ជាតិ
សង្គមជាតិ
កម្ពុជា ចិន ថៃ ឡាវ មីយ៉ាន់មា់ ឥណ្ឌា រួមគ្នាអភិរក្សសត្វរមាំង និងក្តាន់ដែលជិតផុតពូជ រូបភាពពី Birdlife International Cambodia Programme
× ភ្នំពេញ៖ ចិន ថៃ ឡាវ មីយ៉ាន់ម៉ា និងឥណ្ឌា ចែករំលែកបទពិសោធន៍ និងព័ត៌មានដល់កម្ពុជា ក្នុងការគ្រប់គ្រងគម្រោងអភិរក្សសត្វរមាំង និងផ្តល់ជាយុទ្ធសាស្ត្រក្នុងការអភិរក្សសត្វឲ្យមានប្រសិទ្ធភាព។ បទពិសោធន៍ទាំងនេះ ត្រូវបានប្រទេសទាំង៥ ចែករំលែកដល់កម្ពុជា នៅក្នុងសិក្ខាសាលាស្តីពី«ការអភិរក្សសត្វរមាំងដែលជិតផុតពូជ» ។
មន្ត្រីជាន់ខ្ពស់នៃឧទ្យានបូតានិក និងកសិដ្ឋានកាដូរី លោក Bosco Chan បាននិយាយថា បញ្ហាអភិរក្សសត្វរមាំង នៅតែជាក្តីព្រួយបារម្ភ ដោយសារតែអ្នកជំនាញ និងសហគមន៍អភិរក្ស នៅកង្វះសមត្ថភាពអភិរក្សនៅឡើយ។ ដូច្នេះទើបបានជា ត្រូវរៀបចំវេទិការវាងប្រទេសទាំង៥នេះ ដើម្បីពិភាក្សាលើបញ្ហាដែលទាក់ទងនឹងការអភិរក្សសត្វរមាំង ដែលជិតផុតពូជ។ តាមរយៈវេទិកានេះ លោក Bosco Chan សង្ឃឹមថា កម្ពុជានឹងអាចរកដំណោះស្រាយបញ្ហាប្រឈមទាំងនេះបាន។
រូបភាពពី Birdlife International Cambodia Programme
ក្រៅពីសត្វរមាំងដែលជិតនឹងផុតពូជ ក៏មានសត្វក្តាន់ ប្រឈមនឹងផុតពូជនៅលើពិភពលោកផងដែរ។ បើតាមអ្នកស្រី Sarah Brook អ្នកសម្របសម្រួលសៀវភៅក្រហម IUCN នៃក្រុមជំនាញសត្វក្តាន់ ទៅថ្ងៃអនាគតសត្វក្តាន់នេះ នឹងបាត់បង់ ប្រសិនបើពុំមានការចូលរូមពីអ្នកអភិរក្សទេនោះ។ ថ្លែងក្នុងសិក្ខាសាលាដែលស្តីពីការអភិរក្សសត្វរមាំងដែលជិតផុតពូជនេះ អ្នកស្រី Sarah Brook បាននិយាយដូច្នេះថា៖ ¨«ការស្តារចំនួនពួកវា អាចនឹងមានសង្ឃឹម និងអាចបញ្ឈប់សេចក្តីវិនាសរបស់វាបាន»។
របាយការណ៍ដែលបានចេញផ្សាយ ក្នុងសិក្ខាសាលានេះ បង្ហាញថា សត្វរមាំង កំពុងមានវត្តមាននៅលើពិភពលោកប្រមាណ៣០០០ក្បាលតែប៉ុណ្ណោះ។ ថ្វីដ្បិតតែសត្វនេះត្រូវបានអ្នកអភិរក្សសត្វការពារយ៉ាងណាក៏ដោយ ក៏នៅតែប្រឈមនឹងការផុតពូជ ដោយសារតែការបរបាញ់ខុសច្បាប់ ដែលបណ្តាលឲ្យបាត់បង់ទីជម្រក។ បើតាមរបាយការណ៍ដដែល រយៈពេលថ្មីៗនេះ សត្វរមាំង មានការគំរាមកំហែងច្រើន ដោយសារតែពង្រីកដីកសិកម្ម។ នៅប្រទេសថៃ និងវៀតណាម បានផុតពូជសត្វរមាំងហើយ ចំណែកកម្ពុជា និងឥណ្ឌា ក៏កំពុងតែរងគ្រោះខ្លាំងផងដែរ៕
Tag:
កម្ពុជា
ថៃ
ឡាវ
ភូមា
ឥណ្ឌា
រមាំង
ក្តាន់
© រក្សាសិទ្ធិដោយ thmeythmey.com