អន្តរជាតិ
សហរដ្ឋអាមេរិក​មាន​មូលដ្ឋានទ័ព​ជាង​៨០០​ទីតាំងនៅ​ក្រៅប្រទេស​
22, Jul 2019 , 3:39 pm        
រូបភាព
មួលដ្ឋានទ័ពអាមេរិកនៅកាតា (រូបភាពទីភ្នាក់ងារព័ត៌មានកាតា)
មួលដ្ឋានទ័ពអាមេរិកនៅកាតា (រូបភាពទីភ្នាក់ងារព័ត៌មានកាតា)
ដោយ:
​សហរដ្ឋអាមេរិក ដែលជា​មហាអំណាច​យោធា​លំដាប់​ទី​១ ជាមួយ​កញ្ចប់​ថវិកា​យោធា​ប្រចាំឆ្នាំ​ជាង​៧០០​ពាន់​លាន​ដុល្លារ  មាន​មូលដ្ឋានទ័ព​ជាង​៨០០​ទីតាំង នៅក្នុង​ប្រទេស​ជាង​៧០ និង​ដែនដី​អធិបតេយ្យ​បរទេស​ផ្សេងៗ​ទៀត​។ ដើម្បីរក្សា​មូលដ្ឋានទ័ព និង​កងទ័ព​នៅក្រៅ​ប្រទេស​បែបនេះ តើ​អាមេរិក​ចំណាយ​ប្រាក់​ចំនួន​ប៉ុន្មាន​ក្នុង​មួយឆ្នាំ​?

 
​ម្ចាស់​ស្នាដៃ​សៀវភៅ​ក្រោម​ចំណងជើង​៖ «Base Nation: How U.S. Military Bases Overseas Harm America and the World»  លោក David Vine បាន​គណនា​ថា សម្រាប់​រក្សា​មូលដ្ឋានទ័ព និង​កងទ័ព​របស់​អា​មេ​រិ​កនៅ​បរទេស ក្រសួងការពារជាតិ​បាន​ចំណាយ​ប្រាក់​ចន្លោះ​ពី ៨៥ ទៅ ១០០ ពាន់​លាន​ដុល្លារ ក្នុង​កញ្ចប់​ថវិកា​ការពារជាតិ​ឆ្នាំ​២០១៤​។ បើ​គិត​សរុប​បញ្ចូល​ជាមួយ​ប្រាក់​ចំណាយ​លើ​មូលដ្ឋានទ័ព និង​កងទ័ព​ក្នុង​សមរភូមិ​ប្រយុទ្ធ​ទៀត គឺ​ត្រូវការ​ប្រាក់​ទាំងអស់​ប្រមាណ​ពី​១៦០ ទៅ ២០០​ពាន់​លាន​ដុល្លារ​ឯណោះ​។​
 
​សៀវភៅ​ខាងលើ​ដែល​បាន​ចេញលក់​ជា​ផ្លូវការ​កាលពី​ខែសីហា​ឆ្នាំ​២០១៥  បាន​បង្ហាញថា លើ​ពិភពលោក​មាន​ប្រទេស​ចំនួន​១១​ប៉ុណ្ណោះ ដែលមាន​មូលដ្ឋានទ័ព​របស់ខ្លួន​នៅ​បរទេស​។ ហើយ​បើ​គិត​បញ្ចូល​គ្នា​ទៅ ប្រទេស​ទាំងអស់នេះ មាន​មូលដ្ឋានទ័ព​នៅក្រៅ​បរទេស​ប្រមាណ  ៧០​ទីតាំង​ប៉ុណ្ណោះ​។ 
 
​តួយ៉ាង រុស្ស៊ី ត្រូវបាន​ប៉ាន់​ស្មានថា មាន​មូលដ្ឋានទ័ព​ពី ២៦ ទៅ ៤០​ទីតាំង នៅក្នុង​ប្រទេស​ចំនួន​៩ ក្នុងនោះ​ភាគច្រើន ជា​បណ្តា​ប្រទេស​អតីត​សហភាពសូវៀត និង​ស៊ី​រី​ជាដើម​។ រីឯ ចក្រភព​អង់គ្លេស​, បារាំង និង​តួ​ក​គី​រៀងៗ​ខ្លួន មាន​មូលដ្ឋានទ័ព​នៅ​បរទេស​ប្រមាណ​ពី ៤ ទៅ ១០ ទីតាំង​។ ចំណែកឯ ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ អ៊ីតាលី និង​ហូ​ឡង់​រៀងៗ​ខ្លួន ត្រូវបាន​ប៉ាន់​ស្មានថា មាន​មូលដ្ឋានទ័ព​នៅ​បរទេស ពី ១ ទៅ ៣ ទីតាំង​ប៉ុណ្ណោះ​៕ 

Tag:
 សហរដ្ឋអាមេរិក​
  មូលដ្ឋានទ័ព​បរទេស
© រក្សាសិទ្ធិដោយ thmeythmey.com