អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សង្គ្រាម​ពាណិជ្ជកម្ម​៖ ស៊ី និង​ត្រាំ ព្រម​ឯកភាព​បង្កើត​បទ​ឈប់​បាញ់ ៩០​ថ្ងៃ​
02, Dec 2018 , 10:45 am        
រូបភាព
 
​នៅ​ប៊ុ​យ​ណូ​ស៊ែ​រដ្ឋធានី​របស់​អា​ហ្ស​ង់​ទីន ប្រមុខរដ្ឋ​ចិន ស៊ី ជិន​ភីង បាន​ជួប​ទល់មុខ​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដោយបាន​ពិភាក្សាគ្នា​ពី​ជម្លោះ​ពាណិជ្ជកម្ម​ដែល​ផ្តើម​ឆាបឆេះ​តាំងពី​ពាក់កណ្តាល​ឆ្នាំ​បង្ក​ឲ្យ​ពិភពលោក​ព្រួយ​ភ័យ​។ អ្វីដែល​គួរ​ឲ្យ​សាទរ មេដឹកនាំ​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​បាន​ឯកភាពគ្នា​ផ្អាក​ប្រយុទ្ធ​បណ្តោះអាសន្ន ដោយ​គ្មាន​ការដំឡើង​ពន្ធ​ថ្មី​ប្រឆាំង​គ្នា​ទៀតឡើយ ខណៈដែល​ភាគី​កំពុង​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ​។​


 
​បទ​ឈប់​បាញ់​ដែល​ពិភពលោក​រំពឹងទុក​នេះ​កើតឡើង​ក្រោយ​ពេលដែល​លោក ស៊ី អង្គុយ​ពិភាក្សា​ទល់មុខ​ជាមួយ​លោក ត្រាំ ក្នុង​ជំនួបអាហារ​ល្ងាច​ថ្ងៃ​សៅរ៍ ក្រៅ​កិច្ចប្រជុំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន ២០ (G20)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​រដ្ឋ​ចិន CGTN​។ 
 
​បទ​ឈប់​បាញ់​បណ្តោះអាសន្ន​ដែល​ធានា​មិន​ឲ្យ​មានការ​បង្កើន​ពន្ធ​ថ្មី​ប្រឆាំង​គ្នា​ទៀត និង​អាច​ទប់ស្កាត់​ការរីក​រាលដាល​នៃ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ​មាន​រយៈពេល ៩០​ថ្ងៃ​។ រយៈពេល​នេះ នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ភាគី​ចរចា​គ្នា​បង្កើត​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​បញ្ចប់សង្គ្រាម​ជា​អចិន្ត្រៃយ៍​ផងដែរ​។​
 
​សេត​វិមាន​អាមេរិក​បានបញ្ជាក់​ហើយ​ថា ការ​គំរាម​របស់​ប្រធានាធិបតី ត្រាំ រឿង​ដាក់​ដំឡើង​ពន្ធ​ពី ១០ ទៅ ២៥​ភាគរយ​លើ​ទំនិញ​ចិន​មាន​ទំហំជាង ២០០​ពាន់​លាន​ដុល្លារ​​ដែល​ដើមឡើយ​ត្រូវ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​១​ខែមករា​ឆ្នាំ ២០១៩​នោះ នឹងត្រូវ​ពន្យា​ពេល​ដូចគ្នា​។​
 
«​បើសិនជា​ភាគី​មិនអាច​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ជា​ផ្លូវការ​ក្នុង​រយៈពេល ៩០​ថ្ងៃនេះ​ទេ ពន្ធ​ទំហំ ១០​ភាគរយ​នឹងត្រូវ​ដំឡើង​ដល់ ២៥​ភាគរយ​មិន​ខាន​»​។ សេត​វិមាន​អាមេរិក​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​បែបនេះ​ក្រោយ​ជំនួប​លោក ស៊ី និង​លោក ត្រាំ​។​
 
​ដោយឡែក​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី ដែល​ស្ថិតនៅ​ក្នុងជំនួប​បិទទ្វារ​ដែល​នោះបាន​ទទួលស្គាល់​ដែរ​ពី​ការ​ឯកភាពគ្នា​លើ​ការផ្អាក​ប្រយុទ្ធ​បណ្តោះអាសន្ន​នេះ​។ ប្រមុខ​ការទូត​ចិន​រូបនេះ​អះអាងថា ការឯកភាព​គ្នា​ជាគោលការណ៍​នេះ​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ការប៉ះទង្គិច​គ្នា​ផ្នែក​សេដ្ឋកិច្ច​រវាង​មហាអំណាច​ទាំងពីរ ហើយ​វា​ក៏​បើកទ្វារ​កាន់តែ​ទូលាយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ឈ្នះៗ​ទាំងសងខាង​ដែរ​។​
 
​តាមពិតទៅ​ជំនួប​អាហារ​ល្ងាច​រវាង​មេដឹកនាំ​ទាំងពីរ​ស៊ីពេល​ជិត​ពីរ​ម៉ោង​កន្លះ ដែល​វា​​វែងជាង​ការរំពឹងទុកឆ្ងាយ​។ នៅ​ពេល​ផ្តើម​ជំនួប​ទ្វេភាគី​នេះ លោក ត្រាំ បាន​ថ្លែង​ប្រកបដោយ​ទំនុកចិត្ត​ចំពោះ​ការពិភាក្សា​នេះដែរ​ជាពិសេស​សរសើរ​ពី​ទំនាក់ទំនង​រវាង​លោក ជាមួយសមភាគីចិន​។​
 
​លោក ត្រាំ និយាយ​បែបនេះ​«​មិត្តភាព​រវាង​ខ្ញុំ​និង​លោក ស៊ី ជិន​ភីង ពិសេស​ណាស់​។ នេះ​ជា​ហេតុផល​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​អាច​សម្រេចបាន​ផលប្រយោជន៍​ល្អ​សម្រាប់​ចិន និង​ផល​ល្អ​សម្រាប់​អាមេរិក​ដូចគ្នា​»​។ 
 
​លោក ស៊ី ឯណោះ​វិញ​បាន​ប្រាប់​ទៅ​លោក ត្រាំ ដែរ​ថា លោក​រំពឹង​ខ្ពស់​លើ​កិច្ចប្រជុំ​ទ្វេភាគី​នេះ ដ្បិតថា វា​មានតែ​កិច្ចសហប្រតិបត្តិការ​គ្នា​រវាង​ចិន និង​អាមេរិក​ទេ​ដែល​អាច​បម្រើ​ផលប្រយោជន៍​ពិភពលោក ធានា​សន្តិភាព និង​វិបុលភាព​។ 
 
​យ៉ាងណាក៏ដោយ ការផ្សះផ្សា​ពាណិជ្ជកម្ម​ជោគជ័យ​ក្នុងពេល ៩០​ថ្ងៃ អាច​ថា​ជា​រឿង​លំបាក​បំផុត​មួយ​។ ទីប្រឹក្សា​សេដ្ឋកិច្ច​ប្រធានាធិបតី​ផ្ទាល់​លោក Larry Kudlow បង្ហើប​ថា ចំណុច​ស្នូល និង​ចម្រូងចម្រាស​បំផុត​ដែល​អាមេរិក​ទាមទារ​ឲ្យ​ចិន​បំពេញ​នោះ​មានដូចជា​ការគោរព​ឲ្យ​បាន​នូវ​កម្មសិទ្ធិបញ្ញា និង​បញ្ឈប់​ការបង្ខំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ជាពិសេស​អាមេរិក​ផ្ទេរ​បច្ចេកវិទ្យា​តែម្តង​។ 
 
​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាមេរិក​និង​ចិន​ធំធេង​ណាស់ ។ យោងតាម​របាយការណ៍​ការិយាល័យ​ស្ថិតិ​អាមេរិក កាលពី​ឆ្នាំ ២០១៧ អាមេរិក​បាន​នាំចូល​ទំនិញ​ដែលមាន​តម្លៃ​ប្រហែល ៥០៥​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ចិន ប៉ុន្តែ​ទំហំ​នៃ​ទំនិញ​នាំចូល​នេះ​កើនឡើង​រហូតដល់ ៩ ភាគរយ​ក្នុង​ឆ្នាំ ២០១៨ គិត​ត្រឹម​ខែកក្កដា​នេះ ដែល​ធ្វើ​ឲ្យ​មាន​អតុល្យភាព​ពាណិជ្ជកម្ម​ខ្លាំ​ង​។ ឱនភាព​ពាណិជ្ជ​កម្មនេះ​បូកផ្សំ​នឹង​ការបំពាន​កម្មសិទ្ធិបញ្ញា​នៅ​ចិន​ផង ធ្វើ​ឲ្យ​អាមេរិក​មិន​សប្បាយចិត្ត​សោះឡើយរហូត​ធ្វើ​ឲ្យ​លោក ត្រាំ ជ្រើស​រើសយក​សង្គ្រាម​ពាណិជ្ជកម្ម​បែបនេះទៀត​។ 
 
​សូម​រម្លឹកថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​ឆាបឆេះ​ជា​ផ្លូវ​ការចាប់​ពីថ្ងៃ ៦ ខែកក្កដា​នេះ ដោយ​អាមេរិក​ចាប់ផ្តើម​ដំឡើង​ពន្ធ ២៥ ភាគរយ​ជំហាន​ដំបូង​របស់​អាមេរិក​ប្រឆាំង​ទំនិញ​ចិន​ទំហំ ៥០ ពាន់​លាន​ដុល្លារ​អាមេរិក​។ ត​មកដល់​ខែកញ្ញា លោក ត្រាំ ក៏បាន​បញ្ជា​ឲ្យ​គេ​ដំឡើង​ពន្ធ​ ១០  ភាគរយ​​លើ​ទំនិញ​ចិនផ្សេងទៀតដែល​មាន​ទំហំ ២០០​ពាន់​លាន​ដុល្លារ​ទៀត​។​ចំណែកចិនវិញ បានដាក់ដំឡើងពន្ធប្រឆាំងទំនិញ​អាមេរិកមានទំហំ ១១០ពាន់លានដុល្លារដែរចាប់ពីសង្គ្រាម​ផ្ទុះឡើងមក៕

Tag:
 សង្គ្រាម​ពាណិជ្ជកម្ម​
  ស៊ី ជិន​ភីង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com