អន្តរជាតិ
លោក គីម ជុង​អ៊ុន អាច​នឹង​ថ្លែង​ទៅកាន់​សភា​កូរ៉េខាងត្បូង ពេល​ទស្សនកិច្ច​នៅ​សេ​អ៊ូ​ល​?
30, Nov 2018 , 8:39 pm        
រូបភាព
​សេ​អ៊ូ​ល​៖ ក្នុង​ខែកញ្ញា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ថ្លែង​សុន្ទរកថា​ចំពោះមុខ​ប្រជាជន​កូរ៉េខាងជើង​១៥​ម៉ឺន​នាក់​ក្នុង​ព្យុងយ៉ាង​។ នា​ជំនួប​មេដឹកនាំ​អន្តរ​កូរ៉េ​លើក​ទី​បី មេដឹកនាំ​កូរ៉េ​ទាំងពីរ​ក៏​ព្រមព្រៀង​ថា ដល់​វេន​លោក គីម ជុង​អ៊ុន ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​វិញ​ម្ដង​អំឡុងពេល​ឆាប់ៗ​មុខ​។ អ្វី​គេ​រង់​ចាំមើល​នោះ គឺ​លោក គីម នឹង​ថ្លែង​ទៅកាន់​កិច្ចប្រជុំសភា​កូរ៉េខាងត្បូង​ឬ​យ៉ាងណា ខណៈ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​និយាយថា បើជា​ការពិត វា​នឹង​ជួយ​ដល់​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​។​

 
​នា​ជំនួប​លើក​ទី​៣ នៅ​រដ្ឋធានី​ព្យុងយ៉ាង​កាលពី​ខែកញ្ញា មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ឯកភាព​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ថា លោក​នឹងធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​អំឡុង​ឆ្នាំ​២០១៨ នេះ​។ បើ​កើតឡើង​មែន​នោះ លោក គីម នឹង​ក្លាយជា​មេដឹកនាំ​កូរ៉េខាងជើង​ទីមួយ​ដែល​ជាន់​ទឹកដី​សេ​អ៊ូ​ល​ចាប់តាំងពី​កូរ៉េ​ទាំងពីរ​បែកបាក់​គ្នា​មក​។ 
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ លោក មូ​ន បាន​ថ្លែង​សុន្ទរកថា​រយៈពេល​៧​នាទី​ទៅកាន់​ប្រជាជន​កូរ៉េខាងត្បូង​១​សែន​៥​ម៉ឺន​នាក់​ដែល​ប្រមូល​ផ្ដុំគ្នា​ក្រោម​សីតុណ្ហភាព​ត្រជាក់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​។ ក្រោម​សម្រែក​ជ័យ​ឃោស និង​ការ​ទះដៃ​កងរំពង លោក មូ​ន បាន​ក្លាយជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដំបូង​គេ​ដែល​ថ្លែង​ជា​សាធារណៈ​បែបនេះ​នៅ​កូរ៉េខាងជើង​។ គេ​រំពឹងថា លោក គីម ក៏​នឹង​អាចធ្វើ​បែបនេះ​ដែរ ពេល​ទៅ​សេ​អ៊ូ​ល​នោះ​។​
 
​មន្ត្រី​កំពូល​កូរ៉េខាងត្បូង​ម្នាក់​មិន​សុំ​បញ្ចេញ​អត្តសញ្ញាណ​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា និយាយថា វា​ជា​រឿង​ល្អ​បើ​ប្រធាន​គណៈកម្មការ​កិច្ចការរដ្ឋ​កូរ៉េខាងជើង​រូបនេះ អាចធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​ក្នុងឆ្នាំនេះ​។ លើសពីនោះ លោក គីម ក៏​អាច​ថ្លែង​ជា​សាធារណៈ​ដូចដែល​លោក មូ​ន ធ្វើ​នៅ​ព្យុងយ៉ាង​ដូច្នោះ​ដែរ​។ យ៉ាងណាមិញ ដោយសារ​ក្រុង​សេ​អ៊ូ​ល​ពិបាក​នឹង​រៀបចំ​ការប្រមូល​ទ្រង់ទ្រាយ​ធំ​ដូច​នៅ​ព្យុង​យ៉ាងនោះ លោក គីម អាច​ថ្លែង​ទៅកាន់​សភា​វិញ​។ មន្ត្រី​ដដែល​នេះ​បញ្ជាក់ថា នេះ​ជា​ឱកាស​កម្រ​ដែល​លោក គីម ទំនងជា​មិន​ប្រកែក​ឡើយ​។​
 
​យ៉ាងណាក្ដី ការ​ថ្លែង​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​ក្នុង​សភា​កូរ៉េខាងត្បូង ក៏​រង​ការមិន​ពេញចិត្ត​ដែរ ពិសេស​ពី​សំណាក់​សមាជិក​អភិរក្ស និង​ក្រុមប្រឆាំង ព្រោះ​វា​ប្រៀបដូចជា​ការទទួលស្គាល់​ការដឹកនាំ​ផ្ដាច់ការ​របស់លោក គីម ដែរ​។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​ខាងលើ​សង្ឃឹមថា អ្នកប្រឆាំង​នឹង​រក្សា​ឥរិយាបថ​របស់ខ្លួន និង​មិន​ធ្វើ​អ្វី​ខុសឆ្គង​ឡើយ​។​
 
​ជុំវិញ​គម្រោង​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​វិញ កាលបរិច្ឆេទ​នៅតែ​មិនទាន់​កំណត់​ច្បាស់​នៅឡើយ​ទេ​។ ពីដំបូង លោក គីម ត្រូវបាន​រំពឹងថា នឹងធ្វើ​ទស្សនកិច្ច​ក្នុងឆ្នាំនេះ ប៉ុន្តែ​ដោយសារ​បញ្ហា​ពេលវេលា​នោះ អ្នកវិភាគ​ជាច្រើន​ជឿថា គម្រោង​ទស្សនកិច្ច​របស់​មេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​អាច​លើក​ទៅ​ឆ្នាំក្រោយ​វិញ​៕

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com