ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ឯកអគ្គរដ្ឋទូត​អាមេរិក​៖ កម្ពុជា​គួរ​ជា​កន្លែង​ងាយស្រួល​លើសគេ​សម្រាប់​ស្ត្រី​ទទួលជោគជ័យ​ក្នុង​ជំនួញ​
17, Nov 2018 , 3:31 pm        
រូបភាព
រូបភាព៖ ទំព័រហ្វេសប៊ុកទីភ្នាក់ងារជំនួយអាមេរិក (USAID)
រូបភាព៖ ទំព័រហ្វេសប៊ុកទីភ្នាក់ងារជំនួយអាមេរិក (USAID)
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក William A.Heidt ជឿជាក់ថា ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ពឹងផ្អែក​លើ​ការចូលរួម​សកម្មភាព​ពី​សំណាក់​ស្ត្រី​។ លោក​មើលឃើញ វិស័យ​សហគ្រិន និង​ជំនួញ​ផ្តល់ឱកាស​ច្រើន​សម្រាប់​ស្ត្រី​។ ដូច្នេះហើយ រដ្ឋាភិបាល​កម្ពុជា​គួរ​បន្ត​លើកស្ទួយ និង​លើកទឹកចិត្ត​ដើម្បី​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ទីកន្លែង​ងាយស្រួល​លើសគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​សម្បូរ​ដោយ​ស្ត្រី​ជោគជ័យ​ក្នុង​វិស័យ​ជំនួញ​ផង​។​

 
 
​ពេល​សាកសួរ​ពី​តួនាទី​របស់​ស្ត្រី​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ពេលអនាគត ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ពីថ្ងៃ​ទី ១ ខែវិច្ឆិកា​កន្លងទៅ លោក  William Heidt ឆ្លើយថា សម្រាប់​លោក កម្ពុជា​គួរតែ​ជា​កន្លែង​ដែល​ងាយស្រួល​ជាងគេ​សម្រាប់​ស្ត្រី​ក្នុង​ការធ្វើ​ជំនួញ និង​ទទួលជោគជ័យ​ក្នុង​វិស័យនេះ ដើម្បី​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​។​
 
​លោក​ថ្លែង​ដូច្នេះ​ថា​៖ «​នៅ​កម្ពុជា ស្ត្រី​មានឱកាស​ច្រើន​បំផុត​ក្នុង​វិស័យ​ជំនួញ ហើយ​វា​ជា​រឿង​ឆ្លាត​វៃ​ដែល​កម្ពុជា​ត្រូវ​លើកស្ទួយ​បញ្ហា​នេះ​បន្ថែម​ដើម្បី​ធានាថា​កម្ពុជា​ទីកន្លែង​មួយ​ក្នុង​តំបន់​ដែល​ស្ត្រី​ជោគជ័យ​បំផុត​ក្នុង​វិស័យ​ជំនួញ​ដែរ​»​។​
 
​លោក Heidt យល់ឃើញ​ឃើញថា ក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​ចុងក្រោយ​នេះ ការងារ​ដែល​កម្ពុជា​គួរ​មាន​មោទកភាព​នោះ​ការអភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​មួយ​ក្នុងការ​អប់រំ​របស់​ស្ត្រី និង​បញ្ហា​សុខភាព​ស្ត្រី​ជារួម​។​
 
 «​ក្រឡេកមើល​ការអភិវឌ្ឍ​កាលពី ២០​ឆ្នាំ ចំណុច​មួយ​ដែល​កម្ពុជា​គួរ​មាន​មោទកភាព​ខ្លាំង​បំផុត​នោះ​គឺ ការជំរុញ​ឱកាស​អប់រំ​សម្រាប់​ក្មេងស្រី​។ កាល​ខ្ញុំ​មក​កម្ពុជា​កាលនោះ ក្មេងស្រី​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​ទៅ​សាលារៀន ប៉ុន្តែ​ពេលនេះ​ក្មេងស្រីៗ​ច្រើនណាស់​ដែលមាន​លទ្ធភាព​ទៅ​រៀន​ដូច​ប្រុសៗ​។ មួយទៀត​គឺ​ផ្នែក​សុខាភិបាល ដែល​វា​មានការ​អភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់​លើ​បញ្ហា​អត្រា​មរណ​របស់​ទារក និង​សុខភាព​មាតា​។ ក្នុងន័យ​អភិវឌ្ឍ​ជា​មូលដ្ឋាន កម្ពុជា​បាន​ថែរក្សា​ស្ត្រី​បានល្អ​ប្រសើរ​ណាស់​»​។ ឯកអគ្គរដ្ឋទូត​អាមេរិក​កត់សម្គាល់ឃើញ​បែបនេះ​។ 
 
​យ៉ាងណា​ក៏ដោយចុះ សម្រាប់​ឯកអគ្គរដ្ឋទូត​អាមេរិក​រូបនេះ វា​នៅតែមាន​របាំង​ឧស​គ្គមួយ​ចំនួន​សម្រាប់ ស្ត្រី​ដែល​ត្រូវការ​ការកែលម្អ​។ លោក​សង្កត់ធ្ងន់ថា ចំនួន​ស្ត្រី​មាន​តិចតួច​នៅឡើយ​ដែល​បាន​កាន់តំណែង​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ក្នុង​ស្ថាប័ន​យុត្តាធិការ និង​កងកម្លាំងប្រដាប់អាវុធ​ជាដើម​ដូចជា​យោធា មកដល់​បច្ចុប្បន្ន​៕

Tag:
 ​លោក William A.Heidt
  ស្ត្រី​
  ជំនួញ​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com