ជាតិ
អន្តរជាតិ
«​ខ្លា​លឿង​មាស​» ជា​ប្រភេទ​សត្វ​កម្រ ដែល​រង​ការគំរាមកំហែង​យ៉ាងខ្លាំង​!
24, Nov 2018 , 4:01 pm        
រូបភាព
«​ខ្លា​លឿង​មាស​» ជា​ប្រភេទ​សត្វ​កម្រ និង​ទទួល​ការគំរាមកំហែង​យ៉ាងខ្លាំង​។ «​ខ្លា​លឿង​មាស​»  មាននៅ​តំបន់​ភូមិភាគ​ខាងជើង​, និរតី និង​ឦសាន​នៃ​ប្រទេស​កម្ពុជា ហើយ​គេ​ក៏​ប្រទះឃើញ​វា​ផងដែរ នៅ​ភូមិភាគ​ខាងកើត​ប្រទេស​ឥណ្ឌា រហូតដល់​ភាគខាងត្បូង​, ប្រទេស​ចិន​, តំបន់​អាស៊ីអាគ្នេយ៍ និង​កោះ​ស៊ូ​ម៉ា​ត្រា​ប្រទេស​ឥណ្ឌូនេស៊ី​។ «​ខ្លា​លឿង​មាស​» ស្ថិតនៅក្នុង​ក្រុម​ប្រភេទ​មាន​កម្រ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ IUCN ថា​ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​។


 
«​ខ្លា​លឿង​មាស​» រស់នៅក្នុង​ព្រៃចម្រុះ និង​តាម​ព្រៃស្រោង។ ទោះបី​វា​ជា​សត្វ​ដើរ​លើដី​​មែន ប៉ុន្តែ​វាក៏​អាច​ឡើងដើមឈើ​បាន​យ៉ាង​រហ័សផងដែរ នៅពេលដែល​វា​មាន​អាសន្ន​។ «​ខ្លា​លឿង​មាស​» ជា​ប្រភេទ​សត្វ​ធំជាងគេ ក្នុង​ចំណោម​ត្រកូល​ខ្លា​តូចៗ​។ ជាធម្មតា ​វាចា​ប់​អាហារ​ជា​គូ និង​មាន​សកម្មភាព​ទាំងយប់​ទាំង​ថ្ងៃ​។ អាហារ​របស់​វា​មានដូចជា សត្វ​ទន្សាយ​, ក្ដាន់​ញ៉ែង​, សត្វ​ស្លាប​, ត្រ​គួ​ត ពិសេស​ពពួកសត្វ​មាន់ទោ និង​សត្វ​តូចៗ​ដទៃទៀត​។ នេះ​បើ​យោងតាម​សៀវភៅ​ថនិកសត្វ​កម្ពុជា​។​


 
«​ខ្លា​លឿង​មាស​» អាចបង្កើត​កូន​បាន​ពី​១-២​ក្បាល បន្ទាប់ពី​វា​ពពោះ​បាន​រយៈពេល​៩០​ថ្ងៃ។ ​ជាទូទៅ វាបង្កើត​កូន​នៅក្នុង​រុន្ធ​ឈើ រូងដី ឬ​ក្នុង​ចន្លោះ​ផ្ទាំង​ថ្ម​​​។ ប្រសិនជា​កូន​របស់​វា​បាត់បង់​ទៅ មេ​អាច​បន្ត​ពូជ​បាន​ក្នុង​រយៈ ពេល ៤​ខែ​បន្ទាប់​។ ចំណែក​ខ្លា​ឈ្មោល មាន​តួនាទី​សំខាន់​ក្នុងការ​ថែរក្សា​កូន និង​នៅ​ជាមួយ​មេ​អំឡុង​មេ​មានកូន​។

ប្រភព​ឯកសារ​សត្វ​នេះ សារព័ត៌មាន​ថ្មីៗ ដកស្រង់​ចេញពី​សៀវភៅ​ថនិកសត្វ​កម្ពុជា ដែល​រៀបរៀង​ដោយ ម៉ែន សូ​រិ​យន់​, សួន ផល្លា​, ស៊ិន ប៉ូ​លីន និង Joe Walston ឆ្នាំ​២០០៨៕





© រក្សាសិទ្ធិដោយ thmeythmey.com