ជាតិ
សេដ្ឋកិច្ច
ព្រលានយន្តហោះ​ថ្មី​ប៉ោយប៉ែត​ចាប់ផ្តើម ស្របពេល​អចលនទ្រព្យ​កំពុងមាន​កំណើន​ខ្លាំង​
24, Nov 2018 , 2:59 pm        
រូបភាព
​គម្រោង​វិនិយោគ​ថ្មី នៅលើ​ទីតាំង​ព្រលានយន្តហោះ​ដែលមាន​ស្រាប់ នៅក្នុង​ក្រុង​ប៉ោយប៉ែត ត្រូវបាន​ប្រកាស​ឲ្យ​ដឹង ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ថា នឹង​ផ្តល់​សិទ្ធិ​វិនិយោគ​បន្ត អោយ​ក្រុមហ៊ុន «Poipet Airport Investment» ដើម្បី​សាងសង់​ព្រលានយន្តហោះ​នេះ​នៅ​ឆ្នាំ​២០២០ ហើយ​គ្រោង​នឹង​ចំណាយពេល​៣​ទៅ​៥​ឆ្នាំ ដើម្បី​បញ្ចប់​ការសាងសង់​។​



​ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​ជាង ១០០ ហិច​តា​ព្រលានយន្តហោះ​នេះ​មាន​ទីតាំង​នៅក្នុង​សង្កាត់ និមិត្ត ក្រុង​ប៉ោយប៉ែត​ដោយ​គ្រោង វិនិយោគ​ក្នុង​ទឹកប្រាក់​ប្រមាណ​៥០​លាន​ដុល្លារ​។​
 
​បច្ចុប្បន្ន​ប៉ោយប៉ែត ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច មជ្ឍមណ្ឌល​ដឹកជញ្ជូន តំបន់ឧស្សាហកម្ម កាស៊ីណូ និង​ជា​ច្រកព្រំដែន​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ របស់​ប្រទេស​កម្ពុជា ជាមួយ​ប្រទេស​ថៃ​។​
 
​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​បាន​ត្រូវ​ត​ភ្ជាប់​គ្នា ក្នុងនោះ​រួមមាន​ការកែលំអ​ផ្លូវ​នៅក្នុង​ក្រុង និង​ផ្លូវ​ត​ភ្ជាប់​ទៅ​តំបន់​ផ្សេងៗ ស្ពាន ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ទីក្រុង​ភ្នំពេញ និង​ផ្លូវអាកាស ដែលជា​គម្រោង​ថ្មី​នេះ​។​
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ សេដ្ឋកិច្ច​ក្នុង​តំបន់​ប៉ោយប៉ែត​កាន់តែ​មាន​ភាព​មមាញឹក​ខ្លាំង​ឡើង ក្នុងនោះ​វិស័យ​អចល​ទ្រព្យ កំពុងមាន​ស​ន្ទ​ស្ស​ន៌​កំណើន​គួរ​ឲ្យ​កត់សម្គាល់​។ នេះ​គឺ​មិនទាន់មាន​វត្តមាន​ព្រលានយន្តហោះ​នោះទេ​។​
 
​លោក សាន ស៊ាន ហូ អភិបាលក្រុង​ប៉ោយប៉ែត បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​អចលនទ្រព្យ​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ទាំងមូល កំពុងមាន​ភាពប្រែប្រួល​ខ្លាំង​។ លោក​បាន​បន្ថែម​ដូច្នេះ​ថា​៖«​ជាក់ស្តែង យើង​ជួបប្រទះ​ការខ្វះខាត​កន្លែង​ស្នាក់នៅ បន្ទប់​ជួល និង​អគារ​ជួល​ជាដើម​»​។​
 
​សម្រាប់​តម្លៃ​វិញ លោក ស៊ាន ហ៊ូ បាន​បញ្ជាក់ថា តម្លៃ​ជួល​អចលនទ្រព្យ​បាន​កើនឡើង បី ឬ ៤ ដង បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​។ ចំណែក​តម្លៃ​ដី ក៏បាន​កើនឡើង​ខ្លាំង​ផងដែរ​។ តំបន់​មួយចំនួន នៅតាម​ផ្លូវជាតិ​លេខ​៥ ពីមុន​មានតម្លៃ​៤០ ទៅ​៥០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ បច្ចុប្បន្ន​មានតម្លៃ​១៥០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។​
 
​តំបន់​ខ្លះទៀត ធ្លាប់​មានតម្លៃ​ត្រឹមតែ​៣ ទៅ​៥​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ បច្ចុប្បន្ន​កើនឡើង​ដល់​២០ ទៅ​៣០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។  នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ាន ហូ​។​
​លោក ស៊ាន ហូ បញ្ជាក់ថា ប៉ោយប៉ែត បាន​ក្លាយជា​ទិសដៅ​វិនិយោគ​ថ្មី សម្រាប់​វិនិយោគិន​បរទេស​។ វិនិយោគិន​ចិន ជប៉ុន និង​ថៃ កំពុង​ចាប់អារម្មណ៍​ខ្លាំង លើ​តំបន់​អភិវឌ្ឍន៍​នានា នៅ​ប៉ោយប៉ែត​។ លោក​ជឿជាក់ថា វត្តមាន​ព្រលានយន្តហោះ​ថ្មី​នេះ នឹង​ជួយ​ជំរុញ​អចលនទ្រព្យ​នៅក្នុង​តំបន់​នេះ ឲ្យ​ចម្រើន​យ៉ាងខ្លាំង​នៅពេល​អនាគត​។​
 
​លោក ហោ គ​ន្ធា (​ហៅ​Roy) ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Sokha Residences Group បាន​និយាយថា ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​កត្តា​ជំរុញ​លទ្ធភាព និង​ទំហំ​វិនិយោគ ពី​ដៃគូ​អន្តរជាតិ​បាន​កាន់តែច្រើន ហើយ​ជារួម វិស័យ​អចលនទ្រព្យ នឹង​បន្ត​រីកចម្រើន​ទៅមុន​។ តាមរយៈ​ព្រលានយន្តហោះ​ថ្មី​នេះ នឹង​នាំយក​ភ្ញៀវទេសចរ និង​វិនិយោគិន​ធំៗ នៅក្នុង​វិស័យ​អចលនទ្រព្យ អោយចូល​ទៅកាន់​តំបន់​នេះ បាន​ច្រើន​ថែមទៀត​។​
 
​លោក Roy បាន​បញ្ជាក់ថា បច្ចុប្បន្ន​អចលនទ្រព្យ​ដែល​ឈានមុខ​គេ​នៅ​ទី​ក្នុង​តំបន់ គឺ​វិស័យ​ដីធ្លី និង​មាន​គម្រោង​លំនៅដ្ឋាន​បែប​បុរី​មួយចំនួន​ផងដែរ​។ ទោះជា​យ៉ាងណាក៏ដោយ គម្រោង​ខុន​ដូ មិនទាន់មាន​ច្រើន​នោះទេ​។ 
 
​បើ​ពិនិត្យ​ជារួម គេ​មើលឃើញថា តំបន់​ប៉ោយប៉ែត នឹង​ក្លាយជា​ទីតាំង​ថ្មី​មួយទៀត សម្រាប់​វិនិយោគិន​បរទេស ពិសេស​អ្នក​អភិវឌ្ឍន៍​ចិន ខណៈ​ទំនោរ​នៃ​ការវិនិយោគ​នៅ​តំបន់​នេះ ជុំវិញ​វិស័យ​អចលនទ្រព្យ គឺ​ស្រដៀង​គ្នា​នឹង​ក្រុងព្រះសីហនុ​។ ទោះយ៉ាងណា បច្ចុប្បន្ន​វិនិយោគិន​ទូទៅ​នៅតែ​អាច​ស្វែងរក​ឱកាស​វិនិយោគ​ល្អ​បំផុត​៕

Tag:
 ព្រលានយន្តហោះ​
 ​ប៉ោយប៉ែត​
 ​វិនិយោគ​
 ​ដីធ្លី​
 ​អចលនទ្រព្យ​
 ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com