អន្តរជាតិ
​អតីត​ទាហាន​ហ្គា​តេ​ម៉ា​ឡា​ម្នាក់​ជាប់ពន្ធនាគារ​៥១៦០​ឆ្នាំ​ពីបទ​សម្លាប់​មនុស្ស​១៧១​នាក់​
22, Nov 2018 , 9:59 pm        
រូបភាព
ដោយ: ធីតា
​តុលាការ​ប្រទេស​ហ្គា​តេ​ម៉ា​ឡា កាលពី​ថ្ងៃ​ពុធ បាន​កាត់ទោស​អតីត​ទាហាន​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥១៦០​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការសម្លាប់​រង្គាល​នូវ​មនុស្ស​១៧១​នាក់​នា​អំឡុង​នៃ​សង្គ្រាមស៊ីវិល​ក្នុងប្រទេស​អាមេរិក​កណ្តា​ល​មួយ​នេះ​។​

 
​ហ្គា​តេ​ម៉ា​ឡា បាន​រងគ្រោះ​ដោយ​សង្គ្រាមស៊ីវិល​ចន្លោះ​ពី​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៩៦​។ កាលពី​ឆ្នាំ​១៩៨២ កសិករ​២០១​រង​នូវ​ទារុណកម្ម​រហូតដល់​ស្លា​ប់ ដែល​ក្នុងនោះ ១៧១​នាក់ បាត់បង់​ជីវិត​ក្រោម​ដៃ​របស់​នាយទាហាន Santos Lopez ដែល​បាន​ប្រព្រឹត្ត​នៅក្បែ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​។​
 
​តុលាការ​រកឃើញថា Lopez អាយុ​៦៦​ឆ្នាំ ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ព្រៃផ្សៃ​បែបនេះ​មែន ដែល​ឈានដល់​ការកាត់ទោស​៣០​ឆ្នាំ​សម្រាប់​ជីវិត​ម្នាក់ៗ រួមទាំង​៣០​ឆ្នាំ​បន្ថែមទៀត ទាក់ទង​នឹង​ការសម្លាប់​កុមារ ដែល​នាំ​ឲ្យ​ទោស​នេះ​កើន​ដល់​៥១៦០​ឆ្នាំ​ពីបទ​មនុស្សឃាត និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ទោស​ទាំងអស់នេះ គ្រាន់តែ​ជា​និម្មិត​រូប​ប៉ុណ្ណោះ ពីព្រោះ​កម្រិត​ទោស​ពន្ធនាគារ​អតិបរិមា​នៅ​ហ្គា​តេ​ម៉ា​ឡា មាន​ត្រឹមតែ​៥០​ឆ្នាំ​។​
 
Lopez គឺជា​អតីត​សមាជិក​កងកម្លាំង​ម្នាក់​ដែល​ទទួល​ការ​បង្វឹក​ពី​អាមេរិក ដែលមាន​ឈ្មោះថា Kaibil​។ កាលពី​ឆ្នាំ​២០១៦ គេ​ត្រូវ​ឃាត់ខ្លួន និង​បញ្ជូន​ចេញពី​សហរដ្ឋអាមេរិក​។ ក្រៅពីនេះ គូកន​ផ្សេងទៀត​របស់គេ ក៏​ត្រូវបាន​ឃុំខ្លួន​នៅ​សហរដ្ឋអាមេរិក​ផងដែរ​។​
 
​យោងតាម​របាយការណ៍​អង្គការសហប្រជាជាតិ មនុស្ស​ប្រមាណ​២០០ ០០០​នាក់ បាន​ស្លាប់ និង​បាត់​ខ្លួន នា​អំឡុង​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំ​រៃ​នៅ​ហ្គា​តេ​ម៉ា​ឡា មុននឹង​បញ្ចប់​ផ្លូវការ​នៅ​ឆ្នាំ​១៩៩៦៕

Tag:
 ​ហ្គា​តេ​ម៉ា​ឡា
© រក្សាសិទ្ធិដោយ thmeythmey.com