ពីនេះ ពីនោះ
ត្រីគល់រាំង ជាប្រភេទត្រីស្រកាធំជាងគេលើក្នុងពិភពលោក ត្រីគល់រាំង ត្រូវអ្នកនេសាទចាប់បានក្នុងឆ្នាំ ២០០៣ ក្នុងទន្លេសាប មានទម្ងន់ ៨៨គីឡូក្រាម។ រូបភាពឯកសាររបស់លោកបណ្ឌិត ហ្សេប ហូហ្គេន / គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ។
× ទន្លេមេគង្គ គឺជាជម្រករបស់ត្រីមាឌយក្សច្រើនប្រភេទ ច្រើនជាងទន្លេដទៃទៀតនៅលើផែនដីយើងនេះ។ ត្រីគល់រាំង ក៏ស្ថិតនៅក្នុងចំណោមត្រីមាឌយក្សជាច្រើនប្រភេទនោះដែរ ដែលរស់នៅក្នុងអាងទន្លេមេគង្គ។ ត្រីគល់រាំង មានឈ្មោះវិទ្យាសាស្ត្រ (Catlocarpio siamensis) និងឈ្មោះជាភាសាអង់គ្លេស Giant barb។ វាជាប្រភេទត្រីជិតផុតពូជ ហើយក៏ជាប្រភេទត្រីស្រកាធំជាងគេនៅក្នុងពិភពលោកផងដែរ ។ ត្រីគល់រាំងក្នុងរូបភាពខាងលើនេះ មានទម្ងន់ជាង៨៨គីឡូក្រាម ត្រូវអ្នកនេសាទចាប់បាន ខណៈពេលដែលវាធ្វើចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប ចូលទៅក្នុងទន្លេមេគង្គ។ ត្រីនេះត្រូវបានគេលែងចូលទៅក្នុងទន្លេវិញ ដែលជាផ្នែកមួយនៃភាពជាដៃគូរវាងអ្នកនេសាទ និងរដ្ឋបាលជលផល។
ត្រីគល់រាំង អាចមានប្រវែងដងខ្លួនអតិបរមា ដល់ទៅ៣០០សម និងមានទម្ងន់អតិបរមា ៣០០គីឡូក្រាម។ វារស់នៅតាមដងទន្លេធំៗ ស្ទឹង បឹង និងតំបន់ទំនាបលិចទឹក ទីដែលវាអាចរកចំណីបានដូចជាស្លែ ផ្លុងតុង ផ្លែរុក្ខជាតិ ដែលដុះលូតលាស់មានផ្លែផ្កា នារដូវទឹកជំនន់ និងព្រមទាំងត្រីតូចៗផងដែរ។ ត្រីគល់រាំងជំទង់ភាគច្រើន វាអាចសម្របខ្លួនរស់នៅក្នុងស្រះ ត្រពាំង ស្ទឹង បឹង និងទំនាបលិចទឹក ខណៈត្រីគល់រាំងពេញវ័យ ហាក់ដូចចូលចិត្តធ្វើចរាចរចូលទៅរស់នៅក្នុងតំបន់អាងទឹកជ្រៅក្នុងទន្លេមេគង្គ។ នៅក្នុងប្រទេសកម្ពុជា ត្រីគល់រាំងពេញវ័យ បានធើ្វចរាចរផ្លាស់ទីចេញពីបឹងទន្លេសាប ចូលទៅរស់នៅក្នុងអាងទឹកជ្រៅ ក្នុងទន្លេមេគង្គ នាចុងរដូវប្រាំង នៅចុងខែកញ្ញា ឬដើមខែតុលា ជាមួយប្រភេទត្រីធំៗផ្សេងទៀត ដូចជាត្រីរាជជាដើម។ ត្រីគល់រាំងត្រូវបានគេកត់ត្រាចូលក្នុងបញ្ជីក្រហម IUCN Red List (Critically Endangered) ក្នុងឆ្នាំ២០១១ ជាប្រភេទត្រីរងគ្រោះជិតផុតពូជ។
មានកត្តាប្រឈមជាច្រើនទៀត ដែលត្រីគល់រាំងកំពុងជួបប្រទះនាពេលប្ចុប្បន្ននេះ ដូចជា ការនេសាទហួសកម្រិត ការនេសាទក្នុងរដូវត្រីពង-កូន ការនេសាទចាប់យកកូនត្រីសម្រាប់ធ្វើជាត្រីនុយ ការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ ពិសេសឧបករណ៍ឆក់ ក្តៅ-ត្រជាក់ ការបាត់បង់ព្រៃលិចទឹកជាទីជម្រក និងការអភិវឌ្ឍន៍ទំនប់វារិអគ្គិសនីនៅដងទន្លេមេក្នុងទន្លេមេគង្គ ដែលជាផលរំខានដល់ការធ្វើចរាចរផ្លាស់ទីរបស់ពួកវា។ ត្រីគល់រាំង ត្រូវបានប្រកាសកំណត់ជាមច្ឆានិម្មិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នសរកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) ក្រោមជំនួយឧបត្ថម្ភពី USAID សូមធ្វើការអំពាវនាវដល់ប្រជានេសាទទាំងអស់ នៅតាមដងទន្លេសាប ជាពិសេសម្ចាស់ «ដាយត្រី» ទាំង១៤គន្លង មេត្តាជួយផ្តល់ព័ត៌មាន ក្នុងករណីចាប់បាន ឬឃើញប្រជានេសាទណាចាប់បាន ដើម្បីក្រុមការងាររបស់យើង ចុះទៅបំពាក់ស្លាកសញ្ញាសម្គាល់ រួចលែងវាចូលទៅក្នុងទន្លេវិញ តាមរយៈទូរសព្ទទំនាក់ទំនង៖ ម៉ូប៊ីតែល (012 805 347) ស្មាត (016 695 933) មិត្តហ្វូន (090 850 850)។
© រក្សាសិទ្ធិដោយ thmeythmey.com