អន្តរជាតិ
មហា​ធៀ​៖ «​ប្រជាជន​ម៉ាឡេស៊ី​ខ្ជិលច្រអូស មិន​ចង់​ធ្វើការ​ប៉ុន្តែ​ចង់​បានតែ​លុយ​ជំនួយ​ពីរ​ដ្ឋ​»
26, Nov 2018 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​សប្តាហ៍​នេះ នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ បាន​រិះគន់​ប្រជាជន​ម៉ាឡេស៊ី​មិន​សំចៃមាត់ ដោយ​លោក​អះអាងថា ពួកគេ​ខ្ជិលច្រអូស​មិន​ប្រឹង​ធ្វើការ ប៉ុន្តែ​ចង់បានតែ​ជំនួយ​ពីរ​ដ្ឋ​។ មេដឹកនាំ​វ័យ​ចំណាស់​ជាងគេ​រូបនេះ​ក៏​រំពឹង​ដែរ​ថា បើ​ប្រជាជន​ម៉ាឡេស៊ី​នៅ​ខ្ជិលច្រអូស​បែបនេះ ប្រទេសជិតខាង​ដូចជា​វៀតណាម​នឹង​វ៉ា​ដាច់​ម៉ាឡេស៊ី​ឆាប់ៗ​មិន​ខាន ដ្បិត​ប្រជាជន​វៀតណាម​ឧស្សាហ៍​ព្យាយាម​ធ្វើការ​ណាស់​។


 
​ក្នុង​ពិធី​សម្ពោធ​រមណីយដ្ឋាន Dash Resort នៅលើ​កោះ​ឡាំង​កា​វី នា​ថ្ងៃអាទិត្យ​ទី ២៥ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ ៩៣​ឆ្នាំ​រូបនេះ​បាន​ថ្លែងថា ប្រជាជន​ម៉ាឡេស៊ី​ខ្ជិលច្រអូស និង​មិនសូវ​ចង់​ធ្វើការ​ងារ​ឡើយ​។ 
 
​យោងតាម​សារព័ត៌មាន​ម៉ាឡេស៊ី Malaysia Insight លោក មហា​ធៀ អះអាងថា ប្រជាជន​ម៉ាឡេស៊ី​ខ្ជិល ព្រោះ​ពួកគេ​មាន​ទម្លាប់​ផ្តេកផ្តួល​លើ​ជំនួយ​ហិរញ្ញវត្ថុ​ពីរ​ដ្ឋ ជាពិសេស​ពី​គម្រោង​ប្រជាជន​ម៉ាឡេស៊ី​តែមួយ (1Malaysia People’s Aid) ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​មុន​ដែរ​។​
 
​មេដឹកនាំ​រូបនេះ​ពន្យល់ថា ម៉ាឡេស៊ី​ត្រូវ​នាំ​ពលករ​បរទេស​ធ្វើ​ការងារ​លំបាក ព្រោះ​ប្រជាជន​ម៉ាឡេស៊ី​មិន​ចង់​ធ្វើ​ការងារ​ទាំង​នោះឡើយ​។ ចុងក្រោយ​ពន្ធ​ដែល​រដ្ឋាភិបាល​ប្រមូលបាន​ពី​ពលករ​បរទេស​បាន​ត្រឹម​ចំណាយ​លើ​ការផ្គត់ផ្គង់​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី​ប៉ុណ្ណោះ​។ 
 
​លោក មហា​ធៀ និយាយ​បែបនេះ​៖ «​យើង​នាំ​ពលករ​ពី​ក្រៅប្រទេស​មក​ឲ្យ​ធ្វើ​ការងារ​ដែល​ប្រជាជន​ម៉ាឡេស៊ី​មិន​ចង់​ធ្វើ​។ ចំណែក​រដ្ឋាភិបាល​ត្រឹម​ប្រមូល​ពន្ធ​ពី​ពួកគេ​ដើម្បី​ផ្តល់​ឲ្យ​ទៅ​ប្រជាជន​ម៉ាឡេស៊ី​ដែល​គិតថា ពួកគេ​គ្មាន​លទ្ធភាព​ធ្វើការងារទៅវិញ​»​។​
 
​បន្ទាប់ពី​រិះគន់​ភាព​ខ្ជិលច្រអូស​របស់​ប្រជាជន លោក មហា​ធៀ ក៏បាន​ព្យាករ​ផងដែរ​ពី អនាគត​នៃ​សេដ្ឋកិច្ច​ម៉ាឡេស៊ី បើសិនជា​ប្រជាជន​នៅតែ​ខ្ជិលច្រអូស​មិន​ប្រឹងប្រែង​ខ្លាំង​នោះ​។ លោក​ហ៊ាន​ទាយ​ថា ប្រទេស​អាស៊ាន​ដូចជា​វៀតណាម​ដែល​ធ្លាប់​ឆ្លងកាត់​សង្គ្រាមស៊ីវិល​នោះ​នឹងមាន​សេដ្ឋកិច្ច​រីកចម្រើន​ជាង​ម៉ាឡេស៊ី​នៅពេល​ខាងមុខ​ផង​ព្រោះ​វៀតណាម​មាន​ប្រជាជន​ឧស្សាហ៍​ព្យាយាម​ច្រើន​។​
 
« វៀតណាម​នឹង​វ៉ា​ដាច់​ម៉ាឡេស៊ី​ដ្បិតអី​ប្រជាជន​របស់គេ​សង្វាត​ប្រឹងប្រែង​ធ្វើការ​ណាស់​។ វា​ខុស ពី​នៅ​ម៉ាឡេស៊ី​ដែល​ប្រជាជន​មិន​ចង់​ធ្វើ​ការងារ​​ទេ​ព្រោះ​រដ្ឋាភិបាល​ផ្តល់​លុយ​ឲ្យ​ពួកគេ​»​។  នេះ​ជាស​ម្តី​របស់លោក មហា​ធៀ​។ 
 
​ក្នុង​សុន្ទរកថា​នេះដែរ លោក មហា​ធៀ ក៏​ឆ្លៀត​លើកឡើង​ពី តួនាទី​របស់​រដ្ឋ​ក្នុង​សកម្មភាព​ពាណិជ្ជកម្ម​ដែរ​។ លោក​ជឿជាក់ថា រដ្ឋ​មិនគួរ​ព្យាយាម​ប្រឡូក​ក្នុង​កិច្ចការងារ​អាជីវកម្ម​ឬ​ពាណិជ្ជកម្ម​ឡើយ ព្រោះថា រដ្ឋ​គ្មាន​ជំនាញ​ច្បាស់លាស់​ទេ​។ បើ​មិន​ដូច្នេះ​ទេ រដ្ឋ​នឹង​ខាត​ឡុងចុង​មិន​ខាន​។​
 
 «​រដ្ឋាភិបាល​គ្មាន​ចំណេះ​ជំនាញ​ក្នុង​ការធ្វើ​ជំនួញ​ឬ​រកស៊ី​ឡើយ​។ យើង​នឹង​ខាត​លុយ​បើ​ហ៊ាន​ធ្វើ​។ ដូច​ដឹង​ស្រាប់​ហើយ កាតព្វកិច្ច​ចម្បង​របស់​រដ្ឋាភិបាល​គឺ​បង្កើត និង​អនុវត្ត​ច្បាប់​ប៉ុណ្ណោះ​។  ចំណែក​វិស័យ​ឯកជន​គេ​ដឹង​ច្បាស់​ពី​របៀប​បង្កើត​លុយ​។ ពួកគេ​មានគំនិត​រកស៊ី​»​។ លោក មហា​ធៀ ថ្លែង​បែបនេះ​៕

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com