កីឡាជាតិ
ជាតិ
​ស្រួ​ង ភា​រី ឈ្នះ​ជើងឯក​ស្នូកឃ័រ​ក្នុង​ព្រឹត្តិការណ៍​ដែលមាន​កូរ៉េ​៩​នាក់ និង​ជប៉ុន​៦​នាក់​ទៀត​ចូលរួម​
27, Nov 2018 , 12:26 pm        
រូបភាព
ស្រួង ភា​វី និងជ័យលាភីបីនាក់ទៀតរួមមាន Kim Bo Mi, Lee Mee Rae និង Ayako Sakai។ រូបថត KBF
ស្រួង ភា​វី និងជ័យលាភីបីនាក់ទៀតរួមមាន Kim Bo Mi, Lee Mee Rae និង Ayako Sakai។ រូបថត KBF
ដោយ: ថ្មីៗ
​កីឡាការិនី​ស្នូកឃ័រ ស្រួ​ង ភា​វី បានឈ្នះ​ជើងឯក​ក្នុង​ព្រឹត្តិការណ៍ Zanca 1st Asian Championship Ladies-3 Cushion ក្រោម​ការរៀបចំ​របស់​សហព័ន្ធ​កីឡា​ប៊ីយ៉ា​កូរ៉េ (Korea Billiards Federation) ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៦ ខែវិច្ឆិកា នៅ Seoul Olympic Parktel ក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង​។​

 
​ភា​វី ដែលមាន​មូលដ្ឋាន​នៅ​កូរ៉េខាងត្បូង ជា​កីឡាការិនី​ខ្មែរ​តែ​ម្នាក់​គត់ ក្នុងចំណោម​កីឡាការិនី​១៦​រូប​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Zanca 1st Asian Championship Ladies-3 Cushion ដោយ​សមាសភាព​១៥​រូប​ទៀត មាន​កីឡាការិនី​កូរ៉េខាងត្បូង​៩​នាក់ និង​ជប៉ុន​៦​នាក់​។​
 
​កីឡាការិនី​កម្ពុជា​រូបនេះ ស្ថិតនៅក្នុង​ពូ​ល C ជាមួយ​កីឡាការិនី​កូរ៉េ Kim Min A, Lee Shing Yong និង​កីឡាការិនី​ជប៉ុន Yuko Nishimoto​។ ភា​រី អាយុ​២៨​ឆ្នាំ បាន​ប្រកួត​ឈ្នះ​ជា​បន្តបន្ទាប់​រហូតដល់​វគ្គ​ផ្តាច់ព្រ័ត្រ និង​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​រៀបចំ​ជា​លើកដំបូង​ដោយ​សហព័ន្ធ​កីឡា​ប៊ីយ៉ា​កូរ៉េ​។​
 
​ជាមួយ​ពាន​ជើងឯក ភា​វី ទទួលបាន​ប្រាក់រង្វាន់​ចំនួន​២០០០​ដុល្លារ​អាមេរិក​។ កីឡាការិនី​កូរ៉េខាងត្បូង Kim Bo Mi បាន​១២០០​ដុល្លារ​អាមេរិក​សម្រាប់​ចំណាត់ថ្នាក់​លេខ​២ ខណៈ Lee Mee Rae (​កូរ៉េខាងត្បូង​) និង Ayako Sakai (​ជប៉ុន​) បាន​ម្នាក់​ចំនួន​៦០០​ដុល្លារ​សម្រាប់​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន​។ កីឡាការិនី​៤​នាក់​ទៀត (​លេខ​៥ ឬ​ក្នុងចំណោម Top 8) រួមមាន Lim Jung Suk (​កូរ៉េខាងត្បូង​), Orie Hida (​ជប៉ុន​), Kim Se Yeon (​កូរ៉េខាងត្បូង​), Kim Min A (​កូរ៉េខាងត្បូង​) បាន​ម្នាក់​ចំនួន​៤០០​ដុល្លារ​អាមេរិក​។​
 

​ស្រួ​ង ភា​វី ជា​កីឡាការិនី​ស្នូកឃ័រ​-​ប៊ីយ៉ា​ម្នាក់​ដ៏​មាន​សក្តានុពល​លើ​វិញ្ញាសា Ladies-3 Cushion តាមរយៈ​ការ​ឈ្នះ​ជើងឯក​ជាច្រើន​ក្នុង​ព្រឹត្តិការណ៍​ដែល​រៀបចំ​នៅ​កូរ៉េខាងត្បូង​។ បន្ថែម​លើ​នេះ កីឡាការិនី ភា​វី ធ្លាប់បាន​លេខ​ពីរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ Jennifer Shim International នៅ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​២០១៥ និង​បាន​លេខ​៣​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក World Championship Ladies នៅ​ក្រុង Izmir ប្រទេស​តួ​ក​គី កាលពី​ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅនេះ​៕
 

Tag:
 ស្រួង ភាវី
© រក្សាសិទ្ធិដោយ thmeythmey.com