អន្តរជាតិ
លោក ហេង ស្វី​គៀត ជាអនាគត​នាយករដ្ឋមន្ត្រី​ថ្មី​របស់​សិង្ហ​បុរី​
24, Nov 2018 , 12:59 pm        
រូបភាព
លោក ហេង ស្វីគៀត លេខាធិការរងទីមួយនៃបក្ស PAP និងបេក្ខជនអនាគតនាយករដ្ឋមន្ត្រីសិង្ហបុរី
លោក ហេង ស្វីគៀត លេខាធិការរងទីមួយនៃបក្ស PAP និងបេក្ខជនអនាគតនាយករដ្ឋមន្ត្រីសិង្ហបុរី
​អនាគត​នាយករដ្ឋមន្ត្រី​ថ្មី​របស់​សិង្ហ​បុរី បាន​លេចមុខ​កាន់តែច្បាស់​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា​។ គណបក្ស​សកម្មភាព​ប្រជាជន (PAP) ដែល​កំពុង​កាន់អំណាច បាន​រុះរើ​ក្បាលម៉ាស៊ីន​របស់ខ្លួន​ដោយបាន​បញ្ចូល​មេដឹកនាំ​វ័យក្មេង​ជំនា​ន់ទី​៤ ឲ្យ​កាន់តំណែង​សំខាន់ៗ​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​លោក ហេង ស្វី​គៀត (Heng Swee Keat) បាន​ក្លាយជា​អគ្គលេខាធិការរង​ទីមួយ​របស់​បក្ស ដែល​នេះ​មានន័យថា លោក​គឺជា​បេក្ខភាព​ដែល​ត្រូវ​ស្នង​តំណែង​បន្ត​ពី​លោក លី សៀន​ឡុង ។​

 
​គណៈកម្មាធិការ​ប្រតិបត្តិ​កណ្ដាល (CEC) របស់​បក្ស​កាន់អំណាច​សកម្មភាព​ប្រជាជន​នៅ​សិង្ហ​បុរី នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា បាន​ផ្លាស់ប្ដូរ​តំណែង​សំខាន់ៗ​ជាច្រើន ដោយ​សមាជិក​វ័យ​ចំណាស់​បាន​ចាកចេញ និង​ជំនួស​ដោយ​សមាជិក​វ័យ​ក្មេង​ដែល​គេ​ស្គាល់​ថា មេដឹកនាំ​ជំនា​ន់ទី​៤ ។ អ្វីដែល​គេ​រង់ចាំ​នោះ គឺ​នរណា​នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ថ្មី​ជំនួស​លោក លី សៀន​ឡុង ដែល​នឹង​លាឈប់​នៅក្រោយ​ការបោះឆ្នោត​អាណត្តិ​ថ្មី​នៅ​ឆ្នាំ​២០២១ ។ 
 
​អនាគត​នាយករដ្ឋមន្ត្រី​ថ្មី​នេះ បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប​នៃ​ការចាប់អារម្មណ៍​ខ្លាំង ហើយ​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​ក៏បាន​បែកធ្លាយ​ដែរ​។ ពីដំបូង បេក្ខភាព​ដែល​ត្រូវ​ស្នង​តំណែង​លោក លី មាន​បីនាក់ គឺ​រដ្ឋមន្ត្រី​អប់រំ អុង យី​គង់ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម ចាន់ ឈុន​ស៊ី​ង និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ហេង ស្វី​គៀត ។ យ៉ាងណាមិញ ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ថ្មី CEC កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា លោក ចាន់ និង​លោក ហេង ក្លាយជា​បេក្ខភាព​ពីរ​នាក់​ដែលមាន​ឱកាស​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​។​
 
​ក្នុង​កិច្ចប្រជុំ​របស់ខ្លួន គណៈកម្មាធិការ​ប្រតិបត្តិ​កណ្ដាល​ដែលជា​ស្ថាប័ន​សម្រេចចិត្ត​ខ្ពស់​ជាងគេ​របស់​បក្ស ក៏​សម្រេច​តែងតាំង​លោក ហេង ជា​អគ្គលេខាធិការរង​ទី​១ ហើយ​លោក ចាន់ ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការរង​ទី​២ តាម​សំណើ​លោក ហេង ។ ជាមួយនឹង​តំណែង​អគ្គលេខាធិការរង​ទី​១ នេះ លោក ហេង គឺជា​បេក្ខជន​ដែល​ត្រូវ​រំពឹងថា នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​៤ របស់​សិង្ហ​បុរី នៅពេល​លោក លី លាឈប់​។ សព្វថ្ងៃ​លោក លី ក៏​ជា​អគ្គលេខាធិការ​បក្ស​ដែរ​។   
 
​អនាគត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ហេង ស្វី​គៀត ជា​នរណា​? 
 
​លោក ហេង ស្វី​គៀត មាន​វ័យ​៥៧​ឆ្នាំ ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​ជា​សមាជិក CEC របស់បក្ស​កាន់អំណាច​។ លោក​ត្រូវបាន​មេដឹកនាំ​ជំនា​ន់ទី​៤ (4G) ដែលជា​មនុស្ស​ជំនាន់​ថ្មី​របស់​បក្ស​សកម្មភាព​ប្រជាជន ព្រមព្រៀង​ឲ្យ​ដឹកនាំ​ពួកគេ និង​សិង្ហ​បុរី​សម្រាប់​ការបោះឆ្នោត​ដែល​ត្រូវធ្វើ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២១ និង​ពេលខាងមុខ​ទៀត​។ លោក លី និង​ឪពុក​របស់លោក គឺ​លោក លី ក្វាន់​យូ សុទ្ធតែ​និយាយ​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សមត្ថភាព​របស់លោក ហេង ។​
 
​ទទួលបាន​ការសិក្សា​នៅ​អាមេរិក​ផ្នែក​រដ្ឋបាល​សាធារណៈ​ពី​សាកលវិទ្យាល័យ​ហា​វឺ​ដ (Harvard) និង​អង់គ្លេស លោក ហេង ផ្ដើម​ការងារ​ជា​ប៉ូលិស និង​ជាម​ន្ត្រី​ស៊ីវិល​។ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Today ពី​ឆ្នាំ​១៩៩៧​ដល់​ឆ្នាំ​២០០០ លោក​ជា​លេខា​ផ្ទាល់​របស់​ស្ថាបនិក​សិង្ហ​បុរី លី ក្វាន់​យូ ដែលជា​ទេសរដ្ឋមន្ត្រី​។ លោក លី ក្វាន់​យូ បាន​ហៅ​លោក ហេង ជា​លេខា​ល្អ​បំផុត​របស់លោក​។ នៅ​ឆ្នាំ​២០០១ លោក​ក្លាយជា​អគ្គលេខាធិការ​អចិន្ត្រៃយ៍​នៅ​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។​
 
​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១១ លោក ហេង ជា​អ្នកចាត់ការ​របស់​អាជ្ញា​ធរ​រូបិយវត្ថុ​សិង្ហ​បុរី ដែល​បាន​ជួយ​បុរី​រដ្ឋ​មួយ​នេះ​ឲ្យ​ឆ្លង​ផុត​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៧-២០០៨ និង​មាន​សេដ្ឋកិច្ច​ងើបឡើង​យ៉ាង​ឆាប់រហ័ស​។ នៅ​ឆ្នាំ​២០១១ លោក​ក៏​ចូលប្រឡូក​ក្នុង​វិស័យ​នយោបាយ និង​ក្លាយជា​តំណាងរាស្ត្រ​។ ឆ្នាំ​ដដែល​នេះ មុន​ការបោះឆ្នោត លោក​ក៏​ក្លាយជា​រដ្ឋមន្ត្រី​អប់រំ រហូតដល់​ឆ្នាំ​២០១៥ ពេល​លោក​ត្រូវបាន​ផ្ទេរ​ទៅជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ដល់ពេល​បច្ចុប្បន្ន​។ លោក​ក៏​ដឹកនាំ​ស្ថាប័ន​ផ្សេងទៀត​ជាច្រើន​ដែរ​។​
 
​ធ្លាប់​សន្លប់​ក្នុង​កិច្ចប្រជុំ តែ​មិនមែនជា​ឧបសគ្គ​
 
​នៅក្នុង​ឆ្នាំ​២០១៦ លោក ហេង បាន​ដួលសន្លប់​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី ហើយក៏​មានការ​ភ័យ​បារម្ភ​ថា ជីវិត​នយោបាយ​របស់​លោក​ចប់​ត្រឹមនេះ​ទៅហើយ​។ ប៉ុន្តែ​លោក​បែរជា​អាច​សះស្បើយ​បាន​លឿន​ជាង​ការរំពឹងទុក និង​ចាប់ផ្ដើម​ការងារ​នៅ​ប៉ុន្មាន​ខែ​បន្ទាប់​។ បញ្ហា​សុខភាព​នេះ ក៏​ធ្វើ​ឲ្យ​មានការ​ពិចារណា​ឡើងវិញ​ពី​អនាគត​របស់លោក ជាពិសេស​ការ​កាច់ចង្កូត​ដែន​កោះ​ដែល​ជាប់​ឈ្មោះ​ជា​ទឹកដី​រីកចម្រើន​បំផុត​មួយ​របស់​ពិភពលោក​។​
 
​ជុំវិញ​រឿងនេះ លោក ហេង អះអាងថា សុខភាព​របស់លោក​ល្អ​ជាង​ពេលមុន​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​ថ្ងៃទី​២៣ ខែវិច្ឆិកា អគ្គលេខាធិការរង​ទីមួយ​បក្ស​សកម្មភាព​ប្រជាជន​រូបនេះ​លើកឡើងថា លោក​នឹងមិន​ទទួល​តំណែង​នេះ​ទេ បើ​សុខភាព​របស់លោក​មិន​អនុញ្ញាត​ឲ្យ​លោក​ធ្វើបែបនេះ​បាន​នោះ​។ 
 
«​គ្រូពេទ្យ​បាន​ឲ្យ​បញ្ជី​ពិនិត្យ​សុខភាព​មក​ខ្ញុំ​។ ហើយ​ជាការ​ពិត​ក្នុងការ​ពិនិត្យ​សុខភាព​ចុងក្រោយ​នវ លទ្ធផល​របស់ខ្ញុំ គឺ​ប្រសើរ​ជាង​ពេលមុន​។ ខ្ញុំ​ស្រក​ទម្ងន់​បន្តិច តែ​ល្អ​ជាង​មុន ដោយសារ​ហាត់ប្រាណ​បាន​ច្រើន​។​» នេះ​ជាការ​លើកឡើង​របស់លោក ហេង ទៅនឹង​សំណួរ​ពាក់ព័ន្ធ​សមត្ថភាព​របស់លោក​ក្នុងការ​ទប់ទល់​នឹង​សម្ពាធ​ដែល​អាច​កើតចេញពី​ការ​តំណែង​ដ៏​ខ្ពស់​នេះ​។​
 
​អ្វី​ជា​ជំហាន​បន្ទាប់​?
 
​ក្រោយ​កិច្ចប្រជុំ​របស់ CEC លោកនាយក​រដ្ឋមន្ត្រី លី នឹង​រុះរើ​គណៈរដ្ឋមន្ត្រី​ថ្មី​ដើម្បី​ផ្គូរ​ផ្គង​តំណែង​ថ្មី​ស្របតាម​ការផ្លាស់ប្ដូរ​ស​មាស​ភាព​របស់​បក្ស​កាន់អំណាច​។ សមាសភាព​ថ្មី​នេះ ក៏​នឹង​ដឹកនាំ​បក្ស​ដើម្បី​ការ​ប្រជែង​ក្នុងការ​បោះឆ្នោត ដែល​អាចធ្វើ​នៅមុន ឬ​ត្រឹម​ខែមេសា ឆ្នាំ​២០២១ ។ លោក ហេង និង​មេដឹកនាំ​ជំនា​ន់ទី​៤ នឹង​ដើរតួនាទី​សំខាន់​ក្នុងការ​បោះឆ្នោត​នេះ​។​
 
​តាម​ទម្លាប់​របស់​បក្ស​កាន់អំណាច អគ្គលេខាធិការរង​ទី​១ និង​ទី​២ នឹងត្រូវ​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​។ ពោល គឺ​លោក លី នឹង​តែងតាំង​លោក ហេង និង​លោក ចាន់ ជា​ឧបនាយករដ្ឋមន្ត្រី​ជំនួស​លោក Teo Chee Hean និង​លោក Tharman Shanmugaratnam ដែលជា​កំពុង​កាន់តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​។ ទាំង​លោក Teo និង​លោក Tharman បាន​លាលែង​ពី​តំណែង​សមាជិក CEC រួច​អស់ហើយ​ដើម្បី​បើកផ្លូវ​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​។​
 
​បន្ទាប់មកទៀត ដូចដែល​បាន​អះអាងថា នឹង​លាលែង​ពី​តំណែង​មុន​អាយុ ៧០​ឆ្នាំ លោក លី នឹង​បន្ត​ជួយ​បក្ស PAP ក្នុងការ​បោះឆ្នោត​សិន រួច​ទើប​លាលែង​ពី​តំណែង​អគ្គលេខាធិការ​បក្ស ដែល​លោក ហេង នឹង​ជា​អ្នកទទួល​បន្ត​។ ក្លាយជា​អគ្គលេខាធិការ​បក្ស លោក ហេង នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​៤ របស់​សិង្ហ​បុរី​តែម្ដង​៕  

Tag:
 សិង្ហ​បុរី​
  Heng Swee Keat
  លី សៀន​ឡុង​
© រក្សាសិទ្ធិដោយ thmeythmey.com