កីឡាជាតិ
ជាតិ
Buriram ឲ្យ ច្រឹង ពលរដ្ឋ ត្រឡប់មក​ព្យាបាល​របួស​ជង្គង់ ក្រោយ​មិនទាន់​ជាសះស្បើយ
03, Dec 2018 , 2:21 pm        
រូបភាព
កីឡាករ ច្រឹង ពលរដ្ឋ ពេលចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា, រូបភាពពីហ្វេសប៊ុកក្លិបក្រសួងការពារជាតិ
កីឡាករ ច្រឹង ពលរដ្ឋ ពេលចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា, រូបភាពពីហ្វេសប៊ុកក្លិបក្រសួងការពារជាតិ
ដោយ:
​អតីត​ខ្សែបម្រើ​កណ្តាល​របស់​ក្លិប​ក្រសួងការពារជាតិ ត្រូវបាន​ក្លិប​ក្របខណ្ឌ​កំពូល​ថៃ Buriram United ឲ្យ​ត្រឡប់មក​សម្រាក​ព្យាបាល និង​ហ្វឹកហាត់​រយៈពេល​៣​ខែ​នៅ​កម្ពុជា បន្ទាប់ពី​របួស​ដាច់​ស​រ​សៃ​ពួរ​ជង្គង់​មិនទាន់​ជាសះស្បើយ​។ ពលរដ្ឋ នឹង​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្លិប​នេះ​ឡើងវិញ បើសិន​របួស​គេ​ជាសះស្បើយ​១០០​ភាគរយ​។

 
​កីឡាករ ច្រឹង ពលរដ្ឋ មិនទាន់​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ហ្វឹកហាត់​ជាមួយ​ក្លិប​ថ្មី Buriram United នៅឡើយ​ទេ បន្ទាប់ពី​គ្រូពេទ្យ​ជំនាញ​ប្រចាំ​ក្លិប​នេះ​ពិនិត្យឃើញថា របួស​ដាច់​សរសៃពួរ​ជង្គង់​របស់គេ​មិនទាន់​ជាសះស្បើយ​១០០​ភាគរយ​។ ពលរដ្ឋ ត្រូវបាន​ក្លិប​ជើងឯក​មួយ​នេះ ឲ្យ​ត្រឡប់មក​ព្យាបាល​និង​ហ្វឹកហាត់​នៅ​កម្ពុជា​រហូត​ជាសះស្បើយ មុន​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្លិប​នេះ​។  
 
«​កីឡាករ ច្រឹង ពលរដ្ឋ ក្រោយ​ទទួលបាន​ការពិនិត្យ​ពី​គ្រូពេទ្យ​ជំនាញ គឺ​របួស​ដាច់​សរសៃរ​ពួរ​ជង្គង់​របស់គាត់​នៅ​មិនទាន់​ជាសះស្បើយ​នៅឡើយ​ទេ ជាហេតុ​ធ្វើ​ឲ្យ​រូបគេ​មិនទាន់​អាច​ចូល​ហ្វឹកហាត់​ជាមួយ​ក្លិប Buriram​។ គ្រូពេទ្យ​ជំនាញ​បាន​ឲ្យ​រូបគេ ត្រឡប់មក​សម្រាក​ព្យាបាល​រយៈពេល​៣​ខែ និង​ហ្វឹកហាត់​ខ្លួនឯង​នៅ​កម្ពុជា​រហូត​ជាសះស្បើយ​១០០​ភាគរយ​ជាមុនសិន​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ​តាម​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨​។​
 
​ក្លិប​ក្រសួងការពារជាតិ​បានចាត់ទុក​ដំណឹង​នេះ ជា​ដំណឹង​អាក្រក់​សម្រាប់​ក្លិប​ទាំងពីរ និង​សាមី​កីឡាករ​។ តែ​យ៉ាងណា ពលរដ្ឋ រំពឹងថា រូបគេ​នឹង​អាចជា​សះស្បើយ​មុន​បើក​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ​កំពូល​ថៃ​។ 
 
​បើតាម​លោក ទេព ឡុង​រចនា អ្នកចាត់ការ​ទូទៅ​ក្លិប​ក្រសួងការពារជាតិ ទោះបី​របួស​របស់ ច្រឹង ពលរដ្ឋ មិនអាច​ជាសះស្បើយ​មុន​ថ្ងៃ​បើក​រដូវ​កាល​ក៏ដោយ តែ​កិច្ចសន្យា​របស់គេ​ជាមួយ​ក្លិប​នេះ មិនត្រូវ​បានបញ្ចប់​នោះទេ​។ លោក​បន្ថែមថា ពលរដ្ឋ នឹង​ត្រឡប់​ទៅ​ចូលរួម​ជាមួយ​ក្លិប​នេះ​វិញ បើ​ភាគី​ថៃ​ពិនិត្យឃើញថា របួស​របស់គេ​ជាសះស្បើយ​១០០​ភាគរយ​។ 
 
​កាលពី​ខែសីហា ឆ្នាំ​២០១៨ កន្លងទៅ កីឡាករ ច្រឹង ពលរដ្ឋ បាន​ចុះកិច្ចសន្យា​រយៈពេល​១​ឆ្នាំ​លេង​ឲ្យ​ក្លិប Buriram United សម្រាប់​រដូវ​កាល​ឆ្នាំ​២០១៩-២០២០ ក្នុងនាម​កូតា​កីឡាករ​បរទេស​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​៕   
 

Tag:
 បាល់ទាត់​
  ច្រឹង ពលរដ្ឋ​
  Buriram United
© រក្សាសិទ្ធិដោយ thmeythmey.com