ជាតិ
សង្គមជាតិ
មហាផ្ទៃ បង្កើត​ក្រុមការងារ ដើម្បី​រៀបចំ​កិច្ចប្រជុំ​ព​ន្លឿ​ន​នីតិវិធីតុលាការ​
29, Nov 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីសម្រេច​មួយ​នៅ​ថ្ងៃទី​២៧ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៨ ស្តីពី​ការបង្កើត​ក្រុម​ងារ​រៀបចំ​ខ្លឹមសារ​កិច្ចប្រជុំ ព​ន្លឿ​ន​នីតិវិធី​ជំនុំជម្រះ​និង​ចេញ​សាលក្រម​ឬ​សាលដីកា​ស្ថាពរ​។



​បើ​យោងតាម​សេចក្តីសម្រេច​ខាងលើ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជា​ប្រធាន​នៃ​ក្រុមការងារ​នេះ ដោយ​អម​ជាមួយ​អនុប្រធាន​២​រូប គឺ​លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​។  
 
​ចំណែក​សមាជិក​នៃ​ក្រុមការងារ​នេះ មាន​៨​រូប គឺ លោក ប៊ុន ហ៊ុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ លោក ចាន់ គឹម​សេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ លោក ខាន់ វណ្ណៈ អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួងយុត្តិធម៌ លោក ចៅ សុធី អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួងមហាផ្ទៃ និង​លោក សុច សុផាន់​ណា​រ៉ា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​អយ្យការ​និង​ព្រហ្មទណ្ឌ​នៃ​ក្រសួងយុត្តិធម៌​។ 
 
​សេចក្តីសម្រេច​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចែងថា ក្រុមការងារ​នេះ មាន​ភារកិច្ច​រៀបចំតាក់តែង​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​ដល់​ដំណើរការ​នៃ​កិច្ចប្រជុំ​ក្នុង​គោលដៅ​ជំរុញ​ពិ​ន្យិ​នីតិវិធី ឲ្យ​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់ ដើម្បី​ព​ន្លឿ​ន​នីតិវិធី​ជំនុំ​ជម្រះក្តី និង​ចេញ​សាលក្រម​ឬ​សាលដីកា​ស្ថាពរ​។ សេចក្តីសម្រេច​ដដែល បញ្ជាក់ថា ក្រោយ​រៀបចំ​ឯកសារ​រួចហើយ ប្រធាន​ក្រុមការងារ ត្រូវ​បញ្ជូនទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ​និង​សម្រេច​៕ 
 

Tag:
 ស ខេង​
  ច្បាប់​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com