កីឡាអន្តរជាតិ
អន្តរជាតិ
យូណេស្កូ​ចុះបញ្ជី​ចំបាប់​ប្រពៃណី Ssireum/Ssirum ដែល​ស្នើ​ដោយ​បងប្អូន​កូរ៉េ​ទាំងពីរ​
26, Nov 2018 , 5:23 pm        
រូបភាព
​ក្រោម​ហេតុផល សន្តិភាព វិបុលភាព និង​ការបង្រួបបង្រួម អង្គការ​យូណេស្កូ បានចុះជា​ប្រវត្តិសាស្ត្រ​នូវ​ចំបាប់​ប្រពៃណី Ssireum/Ssirum ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ក្រោយ​ការស្នើសុំ​រួមគ្នា​របស់​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង​។ ការសម្រេច​នេះ ធ្វើឡើង​នៃ​ថ្ងៃ​ដំបូង​នា​សម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

 
​កូរ៉េខាងជើង និង​ខាងត្បូង​ត្រូវបាន​គេ​មើលឃើញថា​កំពុង​ដើរ​លើផ្លូវ​តែមួយ​ក្នុង​ការខិតខំ​ផ្សះផ្សា​គ្នា​បន្ទាប់ពី​អង្គការ​យូណេស្កូ យល់ព្រម​ដាក់​កីឡា​ចំបាប់​របស់​បងប្អូន​កូរ៉េ​ទាំងពីរ​ជា​ផ្នែក​មួយ​នៃ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​។​


 
​កូរ៉េ​ទាំងពីរ​ដំបូង​ឡើយ​បានដាក់​ពាក្យសុំ​ដាច់ដោយឡែក​ពីគ្នា​រៀងខ្លួន​សម្រាប់​ការស្នើសុំ​ដាក់​កីឡា​ចំបាប់​នេះ​ទៅក្នុង​បញ្ជី​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​របស់​យូណេស្កូ​។ ប៉ុន្តែ​ពួកគេ​បានសម្រេច​ចិត្ត​ស្នើ​រួមគ្នា បន្ទាប់ពី​ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ គឺ​លោក មុន ជេ​អ៊ី​ន និង​គីម ជុង​អ៊ុន​។ 
 
​កាលពី​ដើមឡើយ​កូរ៉េខាងជើង និង​ខាងត្បូង​គឺជា​ប្រទេស​តែមួយ​មុនពេល​បែងចែក​គ្នា​ជា​ប្រទេស​ពីរ​នៅ​ឆ្នាំ ១៩៤៥​។ ពួកគេ​បាន​ពុះ​ចែក​ព្រំដែន​យ៉ាងរឹងមាំ​បំផុត​ទាំង​ដែល​ប្រទេស​ទាំងពីរ​នេះ​មាន​ភាសា និង​វប្បធម៌​ដូចគ្នា​។​


 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ពួកគេ​ក៏បាន​ប្រើប្រាស់​ឈ្មោះ​កីឡា​ចំបាប់​នេះ​ជា​ភាសារ​អង់គ្លេស​ខុសគ្នា​ផងដែរ​។ កីឡា​ចំបាប់​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស «Ssirum» គឺ​សម្រាប់​កូរ៉េខាងជើង និង «Ssireum» សម្រាប់​កូរ៉េខាងត្បូង​។ យោងតាម​រដ្ឋបាល​បេតិកភណ្ឌ​វប្បធម៌​របស់​កូរ៉េខាងត្បូង កូរ៉េ​ទាំងពី​បានសម្រេច​ប្រើពាក្យ​ជា​ភាសារ​អង់គ្លេស​ទាំងពីរ​ខាងលើ​ដើម្បី​ស្នើ​រួមគ្នា​ទៅកាន់​យូណេស្កូ​។​
 
​ក្រៅពី​ចំបាប់ កូរ៉េខាងជើង​បានឈ្នះ​ការទទួលស្គាល់​ពី UNESCO លើ​សម្បត្តិ​វប្បធម៌​ចំនួន​ពីរ​ផ្សេងទៀត​រួចហើយ​គឺ​បទ​ចំរៀង​ប្រជាប្រិយ​កូរ៉េ «Airrang» និង​ជ្រក់ស្ពៃ Kimchi ។ Airrang និង Kimchi ក៏​ស្ថិត​ក្នុងចំណោម​សម្បត្តិ​បេតិកភណ្ឌ​ទាំង​១៩ ដែល​កូរ៉េខាងត្បូង​បាន​ពី UNESCO ដូចគ្នា​៕
 

Tag:
 បាល់ទាត់​
  UNESCO
© រក្សាសិទ្ធិដោយ thmeythmey.com