ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​ទេសចរណ៍៖ កុមារ សា​លិ បាន​ជួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ខ្មែរ​មួយផ្នែក ទៅកាន់​ពិភពលោក​
01, Dec 2018 , 1:55 pm        
រូបភាព
រូបភាព Mediacorp
រូបភាព Mediacorp
​ភ្នំពេញ​៖ ក្មេងប្រុស ធុច សា​លិ ដែល​អាចនិយាយបាន​១៥​ភាសា កំពុង​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​មួយចំនួន រំជើបរំជួល​ដល់​សម​ត្ថ​ភាព​របស់ សា​លិ ។ ភាព​អស្ចារ្យ​នៃ​សមត្ថភាព​និយាយ​ភាសាបរទេស លក់​វត្ថុ​អនុស្សាវរីយ៍​នៅ​តំបន់​អង្គរ របស់ សា​លិ នេះ វា​ជា​ចំណែក​មួយ ក្នុងការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា ទៅកាន់​ពិភពលោក​ផងដែរ​។​

 
​ភាព​ល្បី​ខ្ទរខ្ទារ​ពី​សមត្ថភាព​របស់ សា​លិ បាន​ផ្ទុះឡើង បន្ទាប់ពី​ភ្ញៀវ​បរទេស​ស្ត្រី​ជនជាតិ​សិង្ហ​បុរី​ម្នាក់ បាន​បង្ហោះ​វីដេអូ ដែល​បង្ហាញ​ពី​ការប្រើប្រាស់​ភាសាបរទេស​របស់ សា​លិ ក្នុង​ការលក់​វត្ថុ​អនុស្សា​រី​យ៍​ទៅកាន់​ភ្ញៀវ​បរទេស​ដទៃទៀត​។ វា​ជា​រឿង​ពិត ដែល​មិនអាច​ប្រកែក​បាន នូវ​អ្វីដែល​កុមារា​វ័យ​១៤​ឆ្នាំ​រូបនេះ បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​សម្រាប់​ភ្ញៀវទេសចរ និង​ទៅកាន់​ពិភពលោក​។​
 
​សម្រាប់​លោក ថោង ខុន ក៏​មិនអាច​មិន​សរសើរ​កុមា សា​លិ ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ឲ្យ​គេ​ដឹង និង​ស្គាល់​កាន់តែ​ទូលំទូលាយ​ពី​ប្រាសាទ​អង្គរ តាមរយៈ​ចំណេះដឹង​១៥​ភាសា​របស់គាត់​ក្នុង​បទ​សម្ភាស​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​បរទេស​នាពេល​កន្លងមក​ដែរ​។ លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ និយាយ​សរសើរ​ដូច្នេះ​ថា​៖«​ក្មេង​នេះ ពូកែ​ណាស់​។ (​គេ​) អាច​ក្លាយ​ជាម​គ្គុ​ទេស​ក៏​ដ៏​ល្អ​នាពេល​អនាគត តែ​បច្ចុប្បន្ន អាយុ​នៅ​តិចពេក​។ ខ្ញុំ​សូម​សរសើរ​ក្មេង​នេះ​»​។ 
 
​បើតាម​លោក ថោង ខុន ភាព​ល្បី​រន្ទឺ​របស់គាត់ នៅក្នុង​បណ្តាញ​ព័ត៌មាន​អន្តរជាតិ បាន​ជួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ខ្មែរ​មួយកម្រិត​ទៀត​។​
 
​ធុច សា​លិ ដែល​ត្រូវបាន​គេ​ស្គាល់​ច្រើន តាមរយៈ​ការប្រើប្រាស់​ភាសាបរទេស​បាន​១៥​នេះ អាច​និយាយ​ភាសា​អង់គ្លេស​, ភាសា​ចិន​កុក​ងឺ​, ចិន​កន្តាំង (​ហុងកុង​), ចិន​ហៃណាំ​, រុស្ស៊ី​, ម៉ាឡេស៊ី​, ថៃ​, កូរ៉េ​, ជប៉ុន​, វៀតណាម​, អេ​ស្ប៉ា​ញ​, អាល្លឺម៉ង់​, បារាំង និង​អ៊ីតាលី​ជាដើម​។ ប៉ុន្តែ​ភាសា​ដែល សា​លិ​ក ចេះ​ច្បាស់​ជាងគេ ហើយ​អាចនិយាយបាន​ល្អ​នោះ គឺ​ភាសា​ចិន​កុក​ងឺ និង​ភាសា​បន្ទាប់​គឺ​អង់គ្លេស​។ សម្រាប់​ភាសា​ទាំងនេះ កុមារា សា​លិ មិនបាន​ចូលរៀន​នៅតាម​សាលា​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ពោលគឺ សា​លិ អាច​និយាយ​ភាសា​ទាំង​នោះបាន តាមរយៈ​ការ​ស្ដាប់​ភ្ញៀវ​បរទេស និង​រៀន​ពី​អ្នក​ម​គ្គុ​ទេស​នៅ​តំបន់​អង្គរ​ប៉ុណ្ណោះ​។ នេះ​បើតាម​កិច្ច​សម្ភាស​របស់​កុមារា​វ័យ​១៤​ឆ្នាំ​រូបនេះ ជាមួយ​បណ្ដា​ប្រព័ន្ធ​ផ្សព្វផ្សាយ​កន្លងមក​៕

Tag:
 ​ថោង ខុន​
  សា​លិ​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com