ជាតិ
ដេប៉ូ​ប្រេង​១​កន្លែង​នៅ​ក្រុង​តាខ្មៅ ត្រូវ​កសាង​សំណុំរឿង​ទៅ​តុលាការ​
16, Nov 2018 , 3:17 pm        
រូបភាព
ដោយ:
​កណ្ដាល​៖ បន្ទាប់ពី​រកឃើញ​កំហុស​ជា​លើក​ទី​២ ដេប៉ូ​ប្រេងឥន្ធនៈ​មួយកន្លែង​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ត្រូវបាន​កាំកុងត្រូល​កសាង​សំណុំរឿង​ទៅ​តុលាការ​។ នេះ​បើតាម​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៅ​ថ្ងៃទី​១៦​ខែវិច្ឆិកា​។​


 
​មន្ត្រី​កាំកុងត្រូល នៅ​ថ្ងៃទី​១៥​ខែវិច្ឆិកា បាន​ត្រួតពិនិត្យ​ជា​លើក​ទី​២ នៅ​ដេប៉ូ​ប្រេងឥន្ធនៈ​តេ​លា រស្មី ពិសី និង​បាន​រកឃើញ​កំហុស​ជាថ្មី​ម្ដងទៀត​។ ការត្រួតពិនិត្យ ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល​នេះ បាន​ឈានដល់​ការកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​ចំពោះ​ដេប៉ូ​មួយ​នេះ​។​
 
​ដេប៉ូ​ប្រេង រស្មី ពិសី នេះ​ស្ថិត​បណ្ដោយ​ផ្លូវ​លេខ​២១ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដែល​ត្រូវបាន​រកឃើញថា​មិនមាន​អនុលោមភាព​ទាំង​គុណភាព និង​បរិមាណ​។​
 
​អគ្គនាយកដ្ឋាន​កាំកុងត្រូល បានបញ្ជាក់​ដូច្នេះ​ថា​៖«​យោងតាម​លទ្ធផល​ត្រួត​ពិនិត្យឃើញ​ភាពមិនប្រក្រតី​ជា​លើក​ទី​២ ដោយ​ម្ចាស់​ដេប៉ូ​ពុំ​អនុវត្តតាម​ការណែនាំរ​បស់​មន្ត្រី​ជំនាញ ដែល​តម្រូវ​ឲ្យ​ម្ចាស់​ដេប៉ូ​ចុះកិច្ចសន្យា​កែតម្រូវ​ភាពមិនប្រក្រតី​កាលពី​រកឃើញ​លើក​ទី​១ ទើប​មន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្ត និង​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​»៕
 



Tag:
 ប្រេង
  កាំកុងត្រូល​
© រក្សាសិទ្ធិដោយ thmeythmey.com