អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តូយ៉ូតា ប្តេជ្ញាផ្តល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្ត ដល់សិស្សក្រីក្រឲ្យបានកាន់តែច្រើន
× ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) កាលពីថ្ងៃទី១៧ ខែ វិច្ឆិកា បានរៀបចំពិធីប្រគល់អាហារូបករណ៍បច្ចេកទេសជួសជុលរថយន្តរបស់សិស្សក្រីក្រជំនាន់ទី៧ និងពិធីអបអរសាទរ ការបញ្ចប់ថ្នាក់អាហារូបករណ៍ជំនាញបច្ចេកទេសជួសជុលរថយន្តរបស់សិស្សក្រីក្រជំនាន់ទី៥។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា),លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន,លោក ស៊ឹម សុរិន្ទ នាយកសាលា ហ្ស៊ី វ៉េ សេ (JVC) និងថ្នាក់ដឹកនាំក្រុមហ៊ុន ព្រមទាំងសិស្សអាហារូបករណ៍ទាំងអស់ផងដែរ។
លោក គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានថ្លែងឲ្យដឹងថា ឆ្នាំនេះគឺជាឆ្នាំទី៧ ហើយ ដែលក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ប្រគល់នូវអាហារូបករណ៍ ជូនដល់សិស្សក្រីក្រ ដែលពុំមានលទ្ធភាពបង់ថ្លៃសិក្សា ដើម្បីឲ្យពួកគាត់មានឱកាស ទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងជំនាញមួយច្បាស់លាស់ ដែលពាក់ព័ន្ធនឹងបច្ចេកទេសជួសជុលរថយន្ត ក៏ដូចជាដើម្បីចូលរួមដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យយានយន្ត និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។
បើតាមលោក គង់ ងួន គិតមកដល់ឆ្នាំសិក្សា ២០១៧-២០១៨នេះ សិស្សអាហារូបករណ៍របស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មានសរុប ៦៦រូប ដែលក្នុងនោះសិស្សអាហារូបករណ៍ជំនាន់ទី១ មាន១៦រូប សិស្សជំនាន់ទី២មាន១០រូប សិស្សជំនាន់ទី ៣មាន ១០រូប សិស្សជំនាន់ទី៤ មាន ១០រូប សិស្សជំនាន់ទី៥ មាន ៩រូប ដែលពួកគាត់ទើបតែប្រលងបញ្ចប់កាសិក្សា កាលពីខែកក្កដាកន្លងទៅនេះ និងសិស្សជំនាន់ទី៦ មាន ១១រូប ដែលពួកគាត់កំពុងបន្តការសិក្សានៅសាលា។
លើសពីនេះទៀត ក្រុមហ៊ុនក៏បានប្រគល់អាហារូបករណ៍ (រួមមាន៖ ថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ឧបត្ថម្ភប្រចាំខែ) ជូនដល់សិស្សក្រីក្រជំនាន់ទី៧ ចំនួន១៣ រូបផ្សេងទៀត ដែលមកពីបណ្ដាលខេត្ត៨ផ្សេងៗគ្នា រួមមានខេត្តបន្ទាយមានជ័យ ក្រចេះ សៀមរាប កំពង់ស្ពឺ តាកែវ កណ្ដាល កំពង់ចាម និងខេត្តកំពង់ឆ្នាំ ឲ្យសិក្សា និងស្នាក់នៅនៅក្នុងសាលាមធ្យមសិក្សាបច្ចេកទេស ហ្ស៊ី វ៉េ សេ (JVC) ផងដែរ។
លោក គង់ ងួន ក៏បានផ្ដាំផ្ញើ និងក្រើនរំលឹក ដល់សិស្សដែលទទួលបានអាហារូបករណ៍ នៅពេលនេះ ត្រូវតែមានឆន្ទៈ និងស្មារតីខ្ពស់ ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ ក្រេប ជញ្ជក់យកចំណេះដឹង ដើម្បីកែប្រែអនាគតរបស់ខ្លួន ឲ្យឆ្ពោះទៅកាន់ភាពជោគជ័យ។
ឆ្លៀតក្នុងឱកាសនេះ ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏បានសម្ដែងសេចក្ដីត្រេកអរ ដល់សិស្សជំនាន់ទី៥ ទាំង៩រូប ដែលពួកគាត់បានតស៊ូអស់ពីកម្លាំងកាយចិត្ត ដើម្បីប្រលងបញ្ចប់ការសិក្សា ជាមួយនឹងលទ្ធផលដ៏ល្អប្រសើរ ហើយពួកគាត់ទាំងអស់ ទទួលបានការងារធ្វើគ្រប់ៗគ្នា នៅតាមស្ថាប័ន និងយានដ្ឋានផ្សេងៗ ជាមួយនឹងជំនាញច្បាស់លាស់ ទទួលបានប្រាក់ចំណូលសមល្មម សម្រាប់ផ្គត់ផ្គង់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។
លោក គង់ នួន ក៏គូសបញ្ជាក់ដែរថា ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) នឹងបន្តជ្រើសរើស សិស្សអាហារូបករណ៍ជារៀងរាល់ឆ្នាំ ហើយលោកលើកទឹកចិត្តឲ្យផ្សព្វផ្សាយព័ត៌មាន ពីការផ្ដល់អាហារូបករណ៍នេះ ឲ្យកាន់តែទូលំទូលាយផងដែរ ដើម្បីឲ្យសិស្សនិស្សិតដែលកំពុងខ្វះខាតមានឱកាសទទួលបានជំនាញមួយច្បាស់លាស់ក្នុងជីវិត៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com