ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា និង​គុន​ខ្មែរ បាន​ផ្លាស់ប្តូរ​ជិវិត​ក្មេងប្រុស​ម្នាក់​
01, Dec 2018 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
កីឡាករ​ជើងចាស់​គុន​ខ្មែរ ចាន់ រតនា ប្រចាំ ONE Championship សព្វថ្ងៃ​កំពុង​ហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ត្រៀមខ្លួន​ចូលក្នុង​ទ្រុង​ប្រដាល់​នៃ​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ថ្ងៃ​សុក្រ ទី​៧ ខែធ្នូ​ខាងមុខនេះ​។ ​ថ្វីបើ​ត្រូវ​ឡើងទៅ​ប្រកួត​នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ក៏ពិតមែន តែ​កីឡាករ​ប្រដា​ល់វ័យ ៣២​ឆ្នាំ​រូបនេះ នឹងមាន​កូនក្រុម​ពី​ក្លិប​សិល្បៈ ក៏ដូចជា​នឹងមាន​អ្នកគាំទ្រ​ជាច្រើន​ពី​ទីក្រុង​ភ្នំពេញ​ចូលរួម​ជូន​ដំណើរ​ផងដែរ​។


​ក្នុងចំណោម​អ្នកគាំទ្រ​ទាំងនោះ​ក៏មាន​កុមារ​អាយុ​១២​ឆ្នាំ​ម្នាក់​មានឈ្មោះ សុខ សាន​ដែរ​។ សុខ សាន បានចាប់ផ្តើម​ចូល​ហ្វឹកហាត់​កីឡា​ក្បាច់គុន​តាំងពី​អាយុ ៨ ឆ្នាំ​មក​ម្លេះ ហើយ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ គេ​បាន​ហ្វឹកហាត់​ជាមួយ​លោកគ្រូ ចាន់ រតនា​។ ​សាន រំលឹកថា​៖ «​ពេល​ខ្ញុំ​ជិះ​ម៉ូតូ​ជាមួយ​ប៉ា​ម៉ាក់ ខ្ញុំ​ក៏​ឃើញ​ក្លិប​ប​(​សិល្បៈ​) ហ្នឹង​។ ខ្ញុំ​ចូលទៅ​សួរ​ចង់ដឹងថា​គេ​ហាត់​ក្បាច់គុន​អត់ ហើយ​និង​ព័ត៌មាន​ផ្សេងៗ​។ រួច​ខ្ញុំ​សុំ​ប៉ា​ចូល​ហាត់​តែម្តងទៅ គាត់​ក៏​ជំរុញ​ខ្ញុំ​ឲ្យ​ហាត់​ដែរ​»​។ 
  
 
​ឥឡូវនេះ​សុខ សាន មក​ហាត់​ក្បាច់គុន​នៅ​ក្លិប​សិល្បៈ ៥ ដង​ក្នុង​មួយ​សប្តាហ៍​។​ ​ដោយមាន​លោកគ្រូ រតនា បង្ហាត់​ផ្ទាល់ ឃើញថា​សមត្ថភាព សុខ សាន មានការ​រីកចម្រើន​ខ្លាំង​មិនគួរ​ឲ្យ​ជឿ ជាពិសេស​បាន​ជួយ​ដល់​សុខភាព​របស់គេ​បាន​គ្រាន់បើ​ជាង​មុន​ឆ្ងាយ​។ សាន រៀបរាប់ថា​៖ «​ខ្ញុំ​កើត​ជំងឺហឺត ពេលណា​ខ្ញុំ​ខ្អក​ម្តងៗ​ខ្ញុំ​ដង្ហក់​ខ្លាំងណាស់​»​។​ ​មិន​ត្រឹមតែ​ជួយ​ដល់​សុខភាព​ខ្លាំង​នោះទេ គាត់​បាន​ចេះ​ក្បាច់​ការពារ​ខ្លួន និង​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ខ្លាំង​ណាស់ដែរ​។​ សុខ សាន ត្រូវគេ​ធ្វើបាប​ដូច​ក្មេងៗ​ដទៃ​អញ្ចឹង  ប៉ុន្តែ​បន្ទាប់ពី​បាន​ហាត់រៀន​ក្បាច់គុន​ជាមួយ​គ្រូ ចាន់ រតនា មក​រូបគេ​ចេះ​ស្នៀត​ការពារ​ខ្លួន​ជាច្រើន ហើយ​ក៏មាន​សីលធម៌​ក្នុង​ខ្លួន​ខ្ពស់​ណាស់ដែរ​។ 
 
​សាន និយាយ​បន្ត​៖ «​នៅ​សាលា មាន​ក្មេងៗ​ខ្លះ​ធ្លាប់​មក​បង្អាប់​ខ្ញុំ ធម្មតា​ខ្ញុំ​មិនដែល​និយាយ​អី​ទៅវិញ​ទេ ខ្ញុំ​ដើរចេញ​តែម្តង​។ តែ​ឥឡូវ​វិញ គេ​អត់​ហ៊ាន​ជាមួយ​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​អត់​ខ្លាច​»​។​
​ឱកាស​ដែល​បាន​ហ្វឹកហាត់​ជាមួយ​និមិត្ត​រូបគុន​ខ្មែរ​មួយរូប បាន​ជម្រុញ​ទឹកចិត្ត​ខ្លាំង​ដល់​សុខ សាន​។​ កូនសិស្ស​គុន​ខ្មែរ​វ័យក្មេង​ម្នាក់នេះ មាន​គំរោង​ដើរ​តាម​គន្លង​របស់​និមិត្តរូប​របស់ខ្លួន ហើយក៏​ចង់​មាន​អាជីព​ជា​អ្នក​គូរ​ប្ត​ង់​ម្នាក់​ផងដែរ​។ ​យ៉ាងណាក៏ដោយ គាត់​មិនទាន់​ត្រូវ​ជ្រើសរើស​អាជីព​ណាមួយ​នាពេល​ឆាប់ៗ​ឡើយ​។ 
  
 
​សុខ សាន និយាយថា​ខ្លួន​ចូលចិត្ត​រៀន ហើយ​សប្បាយ​ពេល​បាន​ទៅ​ហាត់​សឹង​រាល់ថ្ងៃ​ជាមួយ​បងប្រុស​ខ្លួន​នៅ​ក្លឹប សិល្បៈ​។ ម្យ៉ាង​បាន​ហាត់​ជាមួយ​គ្រូ​គុន​ខ្មែរ​លំដាប់​ពិភពលោក​ទៀត ពិតជា​មានតម្លៃ​ខ្លាំងណាស់​ក្នុង​ជីវិត​របស់ខ្លួន​។ 
 
«​ខ្ញុំ​ហាត់​ជាមួយ​គាត់​សប្បាយ​ណាស់​។ គាត់​រាក់ទាក់ ហើយ​ពូកែ​ខាង​ទាត់ និង​ដាល់​»​។​ សាន លើកទឹកចិត្ត​ឲ្យ​គ្រប់គ្នា​មក​ហាត់រៀន​ក្បាច់គុន ហើយ​ទទួលយក​អត្ថប្រយោជន៍​ច្រើន​ដូច​ខ្លួន​។​
​លើសពីនេះ គាត់​ក៏​ចាត់ទុក​វិស័យ​ក្បាច់គុន និង​សង្វៀន​អន្តរជាតិ​ដូចជា ONE Championship ជា​មធ្យោបាយ​មួយ​ដែល​អាច​ផ្សព្វផ្សាយ​ឲ្យ​មនុស្ស​ជាច្រើន​ស្គា​ល់ពី ព្រះរាជាណាចក្រ​កម្ពុជា ផងដែរ​។ 
 
​គាត់​បន្ថែមថា​៖ «​ពេល​មាន​មនុស្ស​ច្រើន​ចេះ​កីឡារ នឹងមាន​មនុស្ស​ច្រើនឡើង​ប្រកួត​អន្តរជាតិ​។ អញ្ចឹង ពេលនោះ នឹងធ្វើ​ឲ្យ​គេ​ស្គាល់​កម្ពុជា​កាន់តែខ្លាំង​ឡើង​»​។ 

​អត្ថបទ​៖ Matias Andres
  

 

© រក្សាសិទ្ធិដោយ thmeythmey.com