កីឡាអន្តរជាតិ
អន្តរជាតិ
Premier League សម្រេច​ប្រើ VAR ចាប់ពី​រដូវ​កាល​ក្រោយ​ទៅ​
16, Nov 2018 , 10:18 am        
រូបភាព
​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល Video Assistant Referee (VAR) ត្រូវបាន​កំណត់​ឲ្យ​ប្រើ​ក្នុង​ក្របខណ្ឌ Premier League ជា​លើកដំបូង​ចាប់ពី​រដូវ​កាល​ក្រោយ​តទៅ បន្ទាប់ពី​បណ្តា​ក្លិប​នៃ​ក្របខណ្ឌ​កំពូល​នេះ​បាន​យល់ព្រម​លើ​លក្ខខណ្ឌ​របស់​បច្ចេកវិទ្យា​នេះ​។​

 
VAR ត្រូវបាន​ប្រើប្រាស់​ដោយ​ជោគជ័យ​ក្នុងការ​ប្រកួត​កីឡាបាល់ទាត់​ពិភពលោក World Cup នៅ​រុស្ស៊ី​កន្លងមក ហើយក៏​កំពុងដំណើរការ​នៅ​លី​គ​កំពូល​អ៊ីតាលី អាល្លឺម៉ង់ និង​អេ​ស្ប៉ា​ញ រូ​ម​ទាំង​ក្នុងការ​ប្រកួត​ពាន FA Cup និង Carabao Cup ផងដែរ​។​
 
​មុន​សម្រេចចិត្ត​ដាក់​ឲ្យ​ប្រើប្រាស់ VAR នេះ Premier League ក៏​ធ្លាប់​បោះឆ្នោត​បដិសេធ​ប្រើ​វា​នៅ​រដូវ​កាល ២០១៨-២០១៩ ម្តង​ដែរ​កាលពី​ខែមេសា​កន្លងទៅ​។​
 
​កាលពី​ចុង​សប្តាហ៍​មុន​កីឡាករ Charlie Austin របស់ Southampton បាន​អំពាវនាវ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មួយ​ដែរ ក្រោយពី​រូបគេ​បាន​ស៊ុត​បញ្ចូល​ទី ប៉ុន្តែ​ត្រូវ​អាជ្ញាកណ្តាល​មិន​ឲ្យ​ព្រោះ​គិតថា​ជា​បាល់ offside អំឡុង​ការប្រកួត​ទល់នឹង Watford នៃ​ក្របខណ្ឌ​កំពូល​អង់គ្លេស​។ Austin បាន​ហៅ​ការសម្រេច​របស់​អាជ្ញាក​ណ្តា​ល​នៅពេលនោះ​ថា​ដូចជា​រឿង​កំប្លែង​។​
 
​បច្ចេកវិទ្យា​VAR ក៏​នឹង​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ក្របខណ្ឌ Champions League ចាប់ពី​រដូវ​កាល​ក្រោយ​ដូចគ្នា​ដែរ​៕

Tag:
 បាល់ទាត់​
  VAR
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com