អន្តរជាតិ
អ៊ុយ​ក្រែ​ន​ស្នើ​ឲ្យ​ណា​តូ​បញ្ជូន​នាវាចម្បាំង​ទៅកាន់​សមុទ្រ​អា​ហ្សូ​វ ដើម្បី​ទប់ទល់​រុស្ស៊ី​
29, Nov 2018 , 10:39 pm        
រូបភាព
ដោយ:
​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន  Petro Poroshenko  នៅ​ថ្ងៃទី ២៩ ខែវិច្ឆិកា បានស្នើ​ឲ្យ​សមាជិក​អង្គការ​ណា​តូ ជាពិសេស​អាល្លឺម៉ង់ បញ្ជូន​នាវាចម្បាំង​ទៅកាន់​សមុទ្រ​អា​ហ្សូ​វ (Azov)  ដើម្បី​ជួយ​ដល់​អ៊ុយ​ក្រែ​ន​ពេល​ប្រឈមមុខ​នឹង​រុស្ស៊ី​។ មេដឹកនាំ​នេះ​សង្ឃឹមថា អាល្លឺម៉ង់​ដែលជា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ៊ុយ​ក្រែ​ន រួមជាមួយ​មិត្ត​ជា​សមាជិក​ណា​តូ​ផ្សេងៗ​ទៀត នឹង​ជួយ​អ៊ុយ​ក្រែ​ន​ក្នុង​រឿងនេះ​បាន​។


 
​ទាក់ទង​នឹង​ការប្រឈមមុខ​ដាក់គ្នារ​វាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​នៅ​សមុទ្រ​អា​ហ្សូ​វ​កាលពី​សប្តាហ៍​មុន ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Poroshenko បាន​លើកឡើងថា លោក​មិនអាច​ទទួលយក​សកម្ម​ភាពខុស​ច្បាប់​របស់​រុស្ស៊ី​បានឡើយ​។ ដំបូង​រុស្ស៊ី​បាន​លេប​ត្របាក់​ទឹកដី​គ្រី​មៀ​កាលពី​ឆ្នាំ​២០១៤ បន្ទាប់មក​បន្ត​លូកដៃ​នៅក្នុង​ជម្លោះ​ភាគ​ខាងកើត​។ ហើយ​ឥឡូវនេះ ក្រុង​មូ​ស្គូ​ចង់បាន​សមុទ្រ​អា​ហ្សូ​វ​ថែម​មួយទៀត​។​
 
​ថ្លែង​ទៅកាន់​កាសែត Bild daily របស់​អាល្លឺម៉ង់​នា​ថ្ងៃ​ព្រហស្បតិ៍ ទី ២៩ ខែវិច្ឆិកា​លោក  Poroshenko  បាន​គូសបញ្ជាក់ថា​៖ «​អាល្លឺម៉ង់​ជា​មិត្ត​ដ៏​ស្និទ្ធស្នាល​បំផុត​មួយ​របស់​យើង  ហើយ​យើង​សង្ឃឹមថា បណ្តា​រដ្ឋ​ផ្សេងទៀត​នៅក្នុង​អង្គការ​ណា​តូ​ត្រៀមខ្លួន​បញ្ជូន​នាវាចម្បាំង​ទៅកាន់​សមុទ្រ​អា​ហ្សូ​វ  ដើម្បី​ជា​ជំនួយ​ផ្នែក​សន្តិសុខ​ដល់​អ៊ុយ​ក្រែ​ន​ផង​»​។  
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុង​គៀវ បាន​ចោទថា មូ​ស្គូ​កំពុង​ឈានទៅរក​ដំណាក់កាល​ប្រឈមមុខ​ដាក់គ្នា​ថ្មី​មួយទៀត​។ ម្យ៉ាងវិញទៀត លោក Poroshenko បាន​អះអាងថា​៖«​លោក ពូ​ទីន ចង់​បង្រួបបង្រួម​អតីត​អាណាចក្រ​រុស្ស៊ី​ឡើងវិញ​។ កន្លងមក​តំបន់​គ្រី​មៀ និង តំបន់ Donbas ហើយ​ពូ​ទីន ចង់បាន​ប្រទេស​យើង​ទាំងមូល​តែម្តង​។ ពូ​ទីន​ចាត់ទុក​ខ្លួនឯង​ថា ជា​អធិរាជ​នៃ​អាណាចក្រ​រុស្ស៊ី​។ ដូច្នេះ​អាណាចក្រ​នេះ ពុំ​អាច​ដំណើរការ​បានឡើយ​ដោយ​គ្មាន​អ៊ុយ​ក្រែ​ន​នោះ​»​។ 
 
​តាមពិតទៅ ការប្រកាស​សុំ​ជំនួយ​ផ្នែក​សន្តិសុខ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ពី​អង្គការ​ណា​តូ​នេះ​គឺធ្វើឡើង បន្ទាប់ពី​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា បានប្រកាស​នឹង​បញ្ជូន​ប្រព័ន្ធ​ខែល​ការពារ​មី​ស៊ី​ល S-400 ទៅកាន់​តំបន់​គ្រី​មៀ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​
 
​ជុំវិញ​រឿងនេះ សហភាព​អឺរ៉ុប​បាន​ថ្កោលទោស​យ៉ាងខ្លាំង ទៅលើ​សកម្មភាព​របស់​រុស្ស៊ី  ប៉ុន្តែ​ក្រោយពី​ការតស៊ូ​មតិ​អស់​រយៈពេល​៣​ថ្ងៃ​មក ខ្លួន​នៅតែ​បរាជ័យ​ក្នុងការ​សម្រេច​បន្ថែម​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ដដែល​។  
 
​គួររម្លឹកថា កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ យោធា​រុស្ស៊ី​បាន​បាញ់រះ និង​ឃាត់ទុក​នាវា​អ៊ុយ​ក្រែ​ន​ចំនួន ៣​គ្រឿង ក្រោយពី​នាវា​ទាំងនោះ​បានធ្វើ​ដំណើរ​ចូលទៅ​កាន់​សមុទ្រ​អា​ហ្សូ​វ​។ ជុំវិញ​រឿងនេះ ទីក្រុង​មូ​ស្គូ​បាន​ចោទប្រកាន់​កង​នាវា​អ៊ុយ​ក្រែ​ន​ទាំងនោះ​ថា បាន​ចូល​ទៅកាន់​សមុទ្រ​នេះ​ដោយ​ខុសច្បាប់​។ 
 
​យ៉ាងណាមិញ ប្រធាន​អង្គការ​ណា​តូ លោក Jens Stoltenberg កាលពី​ថ្ងៃ​ចន្ទ បានទាមទារ​ឲ្យ​រុស្ស៊ី ដោះលែង​ក្រុម​នាវិក និង នាវា​អ៊ុយ​ក្រែ​ន​ទាំងបី​គ្រឿង​នេះ​វិញ ព្រមទាំង​បាន​ព្រមាន​ក្រុង​មូ​ស្គូ​ផងដែរ​ថា សកម្មភាព​របស់ខ្លួន​បែបនេះ​អាច​ប្រឈម​នឹង​ផលវិបាក​នៅ​ថ្ងៃ​ខាងមុខ​ផង​៕ 
 
 

Tag:
 អ៊ុយ​ក្រែ​ន​
  រុស្ស៊ី​
  ណា​តូ​
  សមុទ្រ​អា​ហ្សូ​វ​
© រក្សាសិទ្ធិដោយ thmeythmey.com