កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ប្រធាន​ក្រុម​ជប៉ុន Hasebe រួមទាំង​កីឡាការិនី និង​គ្រូ​ជប៉ុន​ស្ទើរ​ទាំងអស់​ប្រមូលពាន​ប្រចាំឆ្នាំ​ពី AFC
29, Nov 2018 , 4:42 pm        
រូបភាព
Makoto Hasebe អតីត​ប្រធាន​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ជប៉ុន ឈ្នះ​ពាន​កីឡាករ​ឆ្នើម​សម្រាប់​ជម្រើសជាតិ​ឆ្នាំ ២០១៨ ប្រចាំ​ទ្វីបអាស៊ី (Asian International Player of the Year) នៅឯ​ពិធី​ប្រគល់​រង្វាន់​ប្រចាំឆ្នាំ​របស់​សនហ​ព័ន្ធ​កីឡាបាល់ទាត់​អាស៊ី AFC ក្នុង​រាជធានី​ម៉ា​ស្កាត ប្រទេស​អូ​ម៉​ង់ នា​ថ្ងៃទី​២៨ ខែវិច្ឆិកា​។ អ្នកទទួល​ជ័យលាភី​សម្រាប់​ពានរង្វាន់​ដែល​រៀបចំ​ដោយ AFC ប្រចាំឆ្នាំ​២០១៨ នេះ គឺ​បាន​ទៅ​ភាគី​ជប៉ុន​ស្ទើរ​ទាំងអស់​។​

 
Hasebe ដែល​បច្ចុប្បន្នកំពុង​ប្រកប​អាជីព​ក្នុង​ក្រុម Eintracht Frankfurt នៃ​លី​គ​កំពូល​អាល្លឺម៉ង់ ជា​អ្នក​នាំ​ក្រុម​ជម្រើសជាតិ​នៅ​តំន់​អាស៊ី​តែមួយគត់​ដើម្បី​ឆ្លង​ផុត​វគ្គ​ជម្រុះ​តាម​ពូ​ល ក្នុងការ​ប្រកួត World Cup នៅ​រុស្ស៊ី​កន្លងទៅ និង​ជាការ​បង្ហាញខ្លួន​លើក​ទី​៣​ក្នុងនាម​ប្រធាន​ក្រុម​របស់​ក្រុម​រហស្សនាម​សា​ម៉ូ​រ៉ៃ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ផងដែរ​។​


 
​ខ្សែបម្រើ​វ័យ ៣៤ ឆ្នាំ​រូបនេះ បានប្រកាស​ចូលនិវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​នៅក្រោយពេល​ជប៉ុន​រង​បរាជ័យ ៣-២ ក្រោម​ថ្វី​ជើង​បែលហ្ស៊ិក​នៅត្រឹម​វគ្គ ១៦​ក្រុម​ចុងក្រោយ នៅឯ​ការប្រកួត World Cup ឆ្នាំ​២០១៨​។ 
 
​អតីត​សមាជិក​ក្រុម Urawa Red, VfL Wolfsburg និង Eintracht Frankfurt រូបនេះ ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ជម្រើសជាតិ​ចំនួន ១១៤ លើក និង​បាន​នាំ​ជប៉ុន​ឈ្នះ​ពានរង្វាន់ AFC Asian Cup ក្នុង​ឆ្នាំ ២០១១ មួយ​លើក​ដែរ​។​


 
​ដោយឡែក Abdelkarim Hassan ខ្សែការពារ​របស់​ក្រុម​ជម្រើសជាតិ​កាតា និង​ក្លិប Al Sadd ជាប់​ជា​កីឡាករ​ល្អ​ប្រចាំ​ទ្វីបអាស៊ី​ឆ្នាំ​២០១៨ (Asian Player of the Year) ដោយ​ប្រជែង​ឈ្នះ​កីឡាករ​ជប៉ុន​ពីររូប​រួមមាន Kento Misao និង​មិត្ត​រួម​ក្រុម Yuma Suzuki ដែល​មកពី​ក្លិប Kashima Antlers​។​
 
​ក្នុងចំណោម​អ្នកទទួល​ពានរង្វាន់​ផ្សេងទៀត​នៅក្នុង​រាជធានី​អូ​ម៉​ង់ រួ​មាន​អ្នកចាត់ការ​ជនជាតិ​ជ​ប៉ិន​របស់​ក្លិប Kashima Antlers លោក Go Oiwa ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ល្អ​បំផុត​ប្រចាំឆ្នាំ (Men's Coach of the Year) បន្ទាប់ពី​នាំ​ក្រុម​ឈ្នះ​ពានរង្វាន់ Asian Champions League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប​។​


 
​អ្នកស្រី Asako Takakura អ្នកចាត់ការ​ក្រុមកីឡា​ការិនី​ជប៉ុន ដែល​បាន​ដឹកនាំ​ក្រុម​ឈ្នះ​ពានរង្វាន់ AFC Women's Asian Cup លើក​ទី​ពីរ​ជាប់​គ្នា​ក្រោម​ការដឹកនាំ​របស់​អ្នកស្រី ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ប្រចាំឆ្នាំ​ល្អ​ជាងគេ (Women's Coach of the Year) ជា​លើក​ទី​២​ជាប់ៗ​គ្នា​៕
 

Tag:
 ​បាល់ទាត់​
  Makoto Hasebe
  AFC
  Asian International Player of the Year
© រក្សាសិទ្ធិដោយ thmeythmey.com