កីឡាអន្តរជាតិ
អន្តរជាតិ
អំពើហិង្សា​នាំ​ឲ្យ​ជំនួប​ផ្តាច់ព្រ័ត្រ Copa Libertadores ត្រូវ​លេង​ក្រៅប្រទេស​អា​ហ្ស​ង់​ទីន​
28, Nov 2018 , 8:39 pm        
រូបភាព
​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី ២ នៃ​ពានរង្វាន់ Copa Libertadores រវាង​គូប្រជែង​កំណាច​ក្នុងស្រុក River Plate និង Boca Juniors នឹងត្រូវ​លើក​ពេល​ទៅ​ខែក្រោយ ហើយ​ត្រូវ​លេង​នៅក្រៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ថែមទៀត បន្ទាប់ពី​មាន​អំពើហិង្សា​ធ្ងន់ធ្ងរ​កើតឡើង​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកគ្រប់គ្រង​កីឡាបាល់ទាត់​អាមេរិក​ឡាទីន នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​។​


 
​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​ប្រធាន​ក្លិប​យក្ស​នៃ​លី​គ​កីឡាបាល់ទាត់​កំពូល​របស់​អា​ហ្ស​ង់​ទីន​ទាំងពីរ នៅឯ​រដ្ឋធានី Asuncion ប្រទេស​ប៉ា​រ៉ា​ហ្គា​យ​រួចមក សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក​ឡាទីន (Conmebol) បានសម្រេច​ថា​ការប្រកួត​របស់​ក្រុម​ទាំងពីរ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៨ ឬ​ទី ៩ ខែធ្នូ​ខាងក្រៅ​ប្រទេស​អា​ហ្ស​ង់​ទីន ប៉ុន្តែ​កីឡដ្ឋាន​ប្រកួត​នៅ​មិនទាន់​សម្រេច​នៅឡើយ​។​


 
​ការពន្យា​ពេល​សម្រាប់​ការប្រកួត​រវាង​ក្រុម​ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Buenos Aires ទាំងពីរ​នេះ គឺ​បន្ទាប់ពី​ក្រុម​កីឡាករ​របស់ Boca Juniors បាន​រងរបួស​ក្នុងការ​វាយប្រហារ​ទៅលើ​ឡានក្រុង​របស់​ពួកគេ​ពី​សំណាក់​អ្នកគាំទ្រ​របស់ River Plate ដែល​ប្រើ​ស្ព្រា​យ​បាញ់ កប់​ដុំថ្ម និង​វាយ​នឹង​ដំបង​ជាដើម​។​
 
​ការប្រកួត​ជើង​ទី​១​រវាង​ក្រុម​ទាំងពីរ​បញ្ចប់​ទៅក្នុង​លទ្ធផល ២-២ ដែល​ធ្វើឡើង​ក្នុង​កីឡដ្ឋាន Bombonera របស់ Boca កាលពី​២​សប្តាហ៍​មុន​។​
 
​ប្រធាន Conmebol លោក Alejandro Dominguez បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជើង​ទី​២​មិនអាច​លេង​បាន​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ទេ ព្រោះ​អ្នកគាំទ្រ River Plate នឹង​បង្កចលាចល​បន្តទៀត​នៅ​ទឹកដី​របស់​ពួកគេ​។​


 
Conmebol អះអាងថា​ដោយសារ «​អំពើ​ហឹ​ង្សា ... ដែល​ធ្វើ​ឲ្យ​កីឡាករ ក្រុមមន្ត្រី និង​អ្នកគាំទ្រ​មាន​គ្រោះថ្នាក់ ... វា​នឹង​មិនមាន​សុវត្ថិភាព​ឡើយ​ប្រសិនបើ​បន្ត​ប្រកួត​ក្នុងប្រទេស​អា​ហ្ស​ង់​ទីន​ទៀត​នោះ​»​។​
 
​យ៉ាង​ណោ​ក៏ដោយ ខាង​ភាគី​ពី​ប្រេ​ស៊ី​ល អ៊ីតាលី និង​ប៉ា​រ៉ា​ហ្គា​យ បានអនុញ្ញាត​ផ្តល់​ទីតាំង​ប្រកួត​សម្រាប់​ក្រុម​ទាំងពីរ​៕
 

Tag:
 ​បាល់ទាត់​
  River Plate
  Boca Juniors
  Copa Libertadores
© រក្សាសិទ្ធិដោយ thmeythmey.com