អន្តរជាតិ
លទ្ធផល​បោះឆ្នោត​មិន​សមប្រកប ប្រធានាធិបតី​តៃវ៉ាន់ លាលែង​ពី​តំណែង​ប្រធាន​បក្ស​កាន់អំណាច​
25, Nov 2018 , 10:59 am        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ប្រកាសលាលែងពីតំណែងប្រធានបក្ស (រូបភាព AFP)
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ប្រកាសលាលែងពីតំណែងប្រធានបក្ស (រូបភាព AFP)
​ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា បានប្រកាស​លាលែង​ពី​តំណែង​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) ដែលជា​បក្ស​កាន់អំណាច បន្ទាប់ពី​ទទួលបាន​លទ្ធផល​មិនល្អ​ក្នុងការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ថ្នាក់​តំបន់​។ បក្ស​កាន់អំណាច​បាន​បាត់បង់​តំណែង​អភិបាលក្រុង​សំខាន់ៗ ដែល​បាន​ធ្លាក់​ទៅលើ​ដៃ​បក្សប្រឆាំង​វិញ​។ លទ្ធផល​នេះ ក៏​ជះឥទ្ធិពល​ដល់​លោកស្រី Tsai ដែរ ដ្បិត​នេះ​ជាការ​សាកល្បង​ប្រជាប្រិយភាព​លោកស្រី​មុន​ការបោះឆ្នោត​ប្រធានាធិបតី​។​

 
​បក្ស​កាន់អំណាច​ប្រជាធិបតេយ្យ​ជឿនលឿន បាន​បាត់បង់​ទីក្រុង​ធំៗ​ចំនួន​ពីរ​ក្នុងការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ថ្នាក់​តំបន់​។ ជា​លើកដំបូង​ក្នុង​រយៈពេល​២០​ឆ្នាំ បក្ស​នេះ​បាន​បាត់បង់​តំណែង​អភិបាលក្រុង Kaohsiung ដែលជា​មូលដ្ឋាន​រឹងមាំ​របស់ខ្លួន និង​ចាញ់​នៅ​ទីក្រុង​ធំ​ទី​ពីរ Taichung ទៀត​។ តំណែង​អភិបាលក្រុង​ទាំងពីរ​នេះ​បាន​ធ្លាក់​ទៅលើ​បក្សប្រឆាំង​គួរ​មីង​តាង ដែលមាន​នយោបាយ​សិទ្ធិ​ក្រុង​ប៉េកាំង​។​
 
​ជាមួយនឹង​បរាជ័យ​នេះ ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen បានប្រកាស​លាលែង​ពី​តំណែង​ប្រធាន​បក្ស​កាន់អំណាច និង​បាន​សុំទោស​អ្នកគាំទ្រ​ផង​។ យ៉ាងណាមិញ ការលាលែង​ពី​តំណែង​មិន​ប៉ះពាល់​តំណែង​ប្រធានាធិបតី​របស់លោក​ស្រី​ឡើយ ប៉ុន្តែ​លទ្ធផល​ការបោះឆ្នោត​នេះ ជា​ប្រជាមតិ​វាស់​ស្ទង់​ប្រជាប្រិយភាព​របស់លោក​ស្រី ដែលមាន​គម្រោង​ការពា​រ​កៅអី​ប្រធានាធិបតី​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២០ ខាងមុខ​។​
 
​ទោះជា​បាត់បង់​ទីក្រុង​សំខាន់​ពីរ​ក្ដី បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​បាន​រក្សា​តំណែង​អភិបាលក្រុង​នៅ​Tainan ភាគ​ត្បូង និង​ក្រុង Taoyuan នៅ​ភាគ​ជើង​ប្រទេស​។ សម្រាប់​លទ្ធផល​នៅ​ក្រុង​តៃប៉ិ​វិញ បេក្ខជន​ឯករាជ្យ Ko Wen-je ទំនងជា​រក្សា​តំណែង​អភិបាលក្រុង​របស់ខ្លួន​បន្តទៀត ខណៈ​បេក្ខជន​របស់​បក្សប្រឆាំង​នៅ​លេខ​រៀង​ទី​២ និង​បេក្ខជន​បក្ស​កាន់អំណាច​ទទួល​សំឡេងគាំទ្រ​លំដាប់​ទី​៣ ។ 
 
​ឯ​បក្សប្រឆាំង​គួរ​មីង​តាង​វិញ បានប្រកាស​ជោគជ័យ​ក្នុង​ទីក្រុង និង​តំបន់​ចំនួន​១៣ ក្នុង​២២ ខណៈ​មុននេះ​បក្ស​មាន​កាន់តែ​ចំនួន​៦​ទីក្រុង​ប៉ុណ្ណោះ​។ បក្ស​កាន់អំណាច DPP ដែល​មុន​ការបោះឆ្នោត​គ្រប់​ទីក្រុង​ចំនួន​១៣​នោះ បានប្រកាស​ជ័យជម្នះ​នៅ​ទីក្រុង​ចំនួន​៦ គឺ​បាន​ថយចុះ​ពាក់កណ្ដាល​ឯណោះ​។ 
 
​ប្រជាប្រិយភាព​របស់រ​ដ្ឋា​ភិ​បាល​លោកស្រី Tsai ដែល​គាំទ្រ​ការផ្ដាច់​ខ្លួន បាន​ធ្លាក់ចុះ​នៅពេល​ថ្មីៗ​នេះ​។ គោលនយោបាយ​រដ្ឋាភិបាល​ដូច​ជាការ​គម្រោង​ឧបត្ថម្ភ​ចូលនិវត្តន៍ និង​ច្បាប់​ការងារ​ជាដើម បង្ក​ជាការ​មិន​ពេញចិត្ត​ទាំង​ក្នុង​ស្រទាប់​អ្នកគាំទ្រ និង​បក្សប្រឆាំង​។ មាន​អ្នក​រិះគន់​ខ្លះ​បាន​ចោទ​លោកស្រី Tsai ថា​បាន​ដើរចេញ​ឆ្ងាយ​ពី​ការសន្យា​ពេល​បោះឆ្នោត​ប្រធានាធិបតី​ក្នុងការ​កាត់បន្ថយ​ឱនភាព​សេដ្ឋកិច្ច និង​ការ​កាត់​ការបំពុល​បរិស្ថាន​៕
 
 
 

Tag:
 តៃវ៉ាន់​
  Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com