កីឡាអន្តរជាតិ
អន្តរជាតិ
Real ត្រៀម​ជាង​១០០​លាន​ដុល្លារ​ដើម្បី​យក Rashford និង Eriksen ទៅ Bernabeu
21, Nov 2018 , 10:59 pm        
រូបភាព
​ក្លិប Real Madrid កំពុង​រៀបចំ​ប្រាក់​៩០​លាន​ផោន (១១៥​លាន​ដុល្លារ​អាមេរិក​) លើ​ផែនការ​វាយឆ្មក់​កីឡាករ​ពីររូប​ពី​ក្របខណ្ឌ Premier League ក្នុងនោះ​មាន Marcus Rashford ខ្សែប្រយុទ្ធ Manchester United កីឡាករ និង Christian Eriksen ខ្សែបម្រើ​ឆ្នើម​របស់ Tottenham Hotspur នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​នៅ​ខែ​កម​រា​។​


 
The Sun ផ្សាយ​ថា Rashford ជា​ខ្សែប្រយុទ្ធ​ថ្មី​បំផុត​ដែល​កំពុង​លេចធ្លោ​និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​បំពេញ​ចន្លោះប្រហោង​ក្រោយ​ការចាកចេញ​របស់ Cristiano Ronaldo ពី​ទឹកដី Bernabeu ហើយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​បាន​ទៅ​មើល​ផ្ទាល់​អំឡុង​រូបគេ​លេង​ឲ្យ​អង់គ្លេស​ដែល​ប្រកួត​ឈ្នះ​ក្រូ​អាស៊ី ២-១ កាលពី​ចុង​សប្តាហ៍​មុន​។​


 
​អ្នកឃ្លាំមើល​របស់ Real ក៏បាន​ទៅ​អង្កេត​ផ្ទាល់​នៅពេល​ការប្រកួត​របស់​ក្រុម Man Utd នៅ​រដូវ​កាល​នេះ​ផងដែរ ទោះ​ខ្សែប្រយុទ្ធ​វ័យ​២១​ឆ្នាំ​ទើប​បង្ហាញខ្លួន​៥​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League ក៏ដោយ​។​
 
​ម្ចាស់​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ ៣៣​សម័យ ដែល​បាន​លក់ Ronaldo ទៅ​ឲ្យ Juventus ក្នុងតម្លៃ ១២៨ លាន​ដុល្លារ​អាមេរិក​កាលពីដើម​រដូវ​នេះ​សង្ឃឹមថានឹង​អាច​យក Rashford បាន ដោយ​ចំណាយ​ត្រឹម​ពាក់កណ្តាល​នៃ​ប្រាក់​ដែល​លក់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​នេះ​។​
 
Rashford ទើប​ស៊ុត​បាន ២ គ្រាប់​ឲ្យ Man United នៅ​រដូវ​កាល​នេះ​ប៉ុណ្ណោះ​ពេល​លេង​ទល់នឹង West Ham និង Bournemouth និង​តែងតែ​ត្រូវ​លោក Jose Mourinho រិះគន់​ពី​ទម្រង់​លេង​។ ប៉ុន្តែ​សម្រាប់​ការបង្ហាញ​ខ្លួន​ឲ្យ​ជម្រើសជាតិ​រូបគេ​ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រសែភ្នែក​គ្រូបង្វឹក​លោក Gareth Southgate​។​
 
​ក្រៅពី Rashford ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ថ្មី​លោក Santiago Solari ក៏​ចង់បាន​ខ្សែបម្រើ​វ័យ ២៦ ឆ្នាំ Eriksen និង​កំពុង​ដេញថ្លៃ​ក្នុងតម្លៃ ៤០ លាន​ផោន (៥១​លាន​ដុល្លារ​) ដើម្បី​យកទៅ​ជំនួស​តំណែង Luka Modric ដែល Real ទិញ​ពី Spurs ដូចគ្នា​។​


 
​សមាជិក​ក្រុម​ជម្រើសជាតិ​ដា​ណឺ​ម៉ាក​រូបនេះ​នៅសល់​កិច្ចសន្យា​រយៈពេល​១៨​ខែ​ទៀត​សម្រាប់​ក្លិប​រហស្សនាម​មាន់​ខ្នាយ​មាស និង​មិនទាន់មាន​ការពិភាក្សា​ប​ន្ត​នៅឡើយ​ដែរ​។​
 
Eriksen ក៏បាន​ចរចា​ពី​ការបន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​នៅ​អង់គ្លេស​នេះ​តាំងពី​រដូវ​កាល​មុន​មកម្ល៉េះ​ដោយ​ទាមទា​តំឡើង​ប្រាក់​ឈ្នួល​បន្ថែម​លើស​បច្ចុប្បន្ន​ដែល​ទទួលបាន​ក្នុង​១​សប្តាហ៍ ៧០០០០​ផោន (​ជិត​៩០០០០​ដុល្លារ​)​។ ប៉ុន្តែ​យ៉ាងណា​អ្នកចាត់ការ Spurs លោក Mauricio Pochettino មិនទាន់​សម្រេច​លើ​អនាគត​របស់ Eriksen នោះទេ ខណៈ​កិច្ចសន្យា​របស់ Dele Alli  និង Harry Kane ត្រូវបាន​ពន្យា​រហូតដល់​ឆ្នាំ​២០២៤​។​
 
Solari អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​សង្ឃឹមថានឹង​អាច​នាំយក Rashford និង Eriksen ទៅ​រួម​ក្រុម​នៅពេល​ទ្វារ​ដោះដូរ​កីឡាករ​បើក​ជា​លើក​ទី​២​នៅ​ខែមករា​ខាងមុខ​៕

Tag:
 បាល់ទាត់​
  Marcus Rashford
  Christian Eriksen
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com