ជាតិ
សេដ្ឋកិច្ច
WB ប្រាប់​កម្ពុជា​៖ មហិច្ឆតា​ចំណូល​ឆ្នាំ​២០៣០ អាច​បំផ្លាញ​ទិសដៅ​ឆ្នាំ​២០៥០
30, Nov 2018 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​ទំនង​នឹង​មិនអាច​សម្រេចបាន​ទិសដៅ​សេដ្ឋកិច្ច​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឡើយ​នៅ​ឆ្នាំ​២០៣០ ហើយ​បើ​រដ្ឋាភិបាល​ដាក់​គោលនយោបាយ​បង្ខំ​ឲ្យ​សម្រេចបាន​កំណើន​ដ៏​ខ្លាំង​នេះ នឹង​ប្រឈម​បរាជ័យ​ទិសដៅ​សេដ្ឋកិច្ច​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​របស់ខ្លួន​។ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក (World Bank) ។


 
World Bank នៅ​ថ្ងៃទី​២៨​ខែវិច្ឆិកា បានចេញ​របាយការណ៍​បច្ចុប្បន្នភាព និង​ទស្សនវិស័យ​សេដ្ឋកិច្ចកម្ពុជា ដោយបាន​ជ្រើសរើស​ប្រធាន​«​តើ​កម្ពុជា​អាច​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដែរ ឬទេ​?
 
​ដើម្បី​សម្រេចបាន​ទិសដៅ​ប្រទេស​សេដ្ឋកិច្ច​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឆ្នាំ​២០៣០ ពលរដ្ឋ​កម្ពុជា​ក្នុង​មនុស្ស​ម្នាក់​ត្រូវមាន​ចំណូល (GNI) ចំនួន ៣៨៩៦​ដុល្លារ​ឡើងទៅ​។ នេះ​ជា​ចំណាត់ថ្នាក់ ឬ​ការកំណត់​របស់ World Bank ។ នៅ​ឆ្នាំ​២០១៧ GNI ក្នុង​មនុស្ស​ម្នាក់​របស់​កម្ពុជា​មាន​ចំនួន ១២៣០ ដុល្លារ ដែល​មានន័យថា​ប្រាក់ចំណូល​នេះ ត្រូវ​កើនឡើង​ជាង​៣​ដង ទើប​សម្រេចបាន​ទិសដៅ​ឆ្នាំ​២០៣០​នោះ​។​


 
​បើ​និយាយ​ម្យ៉ាងទៀត GNI របស់​ពលរដ្ឋ​កម្ពុជា ត្រូវ​រក្សា​កំណើន ៩,៣ ក្នុង​មួយឆ្នាំ ៗ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០៣០​។ បើ​ក្រឡេកមើល​ក្នុងពេល​កន្លងមក ចាប់ពី​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ​២០១៥ កម្ពុ​ជាមាន​កំណើន GNI នេះ​ជា​មធ្យម​តែ ៥,៤ ភាគរយ​ប៉ុណ្ណោះ​។ 
 
​បទពិសោធន៍​កន្លងមក​របស់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ក្នុងដំណាក់កាល​ស្ថិតក្នុង​កម្រិត​ដូច​កម្ពុជា​នេះ លើកលែងតែ​ប្រទេស​ចិន បាន​បរាជ័យ​សម្រាប់​ទិសដៅ​សេដ្ឋកិច្ច​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នេះ​។ 
 
​បើទោះបី​កម្ពុជា​ចង់យក​គំរូ​ចិន ក៏​មិនអាច​អាចទៅរួច​ដែរ ព្រោះថា​ពេល​ចិន​ស្ថិតក្នុង​កម្រិត​ប្រហែល​កម្ពុជា ក្នុង​រង្វង់​ឆ្នាំ​១៩៩៤ មាន​ទំហំ​វិនិយោគ​ក្នុងប្រទេស​របស់ខ្លួន ៣៥​ភាគរយ​នៃ GDP រួចទៅហើយ ដែល​បានមកពី​ការ​សន្សំ​ក្នុងស្រុក​។ ហើយ​កម្ពុជា​មិនដែល​សន្សំ​ក្នុងស្រុក​លើសពី ១៥​ភាគរយ​នោះទេ​។  
 
​ការ​ពូន​ផ្ដុំ​ទុនវិនិយោគ​របស់​កម្ពុជា ស្ថិតនៅ​កម្រិត​ទាប​នៅឡើយ ពិសេស​ការ​សន្សំ​ក្នុងស្រុក​។ FDI មាន​បរិមាណ​ប្រមាណ ១០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ខណៈ​ការ​សន្សំ​ក្នុងស្រុក​មាន​ប្រមាណ ១០​ភាគរយ​ប៉ុណ្ណោះ​។ ហើយ​ការវិនិយោគ FDI ទៀតសោត គឺ​បាន​ប្រមូលផ្ដុំ​ក្នុង​វិស័យ​សំណង់ ដែល​មិនមែនជា​វិស័យ​ផលិតកម្ម​។ របាយការណ៍​លើកឡើងថា ការ​បោះទុន​ក្នុង​វិស័យ​ផលិតកម្ម ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រសើរ​ជាង​។ 
 
«​លទ្ធផល​នៃ​ការ​គណនា​តាម​ម៉ូ​ឌែ​ល Long-Term Growth Model បង្ហាញថា កម្ពុជា​ទំនងជា​ខកខាន​ទិសដៅ​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​២០៣០ បើទោះបីជា​មានការ​វិនិយោគ​ខ្ពស់​ក៏ដោយ​»​។ នេះ​ជាការ​អះ​អា​ក្នុង​របាយការណ៍ World Bank ។ ប៉ុន្តែ​របាយការណ៍​នេះ​លើកឡើងថា ទិសដៅ​ប្រាក់ចំណូល​ខ្ពស់​របស់​កម្ពុជា​នៅ​ឆ្នាំ​២០៥០ អាចទៅរួច​ជាមួយ​ការ​ការជំរុញ​ការវិនិយោគ​ខ្លាំងក្លា​។​


 
​របាយការណ៍​នេះ បាន​ណែនាំ​គោលនយោបាយ​មួយចំនួន​ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​សម្រេច​ទិសដៅ​២០៥០ ។ កម្ពុជា គួរ​ពិចារណា​ពន្យារ​ទិសដៅ​ដល់​ឆ្នាំ​២០៣៥ ដើម្បី​សម្រេច​សេដ្ឋកិច្ច​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​។ បើ​មិន​ពន្យារ​ទេ រដ្ឋាភិបាល​នឹង​ព្យាយាម​ដាក់ចេញ​គោលនយោបាយ​ដើម្បី​ជោគជ័យ​លើ​ទិសដៅ​របស់ខ្លួន តែ​អាច​ប៉ះពាល់​ដល់​កំណើន​រយៈពេល​វែង  ពោលគឺ​បំផ្លាញ​ទិសដៅ​ប្រាក់ចំណូល​ខ្ពស់​ឆ្នាំ​២០៥០ ។​
 
«​ប្រឹងប្រែង​សម្រេចបាន​កំណើន​ម​ហិ​ច្ឆិ​តា​ខ្លាំងពេក អាច​នាំ​ឲ្យ​បង្កើត​គោលនយោបាយ ដែល​ជំរុញ​កំណើន​រយៈពេល​ខ្លី ប៉ុន្តែ​គំរាម​កំណើន​រយៈពេល​វែង​»​។ របាយការណ៍​បញ្ជាក់​ដូច្នេះ​។​
 
​គន្លឹះ​សម្រាប់​ការអភិវឌ្ឍ​រយៈពេល​វែង ទាមទារ​ការរក្សា​លំនឹង​កំណើនសេដ្ឋកិច្ច ជាជាង​ការធ្វើ​ឲ្យ​កំណើន​ស្ទុះ​ខ្លាំង​។ របាយការណ៍​បន្ថែម​ដូច្នេះ​ថា​៖«​ហើយ​គោលដៅ​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​របស់​កម្ពុជា គឺ​ទាមទារ​ការរក្សា​កំណើន​ឲ្យ​មាន​និរន្តរភាព​នេះឯង ខណៈ​គោលដៅ​នេះ​មាន​រយៈពេល​ដល់​ទៅ​ជាង​៣០​ឆ្នាំ​ទៀត​ឯណោះ​»​។ 
 
​កម្ពុជា​ត្រូវ​លើកកម្ពស់​ធនធានមនុស្ស និង​ផលិតកម្ម ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​សម្រាប់​រយៈពេល​យូរអង្វែង​។ ហើយ​ម្យ៉ាង ពេល​កម្ពុ​ជាមាន​ចំណាត់​ប្រាក់ចំណូល​កាន់តែ​ខ្ពស់ ការអនុគ្រោះ​ដូច​មុន ក៏ត្រូវ​ផ្លាស់ប្ដូរ​ផងដែរ​។ ការបង្កើន​ពលកម្ម​ជំនាញ និង​ផលិតកម្ម ទាក់ទង​យ៉ាងសំខាន់​ដល់​ការកែទម្រង់​នីតិវិធី និង​បរិយាកាស​ធ្វើ​ធុរកិច្ច ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ ខណៈ​កម្ពុជា​ឈ​នៅ​លេខ​រៀង​ទី​១៣៨ ឯណោះ​ក្នុង​ដំណើរការ​សម្រួល​ការធ្វើ​អាជីវកម្ម​។​
 
​សម្រាប់​កំណើន​រយៈពេល​វែង កម្ពុជា​ត្រូវ​បង្កើន​ការ​សន្សំ​ក្នុងស្រុក តាមរយៈ​ការរៀនសូត្រ​ពី​បណ្ដា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​។ ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ហិរញ្ញវត្ថុ និង​អភិវឌ្ឍន៍​ទីផ្សារ​មូលធន និង​ទីផ្សារ​បំណុល​ក្នុងស្រុក ដើម្បី​ទាក់ទាញ​ការដាក់​ប្រាក់​បញ្ញើរ ការជួញដូរ​ឧបករណ៍​ហិរញ្ញវត្ថុ​ផ្សេងៗ​ជាដើម​៕
 

Tag:
 កំណើនសេដ្ឋកិច្ច​
  ចំណូល​
© រក្សាសិទ្ធិដោយ thmeythmey.com