ជាតិ
សេដ្ឋកិច្ច
លោក គឿន គីម មាន​រូបមន្ត​បង្កើន​រសជាតិ​ទឹកត្នោត មុន​លក់​ឱ្យ​ភ្ញៀវទេសចរ​
02, Dec 2018 , 1:33 pm        
រូបភាព
​សៀមរាប​៖ លោក គឿន គីម ជា​អ្នកលក់​ទឹកត្នោត​មួយរូប​ក្នុងចំណោម​អ្នកលក់​ឯទៀត​នៅ​ប្រាសាទអង្គរវត្ត​។ ប្រកប​របរ​ឡើងត្នោត និង​លក់​ទឹកត្នោត​ប្រមាណ ១០​ឆ្នាំ​មកហើយ លោក គីម មាន​ជំនាញ​ច្បាស់លាស់​ក្នុង​ការយក​ទឹក និង​រូបមន្ត​ធម្មជាតិ​ដែល​ជួយ​បង្កើន​ឱជា​រស​ធ្វើឱ្យ​ទឹកត្នោតផ្អែម និង​ថ្លា​។ តើ​នោះ​ជា​រូបមន្ត​អ្វី​?

 
​អស់​រយៈពេល​៥​ឆ្នាំ​មកហើយ ដែល​លោក គីម បានមក​ប្រកប​របរ​លក់​ទឹកត្នោត​នៅ​ប្រាសាទអង្គរវត្ត ដែល​កាលពីមុន​លោក​ធ្លាប់​ប្រកប​របរ​នេះ​នៅ​ស្រុក កៀនស្វាយ ខេត្តកណ្ដាល​អស់​រយៈកាល​៥​ឆ្នាំ មុន​មក​រស់នៅ​ខេត្តសៀមរាប​។ នៅ​សៀមរាប​លោក គីម ជួល​ដើមត្នោត​គេ​ចំនួន ១៨​ដើម ដែល​អាច​ឡើង​យក​ទឹកបាន​ប្រមាណ ៣០​លីត្រ​រៀងរាល់ថ្ងៃ​។ ក្នុង​មួយថ្ងៃ លោក​ត្រូវ​ឡើង​យក​ទឹក​ចំនួន ២​ដង គឺ​ពេលព្រឹក​នៅ​ម៉ោង ៤​ភ្លឺ និង​ល្ងាច​ចាប់ពី​ម៉ោង ៥​តទៅ​។​
 
​នា​រដូវប្រាំង​នេះ ទឹកត្នោត​មានទឹក​ច្រើន ដែល​អាចឱ្យ​លោក គីម ត្រូវ​ឧស្សាហ៍​ឡើងត្នោត​ទាំង ១៨​ដើម​របស់លោក​។ លោក​បញ្ជាក់ថា ខែ​នេះ​លោក​អាច​ឡើង​បាន​ទឹកត្នោត​ជាង ៣០​លីត្រ សម្រាប់​លក់​ឱ្យ​ភ្ញៀវទេសចរ​។ សម្រាប់​អាជីវកម្ម​មួយ​នេះ ក៏ដូចជា​របរ​ផ្សេងទៀត​ដែរ ថ្ងៃ​ធម្មតា​លក់បាន​តិច ឯ​ពេល​បុណ្យទាន​ក៏​លក់ដាច់​ច្រើន ហើយ​ជួន​អស់ ជួន​មិន​អស់​។ ពេល​ទឹកត្នោត​សល់ លោក គីម បាន​យកទៅ​ច្នៃ​ជា​ស្ករត្នោត ឬ​ផលិត​ជា​ទឹកខ្មេះ​ជាដើម​។ នេះ​ជាការ​លើកឡើង​របស់លោក គីម ដែលមាន​វ័យ​ជាង ៤០​ឆ្នាំ​។ 
 
​ក្រៅពី​ចេះ​លក់​ទឹកត្នោត​ហើយ លោក គីម ក៏មាន​រូបមន្ត​ពិសេស​ក្នុងការ​បង្កើត​រសជាតិ​ទឹកត្នោត​របស់លោក​ផងដែរ​។ តាម​ការ​បង្ហើប រូបមន្ត​ទាំងនោះ​ដូចជា ទីមួយ​លាង​បំពង់​ឱ្យ​ស្អាត បន្ទាប់មក​យក​ស្រស់ទឹក​ក្ដៅ ទុកឱ្យ​ស្ងួត​យកទៅ​អប់ ក្រោយមក​យកទៅដាក់​ទឹកត្នោត​ទើប​ទឹកត្នោត​មាន​រសជាតិ​ផ្អែម​។ ហើយ​ចង់ឱ្យ​ទឹកត្នោត​ថ្លា លោក គីម ថា​ត្រូវបាន​សំបកឈើ​គគីរ ចិត​ចំណិត​តូចៗ តែ​វិធី​នេះ​អាចឱ្យ​ទឹកត្នោត​រៀង​ចត់​តិចៗ​។​
 
​ជាមួយនឹង​មុខរបរ​នៅ​តំបន់​ដែលមាន​ទេសចរ​ច្រើន​ជាតិ​សាសន៍​នេះ បង្ខំ​ឱ្យ​លោក គីម ត្រូវ​ចេះ​ភាសា​ខ្លះៗ​ដើម្បី​ងាយស្រួល​ទំនាក់ទំនង និង​ហៅភ្ញៀវ​ជួយ​ទិញ​ទឹកត្នោត​ផងដែរ​។ លោក គីម ចេះ​ភាសា​មួយចំនួន​ដូចជា ចិន ជប៉ុន កូរ៉េ រុស្ស៊ី ថៃ និង​អង់គ្លេស​។​ល​។ ភាសា​ទាំងនោះ គឺ​លោក គីម លួច​រៀន​ពី​មគ្គុទ្ទេសក៍​ទេសចរណ៍ ហើយ​លោក​លួច​រៀន​មួយ​ថ្ងៃមួយ​ម៉ាត់ៗ​៕
 
  

© រក្សាសិទ្ធិដោយ thmeythmey.com