កីឡាជាតិ
ជាតិ
មហាផ្ទៃ នឹង​ពិចារណា​សំណើសុំ​ដាក់បញ្ចូល​គ្រូបង្វឹក​ចាស់ៗ​របស់​អង្គភាព​ក្រសួង ចូលក្នុង​ក្របខណ្ឌ​រដ្ឋ​
30, Nov 2018 , 2:46 pm        
រូបភាព
លោក ហ៊ុយ វណ្ណៈ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករចំណុះឲ្យក្រសួងមហាផ្ទៃ, រូបភាពទាំងអស់ពីហ្វេសប៊ុកអង្គភាពកីឡាក្រសួងមហាផ្ទៃ
លោក ហ៊ុយ វណ្ណៈ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករចំណុះឲ្យក្រសួងមហាផ្ទៃ, រូបភាពទាំងអស់ពីហ្វេសប៊ុកអង្គភាពកីឡាក្រសួងមហាផ្ទៃ
ដោយ:
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ នឹង​ពិចារណា​សំណើសុំ​ដាក់បញ្ចូល​គ្រូបង្វឹក​ចាស់ៗ​របស់​អង្គភាព​កីឡា​ក្រសួង ចូលក្នុង​ក្របខណ្ឌ​រាជការ​។ ការពិចារណា​របស់​ក្រសួងមហាផ្ទៃ​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ស្នើសុំ​ពី​លោក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​។​

 
​លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទទួលបន្ទុក​ផ្នែក​កីឡា មិន​បដិសេធ​ចំពោះ​សំណើ​របស់លោក ជា ប៊ុនហេង ឡើយ ព្រោះ​លោក ក៏​យល់ឃើញថា កីឡាករ​ក៏​អាច​វិ​វត្ត​ខ្លួន ទៅជា​អ្នកធំ ឬ​ថ្នាក់ដឹកនាំ​បានដែរ ឲ្យ​តែ​ពួកគេ​ខិតខំ​ព្យាយាម និង​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់​។​


 
​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​នៃ​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា លោក ហ៊ុយ វណ្ណៈ បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​ព្រម​ទទួលយក​នូវ​សំណូមពរ​របស់​បង ជា ប៊ុនហេង ដែល​គិតគូ​ដល់​គុណបំណាច់​គ្រូបង្វឹក​របស់​យើង ដែល​ពួកគាត់​បាន​តស៊ូ ពុះពារ​ការលំបាក​គ្រប់បែបយ៉ាង តាំងពី​នៅ​ជា​កីឡាករ​រហូតដល់​គ្រូបង្វឹក​។ ដូច្នេះ​ការឯកភាព​នេះ គឺ​ដើម្បី​តបស្នង និង​ដឹងគុណ​ពួកគាត់ ដែល​សាង​ស្នាដៃ​ជូន​ស្ថាប័ន​ក្រសួងមហាផ្ទៃ និង​ប្រទេសជាតិ​»​។ 



 
​ដ្បិត​ព្រម​ទទួលយក​សំណើរ​នេះ​ក៏ដោយ តែ​រដ្ឋលេខាធិការ​រូបនេះ ក៏​មិន​ហ៊ាន​សន្យាថា នឹង​ជួយ​ឲ្យ​គ្រូបង្វឹក ឬ​កីឡាករ​ឆ្នើម អាច​ទទួលបាន​ក្របខណ្ឌ​នេះ ១០០​ភាគរយ​ដែរ ។ ប៉ុន្តែ​លោក​នឹង​ព្យាយាម​ប្រឹងប្រែង​ដោះស្រាយ​ឲ្យ​អស់ពី​លទ្ធភាព តាមរយៈ​ការពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​។  


លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ
 
​ក្រៅពី​ផ្ដល់​ក្តីសង្ឃឹម​ដល់​គ្រូបង្វឹក និង​កីឡាករ​របស់​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​ហើយ លោក ហ៊ុយ វណ្ណៈ ក៏​ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់ ជាពិសេស​យុវជន​ត្រូវខិតខំ​រៀនសូត្រ​បង្កើន​ចំណេះដឹង ដើម្បី​សម្រេច​បំណង​នេះ​នាពេល​អនាគត​។​
 
​ក្នុង​កម្មវិធី​ជួប​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​នេះ ក៏មាន​ការប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​ម្ចាស់​ជ័យលាភី​ទៀតផង​៕  
 

Tag:
 ក្រសួងមហាផ្ទៃ​
  ហ៊ុយ វណ្ណៈ​
© រក្សាសិទ្ធិដោយ thmeythmey.com