែក​ដល់​ការកសាង​ជំនឿ និង​ទំនុកចិត្ត​ដើម្បី​ជា​ស្ពាន​មិត្តភាព​រវាង​ប្រជាជន​និង​ប្រជាជន​»​។ 
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បន្តទៀតថា​៖«​កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​ចិន ពាក់ព័ន្ធ​នឹង​វិស័យ​ត​ភ្ជាប់ និង​ការបន្ត​ការគាំទ្រ​របស់​ចិន​ក្នុងការ​អនុវត្ត​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ ២០២៥ ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​រិះរក​ភាព​រួមបញ្ចូល​គ្នា និង​ការបំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក​រវាង​គំនិត​ផ្តួចផ្តើម​នៃ​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​របស់​ចិន​»​។ 
 
​កម្ពុជា គាំទ្រ​ការបន្ត​ពង្រឹង និង​ពង្រីក​វិសាលភាព កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍ រវាង​អាស៊ាន​និង​ចិន​ឲ្យ​កាន់តែខ្លាំង​ឡើង​មួយកម្រិត​ទៀត ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​យើង​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។​
 
​មេដឹកនាំ​អាស៊ាន​បាន​វាយតម្លៃ​ខ្ពស់​ប្រកបដោយ​សេចក្តីសោមនស្ស​រី​រាយ​ចំពោះ​សមិទ្ធផល​ផ្លែផ្កា​ជាច្រើន ដែល​បានកើត​ចេញពី​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ចិន ដែល​បាន​នឹង​កំពុង​ចូលរួមចំណែក​ក្នុង​បុព្វហេតុ​ស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ចំណង​ការទូត និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​៕

Tag:
 អាស៊ាន​-​ចិន​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com