អន្តរជាតិ
តារា​ល្បីៗ​ពិភពលោក​នៅតែ​រកបាន​ចំណូល​រាប់លាន​ដុល្លារ ក្រោយ​មរណភាព​
25, Nov 2018 , 8:19 pm        
រូបភាព
ដោយ: ធីតា
​កាលពី​ពិធីបុណ្យ Halloween កន្លងមក ទស្សនា​វ​ដ្តី Forbes បាន​ចុះផ្សាយ​បញ្ជី​ចំណាត់ថ្នាក់​អតីត​តារា​ល្បីៗ ដែល​នៅតែ​បន្ត​មាន​ចំណូល​រាប់លាន​ដុល្លារ​អាមេរិក បើទោះបីជា​ពួកគេ​បាន​បាត់​បង់ជីវិត​ហើយក៏​ដោយ​។ នៅ​ឆ្នាំ​២០១៨​នេះ ស្តេច​ចម្រៀង Michael Jackson នាំមុខគេ តាមរយៈ​ការរកចំណូល​បាន​រហូត​ដល់​ទៅ​៤០០​លាន​ដុល្លារ​អាមេរិក​។​

 
​មរណភាព​មិនមែនជា​ឧបសគ្គ​នៃ​ជោគជ័យ​ឡើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់ទស្ស​នាវ​ដ្តី Forbes ដោយ​បង្ហាញ​ឲ្យ​ឃើញថា តារាចម្រៀង​អាមេរិក Michael Jackson ដែល​បាន​បាត់បង់​ជីវិត​តាំងពី​ឆ្នាំ​២០០៩ មក​នោះ រកចំណូលបាន​រហូត​ដល់​ទៅ​៤០០​លាន​ដុល្លារ​អាមេរិក​។​
 
​ចំណូល​ទាំងនោះ បាន​ពី​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ផលិត​ចម្រៀង ការផ្សាយពាណិជ្ជកម្ម និង​កម្មសិទ្ធិ​បញ្ហា​ផ្សេងៗ​។ ទឹកប្រាក់​ខ្លះ​ត្រូវបាន​ទៅលើ​ក្រុមគ្រួសារ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​មរតក ខ្លះ​បាន​ទៅលើ​មេធាវី និង​ខ្លះទៀត​បាន​ទៅលើ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ រួមជាមួយ​នឹង​ការ​កាត់​ពន្ធ​ចូល​ថវិការដ្ឋ​ផងដែរ​។​
 
​ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​តារា​ល្បីៗ​លើ​ពិភពលោក​ដែល​នៅតែ​រកបាន​ប្រាក់ចំណូល​មហាសាល​បើទោះបីជា​ពួកគេ​បានទទួល​មរណភាព​ហើយក៏​ដោយ  (Highest-Paid Dead Celebrities 2018)៖
 
១. Michael Jackson ទទួលមរណភាព​ក្នុង​អាយុ​៥០​ឆ្នាំ​កាលពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០០៩ បន្ត​រកចំណូលបាន​៤០០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​២៨៧​លាន​ដុល្លារ​អាមេរិក កាលពីពេល​ថ្មីៗ​នេះ ដោយ​ការលក់​ភាគហ៊ុន EMI Music Publishing ទៅ​ឲ្យ​ក្រុមហ៊ុន Sony​។​
 


២. Elvis Presley ទទួលមរណភាព​ក្នុង​អាយុ​៤២​ឆ្នាំ កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​១៩៧៧ ដោយ​បន្ត​រកចំណូលបាន​៤០​លាន​ដុល្លារ​អាមេរិក​។ រៀងរាល់ឆ្នាំ អាល់​ប៊ុ​ម​ចម្រៀង​របស់គាត់​នៅតែ​លក់ដាច់​ប្រមាណ​១​លាន​បន្ទះ​។​
៣. Arnold Palmer កីឡាករ​វាយកូនគោល​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៦ ក្នុង​អាយុ​៨៧​ឆ្នាំ​។ នៅ​ឆ្នាំ​២០១៨ ចំណូល​របស់គាត់​ឡើងដល់​៣៥​លាន​ដុល្លារ​អាមេរិក​។ ចំណូល​នេះ បាន​ចំណែក​ពី​ការផ្សាយពាណិជ្ជកម្ម​ស្រា Arnold Palmer​។​
៤. Charles Schulz អ្នក​គូររូប​ត្លុក​ដែល​បានទទួល​មរណភាព​ក្នុង​អាយុ​៧៧​ឆ្នាំ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០០០ ។ បច្ចុប្បន្ន​លោក​បន្ត​រកបាន​ចំណូល​៣៤​លាន​ដុល្លារ​អាមេរិក​។​


 
៥. តន្ត្រីករ Bob Marley ស្លាប់​ក្នុង​អាយុ​៣៦​ឆ្នាំ កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​១៩៨១ ។ លោក​បន្ត​រកចំណូលបាន​២៣​លាន​ដុល្លារ​អាមេរិក តាមរយៈ​ចំណូល​ផលិតផល​កាស​ត្រចៀក និង​របស់របរ​ប្រើប្រាស់​ផ្សេងៗ​។​
 
៦. Dr. Seuss អ្នកនិពន្ធ ស្លាប់​ក្នុង​អាយុ​៨៧​ឆ្នាំ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​១៩៩១​។ លោក​បន្ត​មាន​ចំណូល​ឡើងដល់​១៦​លាន​ដុល្លារ ដោយ​កាលពី​ឆ្នាំមុន សៀវភៅ​លោក​បាន​លក់ដាច់​អស់​រហូតដល់​ទៅ​៤,៨​លាន​ក្បាល​។​
 
៧. អ្នក​គ្រប់​ព័ត៌មាន Hugh Hefner ស្លាប់​ក្នុង​អាយុ​៩១​ឆ្នាំ កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧​។ លោក​នៅតែមាន​ភាគហ៊ុន​ក្នុង​ការលក់​សៀវភៅ Playboy ដែល​លោក​ជា​ស្ថាបនិក​។ បច្ចុប្បន្ន​ទឹកប្រាក់​លោក​ឡើងដល់​១៥​លាន​ដុល្លារ​អាមេរិក​។​


 
៨. តារា​សំដែង Marilyn Monroe បច្ចុប្បន្ន​មាន​ចំណូល​១៤​លាន​ដុល្លារ​អាមេរិក​។ គាត់​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​១៩៦២​ក្នុង​អាយុ​៣៦​ឆ្នាំ​។ ចំណូល​ភាគច្រើន​បាន​ពី​យី​ហ៊ោរ​នៃ​ការលក់​ប៊ិច Montblanc​។​
 
៩. តារាចម្រៀង និង​តន្ត្រីករ Prince មាន​ចំណូល​១៣​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​គាត់​បាន​លាចាក​លោក​កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៦ ក្នុង​អាយុ​៥៧​ឆ្នាំ​។ អាល់​ប៊ុ​ម​ចម្រៀង​របស់លោក​នៅតែមាន​ប្រជាប្រិយភាព​នៅលើ​ទីផ្សារ​។​
 
១០. តារាចម្រៀង John Lennon បន្ត​មាន​ចំណូល​ដល់​ទៅ​១២​លាន​ដុល្លារ​អាមេរិក ដោយសារ​ការងារ​លើ​អាល់​ប៊ុ​ម Beatles របស់ខ្លួន​។ គាត់​បាន​ស្លាប់​កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​១៩៨០ ក្នុង​អាយុ​៤០​ឆ្នាំ​។​
 
១១. តារាចម្រៀង​រ៉េ​ប XXXTentacion ស្លាប់​ក្នុង​អាយុ​២០​ឆ្នាំ កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​។ បទ​ចម្រៀង​របស់គេ​នៅតែ​អាច​រកចំណូលបាន​ដល់​១១​លាន​ដុល្លារ​អាមេរិក ។​
 
១២. ស្តេច​ប្រដាល់ Muhammad Ali ទទួលមរណភាព​ក្នុង​អាយុ​៧៤​ឆ្នាំ​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ។ បច្ចុប្បន្ន គាត់​នៅតែមាន​ចំណូល​៨​លាន​ដុល្លារ​អាមេរិក តាមរយៈ​ការផ្សាយពាណិជ្ជកម្ម​ផ្សេងៗ ជាពិសេស​កម្មសិទ្ធិបញ្ញា​លើ​រូប​របស់គាត់​ក្នុង​ព្រឹត្តិការណ៍​ធំៗ​។​


 
១៣. Bettie Page តារា​បង្ហាញ​ម៉ូត ទទួលមរណភាព​ក្នុង​អាយុ​៨៥​ឆ្នាំ កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០០៨ ។ ចំណូល​៨​លាន​ដុល្លារ​របស់គាត់​នាពេល​បច្ចុប្បន្ន បាន​ដោយ​យី​ហ៊ោ​ឈ្មោះ​លើ​សម្លៀកបំពាក់ ស្បែកជើង កាបូប ជាដើម​៕

 

Tag:
 Michael Jackon
  Forbes
© រក្សាសិទ្ធិដោយ thmeythmey.com