ជាតិ
សម្តេច ហេង សំរិន សម្ពោធ​ផ្សាយ​សៀវភៅ​ជា​ភាសា​អង់គ្លេស​ស្តីពី​ជីវិត​តស៊ូ​រំដោះ​កម្ពុជា​ពី​ខ្មែរក្រហម​
26, Nov 2018 , 8:29 am        
រូបភាព
​នៅ​ព្រឹក​ថ្ងៃទី​២៦​វិច្ឆិកា​នេះ រដ្ឋសភា​កម្ពុជា​បានប្រកាស​សម្ពោធ​សៀវភៅ​ដែល​និយាយ​អំពី​ជីវិត​តស៊ូ​របស់​សម្តេច ហេង សំរិន ដែលជា​ប្រធានកិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុងកាន់​អំណាច និង​ជា​ប្រធានរដ្ឋសភា​។ សៀវភៅ​ស្តី​ប្រវត្តិ​តស៊ូ​របស់​សម្តេច ហេង សំរិន ត្រូវបាន​សរសេរ​ជា​ភាសា​អង់គ្លេស​លើកដំបូង ដោយ មាន ចំណងជើង​ថា «The People’s struggle, Cambodia reborn» (​ការតស៊ូ​របស់​ប្រជាជន កម្ពុជា​រស់ ឡើងវិញ​)​។​

 
​សៀវភៅ​កម្រាស់​១៥០​ទំព័រ ដែល​ត្រូវបាន​បោះពុម្ព​នៅ​រោង​ពុម្ព​ដ៏​ល្បីឈ្មោះ​នៅ​ប្រទេស​សិង្ហ​បុរី ត្រូវបាន​សរសរ​ចេញពី​សៀវភៅ​កំណត់ហេតុ​មួយ​ដែល​ត្រូវបាន​ចងក្រង​តាំងពី​ឆ្នាំ​២០១៣​។

កំណត់​ហេតុដែល​កត់ត្រា​អំពី​ជីវិត​របស់​សម្តេច ហេង សំរិន ត្រូវបាន​រៀបរៀង​ចងក្រង​ដោយ​មន្ត្រី​នយោបាយ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក នៃ ប៉េ​ណា និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​។​


 
«​ការតស៊ូ​របស់​ប្រជាជន​៖ កម្ពុជា​រស់​ឡើងវិញ​» ត្រូវបាន​សម្ពោធ​តែមួយ​សប្តាហ៍​មុន​គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ពិធី​រំ​ឮ​ក​ខួប​៤០​ឆ្នាំ​នៃ​ចលនា​២​ធ្នូ ដ៏​អធិកអធម​នៅក្នុង​ស្រុក​ស្នួល ខេត្តក្រចេះ​។ សម្តេច ហេង សំរិន បច្ចុប្បន្ន​មាន​វ័យ​៨៤​ឆ្នាំ គឺជា​មេដឹកនាំ​សំខាន់​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​ជាច្រើន​ទៀត​នៃ​ចលនា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃ​២​ធ្នូ​ឆ្នាំ​១៩៧៨ ដើម្បី​ផ្តួលរំលំ​របប​ប៉ុលពត ដោយមាន​ការគាំទ្រ​ពី​កងទ័ព​វៀតណាម​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ស្តីពី​ការសម្ពោធ​ស្នាដៃ ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ការតស៊ូ​របស់​ប្រជាជនៈ កម្ពុជា​រស់​ឡើងវិញ នឹង​បង្ហាញ​ពី​ការពិត​នៃ​សង្គ្រាម​នៅ​កម្ពុជា​ដល់​អ្នកអាន និង​កូន​ខ្មែរ​ជំនាន់​ក្រោយ ដែល​ចង់​សិក្សា​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ជា​ប្រវត្តិសាស្ត្រ​នៃ​ការតស៊ូ​រំដោះប្រទេស​ជាតិ​របស់​ឥស្សរជន​ស្នេហា​ជាតិ និង​ដំណើរ​ស្តារ​កម្ពុជា​ឡើងវិញ ក្រោយ​របប​ប្រល័យពូជសាសន៍ ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងមកនេះ​»​។​
 
​សៀវភៅ​ស្តីពី​ប្រវត្តិ​តស៊ូ​របស់​សម្តេច ហេង សំរិន ជា​ភាសា​អង់គ្លេស ក៏ត្រូវ​បាន​អាន និង​អធិប្បាយ​ដោយ​លោក Greg Dodds ដែលជា​អតីត​ទាហាន​ចារកម្ម​របស់​អូស្ត្រាលី​នៅក្នុង​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​១៩៧១​ផងដែរ​៕
 

Tag:
 ហេង សំរិន ប្រវត្តិរូប ២​ធ្នូ ៧​មករា​
© រក្សាសិទ្ធិដោយ thmeythmey.com