ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រធាន UN ប្រចាំ​​កម្ពុជា​៖ «​សម្រាប់​យុវជន រៀនបរាជ័យ​កាន់តែ​ឆាប់ កាន់តែ​ល្អ​»
04, Dec 2018 , 8:30 am        
រូបភាព
លោកស្រី ផូលីន ថាម៉េស៊ីស ស្ថិតក្នុងទីវាជាតិស្តីពីអាហារូបត្ថម្ភលើកទីប្រាំថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០១៨ (រូបភាព៖ UN Cambodia)
លោកស្រី ផូលីន ថាម៉េស៊ីស ស្ថិតក្នុងទីវាជាតិស្តីពីអាហារូបត្ថម្ភលើកទីប្រាំថ្ងៃទី ៧ ខែវិច្ឆិកាឆ្នាំ ២០១៨ (រូបភាព៖ UN Cambodia)
​ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស មានប្រសាសន៍ថា យុវជន​កម្ពុជា​តួនាទី​សំខាន់​ក្នុងការ​សម្រេចបាន​នូវ​សង្គម​មួយ​ដែល​ពោរពេញ​ដោយ​នវានុវត្តន៍​ឬ​ការច្នៃប្រឌិត​ថ្មី​ដែល​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ លោកស្រី​ផ្តល់​អនុសាសន៍​ថា ដើម្បី​សម្រេច​ជោគជ័យ វា​ជា​រឿង​ចាំបាច់​ដែល​យុវជន​ត្រូវ​បន្ត​ចង់​ចេះ​ចង់ដឹង​, មាន​ឆន្ទៈ​បន្ត​រៀនសូត្រ​ពីអ្វី​ដែល​ថ្មី​, ហ៊ាន​ប្រថុយប្រថាន និង​ហ៊ាន​បរាជ័យ​។ ដោយយកទ្រឹស្តីសហគ្រិនភាពជាសម្អាង លោកស្រី ផូលីន និយាយថា យុវជនទាំងអស់រួមទាំងនៅ​កម្ពុជា ត្រូវគិតថា «​បរាជ័យ​កាន់តែ​រហ័ស​» កាន់តែ​ល្អ ដ្បិតថា វា​នឹង​ផ្តល់​ជា​បទពិសោធន៍ និង​ផ្តល់ឱកាស​សំខាន់​ឲ្យ​យុវជន​ទទួលបាន​គំនិត​ថ្មី​ដើម្បី​ឈានទៅ​សម្រេច​ជោគជ័យ​នៅពេល​អនាគត​ផង​។​

ខាងក្រោម​នេះ​ជា​បទសម្ភាសន៍​ទាំងស្រុង​រវាង​និពន្ធ​នាយករង​សារព័ត៌មាន​ថ្មីៗ (thmeythmey.com) ជាមួយ​ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស​៖ 
 
សៅ ផល​និស្ស័យ ៖ នវានុវត្តន៍ ឬ​ការច្នៃប្រឌិត​មាន​តួនាទី​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ ខ្ញុំ​ចង់​សួរ​ទៅ​លោកស្រី​ថា តើ​កម្ពុជា​ត្រូវធ្វើ​បែបណាខ្លះ​ដើម្បី​ក្លាយជា​សង្គម​ដែល​ពោរពេញ​ដោយ​ការច្នៃប្រឌិត​ថ្មី​នេះ​? 
 
លោកស្រី  ផូ​លីន ថា​ម៉េ​ស៊ី​ស​៖ នវានុវត្តន៍ ឬ​ការច្នៃប្រឌិត​ថ្មី​នេះ​ជា​រឿង​អាទិភាព​សម្រាប់​ខ្ញុំ​។ នេះ​ក៏ដោយ​សារ​ខ្ញុំ​ជា​អ្នក​ដែល​ជឿជាក់ថា អ្វីដែល​ធ្វើ​ឲ្យ​អង្គការសហប្រជាជាតិ​ជោគជ័យ​កាលពី​អតីតកាល​នោះ​លែង​នៅ​ជា ដំណោះស្រាយ​ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ជោគជ័យ​នៅពេល​អនាគត​ទៀតហើយ​។ ពិភពលោក​កំពុង​ប្រែប្រួល​រហ័ស​ខ្លាំង ហើយ​អង្គការសហប្រជាជាតិ​ចាំបាច់​ត្រូវ​ផ្លាស់ប្តូ​រដែរ​។​
​ក្នុង​ស្ថាប័ន​អង្គការសហប្រជាជាតិ យើង​មាន​វេទិកា​ភាពជា​អ្នកដឹកនាំ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG Leadership Lab) ហើយ​ចំណុច​ស្នូល​របស់​វា​គឺ ធានា​ឲ្យ​អង្គការសហប្រជាជាតិ​ក្លាយជា​ស្ថាប័ន​សិក្សា​។ យើង​ធ្វើបែបនេះ​ដ្បិតថា កាលណា​យើង​ឈប់​សិក្សា ចំណុច​ទីមួយ​ដែល​យើង​នឹង​ប្រឈម​គឺ យើង​នឹង​លែង​ជាប់ទាក់ទង​គ្នា​នឹង​ស្ថាប័ន​ដែល​យើង​កំពុង​បម្រើ​ការងារ​ទៀតហើយ​។ ចំណុច​ទី​ពីរ​គឺ យើង​នឹង​លែងមាន​លទ្ធភាព​ឆ្លើយតប សម្រប​ខ្លួន និង​អភិវឌ្ឍ​ខ្លួន​ទៅតាម​ការផ្លាស់ប្តូរ​នៃ​បរិស្ថាន​ជុំវិញ​ទៀត​ដែរ​។ ដូច្នេះហើយ អ្វីដែល​សំខាន់​គឺ យើង​ចាំបាច់​ត្រូវ​ក្លាយខ្លួនជា​ស្ថាប័ន​សិក្សា​ដែល​លើកស្ទួយ​នវានុវត្តន៍​នេះ​។ 
 
​ខ្ញុំ​ចង់​មានន័យថា យើង​បន្ត​សួរ​សំណួរ​ជាច្រើន ហើយ​យើង​មិន​សន្ម​ត់​ជាមុន​ថា យើង​ចេះដឹង​គ្រប់យ៉ាង​ទេ​។ ពិភពលោក​ប្រែប្រួល​រហ័ស​ណាស់ ហើយ​ប្រាកដ​ណាស់​ថា យើង​មិនអាច​ដឹង​គ្រប់យ៉ាង​នោះទេ​។ ក្នុង​គោលការណ៍​នៃ នវានុវត្តន៍ យើង​ត្រូវ​ចាប់ផ្តើម​ដោយ​កំណត់​យក​ប្រជាជន​ជា​ចំណុច​ស្នូល​។ អ្នក​ដែល​ធ្លាប់មាន​បទពិសោធន៍ និង​ធ្លាប់​ជួប​បញ្ហា​ប្រឈម​ក្នុង​ការងារ​អភិវឌ្ឍ​ដោយផ្ទាល់ ប្រាកដ​ជាមាន​ដំណោះស្រាយ​ដើម្បី​ជម្នះ​បញ្ហា​ទាំងនេះ​។ ត្រង់ចំណុច​នេះ សំណួរ​ដែល​ត្រូវ​ចោទសួរ​គឺថា តើ​ពួកគេ​ធ្លាប់​ត្រូវបាន​គេ​សាកសួរ​ឬ​អត់​ពី​ដំណោះស្រាយ​ដែល​ពួកគេ​មាន ឬ​ទទួលបាន​ការផ្តល់​ឱកាស​មួយ​ក្នុង​ការសហការ​រួមគ្នា​ដោយ​ប្រើប្រាស់​ដំណោះស្រាយ​ចាំបាច់​ណាមួយ​សម្រាប់​ការអភិវឌ្ឍ​ឬ​អត់​នោះ​។ ទាំងនេះ ជា​អ្វីដែល​ខ្ញុំ​រៀនសូត្រ​ពី​ការបំពេញ​ការងារ​នៅ​បង់​ក្លា​ដែ​ស​។ 
 
​ចំណុច​ចម្បង​ដែល​ខ្ញុំ​បាន​រៀន​នោះ​ផ្សេងទៀត​គឺ ដើម្បី​ឲ្យ​ស្ថាប័ន​យើង​បន្ត​នៅ​ពាក់ព័ន្ធ​សកម្មភាព​ដែល​យើង​កំពុង​ធ្វើ យើង​ត្រូវ​រៀនសូត្រ​ពី​កំហុសឆ្គង​ដែល​ធ្លាប់មាន និង​ស្វែងយល់​បន្ថែម​ពីអ្វី​ដែល​យើង​អាច​ធ្វើបាន​ប្រសើរ​ជាង​នេះ​។ ពិត​ហើយ យើង​ត្រូវ​យកចិត្តទុកដាក់​លើ​ការប្រឹងប្រែង​ផង និង​ផ្តោតលើ​មនុស្ស​នៅ​ជុំវិញ​ផង​។ ជាធម្មតា មនុស្ស​ដែល​យើង​ធ្វើ​ការងារ​ជាមួយ​តែងតែមាន​ដំណោះស្រាយ​ជានិច្ច​។​
 
​ខ្ញុំ​គិតថា វា​ចាំបាច់​ត្រូវ​បន្ត​ងឿងឆ្ងល់ រក្សា​ឲ្យ​បាន​នូវ​ឆន្ទៈ​ចង់​រៀនសូត្រ​បន្ថែម និង​បន្ត​កំណត់​យក​មនុស្ស​នៅ​ជុំវិញ​ជា​ចំណុច​ស្នូល ទោះបីជា​យើង​ធ្វើ​អ្វី​ការងារ​អ្វី​ក៏ដោយ​។ នេះ​ជា​ចំណុច​ដំបូង​ដែល​ខ្ញុំ​គិតថា​ជា​រឿង​ល្អ​។ ប្រសិនជា​អ្នកមាន​ផ្នត់គំនិត​បែបនេះ និង មាន​ឆន្ទៈ​ក្នុងការ​ផ្លាស់ប្តូរ អ្នកនឹង​បើកទ្វារ​ឲ្យ​ខ្លួនឯង​មានលទ្ធភាព​មួយ​ដែល​អាចធ្វើ​ទៅរួច​។ ចំណុច​នេះ​គឺ វា​ដូចគ្នា​ទៅនឹង ការពិចារណា​ធ្វើ​រឿង​អ្វីមួយ​ដែល​យើង​មិនដែល​ធ្លាប់​គិត​ពីមុនមក​ដែរ​។ 
 
​គោលការណ៍​នៃ​នវានុវត្តន៍ គឺ​ផ្តោត​សំខាន់​លើ​ឆន្ទៈ​ដែល​ហ៊ាន​ប្រថុយប្រថាន និង​ឆន្ទៈ​ក្នុងការ​បន្ត​សួរ​សំណួរ​ខ្លួនឯង​។ សំណួរ​ល្អ​បំផុត​ដែល​គេ​បាន​ប្រាប់​ខ្ញុំ​នោះ​គឺ «​ប្រសិនបើ​»​។ នៅពេលដែល​យើង​សាកសួរ​ខ្លួនឯង​នូវ​សំណួរ «​ប្រសិនបើ​»​នេះ​ជានិច្ច យើង​នឹង​អាច​បើកទ្វារ​ឲ្យ​ខ្លួនឯង​ស្វែងរក​លទ្ធភាព​ផ្សេងទៀត​ដែល​អាចធ្វើ​មួយ​ទៅដោយ​ជោគជ័យ​។ ប្រាកដ​ណាស់ វា​ទាក់ទិន​នឹង​ផ្នត់គំនិត និង​ការផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដែល​យើង​មិន​ធ្លាប់​គិតដល់​ពីមុន និង​ចោទ​ជា​សំណួរ​ចំពោះ​អ្វីដែល​យើង​ធ្លាប់​សន្ម​ត់​ផងដែរ​។ បើសិនជា​យើង​នាំយក​វប្បធម៌​បែបនេះ​មកប្រើប្រាស់​បាន ជាពិសេស​នាំ​ការផ្លាស់ប្តូរ​ផ្នត់គំនិត​នេះ​ទៅដល់​រាល់​ដៃគូ​ទាំង​អស់ទាំង​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​នោះ យើង​ស្រមៃ​មើល ថា​តើ​យើង​នឹង​អាច​សម្រេចបាន​អ្វីខ្លះ​កិច្ចការ​អ្វី​ផ្សេងទៀត ដែល​លើសពី​អ្វីដែល​យើង​ធ្លាប់​ដឹង​កន្លងមក​នោះ​?  
 
សៅ ផល​និស្ស័យ​៖ ត្រឡប់​ទៅកាន់​បទ​វិចារណកថា​របស់លោក​ស្រី ដែល​បាន​បោះពុម្ពផ្សាយ​កាលពី​ខែតុលា​កន្លងមកនេះ​វិញ​។ ខ្ញុំ​ឃើញ​លោកស្រី លើកឡើង​ពី​ការ​«​ផ្តល់ឱកាស​ឲ្យ​យុវជន​ដឹកនាំ​»​។  តើ​លោកស្រី​អាចជួយ​ពន្យល់​បន្ថែម​បន្តិច​បាន​ទេពី​ចំណុច​នេះ​?

លោកស្រី  ផូ​លីន ថា​ម៉េ​ស៊ី​ស​៖ ចំណុច​ដំបូង​គេ គឺ​យើង​ត្រូវ​វិនិយោគ​លើ​យុវជន និង​ផ្លាស់ប្តូរ​ខ្លួន​យើង​។ នេះ​ជា​អ្វីដែល​ខ្ញុំ​ចាប់ផ្តើម​នៅក្នុង​ស្ថាប័ន​អង្គការសហប្រជាជាតិ​ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ​។ ក្នុង​ស្ថាប័ន​យើង យើង​មិនដែល​ធ្វើ​អ្វី​ដោយ​ពឹងផ្អែក​តែ​លើ​អ្នកជំនាញ និង ដំណោះស្រាយ​ដែល​បាន​ពី​ពួកគេ​រហូត​នោះទេ​។ 
 
​ដូច្នេះ អ្វីដែល​យើង​ធ្វើ​ដំបូង​គេ គឺ​ចាប់ផ្តើម​សាកសួរ​យុវជន​ថា «​តើ​អ្វីដែល​អ្នក​រំពឹង​ចង់បាន​ពី​អង្គការសហប្រជាជាតិ​?», «​តើ​យើង​អាចជួយ​អ្នក​ដោយ​របៀប​ណា​?» ,«​រដ្ឋាភិបាល​របស់​អ្នក​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​អាច​បម្រើ និង​គាំទ្រ​អ្នក​ឲ្យ​បាន​ប្រសើរ​ជាង​មុន​?», ចុះ​សង្គម​ស៊ីវិល​អាចជួយ​គាំទ្រ​អ្នក​បាន​ដោយ​របៀប​ណាខ្លះ​?» ។  ដើម្បី​សម្រេច​បែបនេះ​បាន យើង​ត្រូវ​ចេញទៅ​ក្រៅ និង​ធ្វើខ្លួន​ឲ្យ​កាន់តែ​សកម្ម​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​យុវជន ដ្បិតថា​យើង​នឹងមាន​លទ្ធភាព​សួរ​សំណួរ និង​ស្វែងរក​ចម្លើយ​ពី​ប្រជាជន​ដែលមាន​វ័យក្មេង​ទាំងនោះ​ហើយ​។ ចំណុច​ទាំងនេះហើយ​ដែល​ខ្ញុំ​ចាត់ទុកជា​ភាពជា​អ្នកដឹកនាំ​។ នេះ​ក៏​ព្រោះថា ពួកគេ​មិនអាច​មានលទ្ធភាព​ដឹកនាំ​ឡើយ បើសិនជា​ពួកគេ​មិន​ទទួលបាន​ចន្លោះ​ទំនេរ ឬ​ទទួលបាន​ការវិនិយោគ​ជាពិសេស​លើ​ការអប់រំ និង​ការកសាង​ជំនាញ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​គិតគូរ​ពី​ខ្លួនឯង​ក្នុងពេល​អនាគត​បាន​។ 
 
​ក្នុង​អត្ថបទ​វិចា​ណ​កថា​របស់ខ្ញុំ ខ្ញុំ​បាន​ជជែក​ពី​ការវិនិយោគ​លើ​ការអប់រំ និង​ការកសាង​ជំនាញ​។ ត្រង់​ជំនាញ​នេះ គឺ​ផ្តោត​សំខាន់​លើ​ជំនាញ​ទន់​ដែល​វា​ទាក់ទង​នឹង​ការគិតគូរ​ពិចារណា​បាន​ស៊ីជម្រៅ​។ ប្រសិន​ពួកគេ​មិនអាច​ក្រឡេក​ទៅ​មើល​បញ្ហា និង​កំណត់​ទិសដៅ​ខ្លួនឯង​បានទេ នោះ​មានន័យថា យើង​ក៏​មិន​ជួយ​ក្មេងជំនាន់ក្រោយ​ទេ​។​
 
​ដូច្នេះហើយ យើង​ត្រូវ​វិនិយោគ​ដើម្បី​បង្កើត​បរិយាកាស​មួយ​ដែល​អនុញ្ញាត​ឲ្យ ពួកគេ​អាចដឹកនាំ​បាន និង​ជួយ​ឲ្យ​ពួកគេ​ហ៊ាន​ប្រថុយ​ប្រធាន​។ យើង​ត្រូវ​ជួយ​ឲ្យ​ពួកគេ​យល់ថា ការបរាជ័យ​មិនមែនជា​រឿង​អាក្រក់​ឡើយ​។ ខ្ញុំ​មាន​ទិន្ន័យ​ទាក់ទិន​នឹង​ការបរាជ័យ​នេះដែរ​។​
 
​នៅ​សហរដ្ឋអាមេរិក​វិញ អាជីវកម្ម​ថ្មីថ្មោង​ប្រហែល ៩០​ភាគរយ​បរាជ័យ​។ បើសិនជា​យើង​ចង់​បណ្តុះ​ភាពជា​សហគ្រិន និង​ជំរុញ​ឲ្យ​ពួកគេ​មាន​ផ្នត់គំនិត​ជា​សហគ្រិន យើង​ត្រូវ​ជួយ​ឲ្យ​ពួកគេ​មានលទ្ធភាព​ដឹកនាំ និង​បង្រៀន​ពួកគេ​ឲ្យ​ចេះ​បរាជ័យ​។ ក្នុង​ការគិត​បែប​ច្នៃប្រឌិត គេ​និយាយ​ច្បាស់​ថា «​ត្រូវ​បរាជ័យ​ឲ្យ​បាន​ឆាប់​» ព្រោះថា កាលណា​បើ​យើង​ឆាប់​បរាជ័យ យើង​នឹង​អាចមាន​គំនិត​ថ្មី​ទៀត ហើយ​យើង​នឹង​ស្ថិតនៅ​លើផ្លូវ​មួយ​ដែល​អាច​នឹង​ឈានទៅ​ភាពជោគជ័យ​បាន​។ យើង​នឹង​រៀនសូត្រ​ពី​ភាពបរាជ័យ ហ៊ាន​ប្រថុយប្រថាន និង​អាច​វាយតម្លៃ​បាន​ពី​ហានិភ័យ​ទាំងនោះ រួមទាំង​អាច​បន្ថយ​ហានិភ័យ​ទាំងនោះ​បាន​ផងដែរ​។ នេះ​ជា​អ្វីដែល​ខ្ញុំ​ចង់​មានន័យ ដោយ​លើកឡើងថា «​អនុញ្ញាត​ឲ្យ​ក្មេងៗ​ដឹកនាំ​»​។ 
 
​ពួកគេ​នឹង​អាច​គ្រប់គ្រង​ជោគវាសនា និង​ជីវិត​របស់ខ្លួន​បាន ហើយ​យើង​នៅទីនេះ​ដើម្បី​ជួយ​គាំទ្រ និង​ជួយ​បង្កើត​បរិស្ថាន​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ក្លាយខ្លួនជា​អ្នក​គិតគូរ​ពិចារណា​ហ្មត់ចត់ មាន​ភាព​អត់ធន់ និង​អាចដឹកនាំ​បានដែរ​។​
 
​សៅ ផល​និស្ស័យ​៖ និយាយ​ដល់​រឿង​យុវជន ខ្ញុំ​សង្កេតឃើញថា វា​នៅមាន​គម្លាត​ច្រើន​រវាង​យុវជន​នៅ​ទីក្រុង និង​ជនបទ​។ តើ​លោកស្រី​យល់ឃើញ​បែបណា​ចំពោះ​ស្ថានភាព​គម្លាត​រវាង​យុវជន​កម្ពុជា​នៅ​ទីក្រុង​និង​យុវជន​នៅ​ជនបទ​បច្ចុប្បន្ន​?
 
លោកស្រី  ផូ​លីន ថា​ម៉េ​ស៊ី​ស​៖ ដំបូង​គេ យើង​ចាប់ផ្តើម​ជាមួយ​ការងារ​របស់​អង្គការសហប្រជាជាតិ ដែល​សំដៅ​ដល់​ការព្យាយាម​ស្វែងយល់​ពី​ភាពខុសគ្នា​រវាង​យុវជន​នៅតាម​ជនបទ និង​ទីក្រុង​។ យើង​ចាំបាច់​ត្រូវ​យល់ថា តើ​ពួកគេ​ទាំងនោះ​ជា​អ្នកណា​? យើង​មិន​សន្ម​ត់​ថា​យើង​ស្គាល់​ពួកគេ​ច្បាស់ ឬ​ដឹង​ពី​តម្រូវការ​របស់​ពួកគេ​ច្បាស់​ឡើយ​ទាំង​យុវជន​នៅ​ទីក្រុង និង​នៅតាម​ទីជនបទ​។  

ចំណុច​បន្ទាប់ រឿង​ដែល​យើង​កំពុង​ធ្វើ​ក្នុងនាម​ជា​ស្ថាប័ន​អង្គការសហប្រជាជាតិ គឺ ជួប​សំណេះសំណាល និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​យុវជន​ទាំងនោះ​។ ដូច​ឃើញស្រាប់​ហើយ​នៅ​ទិវា​អង្គការសហប្រជាជាតិ​ឆ្នាំ ២០១៨ ពេលដែល​យើង​ប្រារព្ធ​នៅ Factory Phnom Penh ដោយ​យើង​បានកំណត់​គោលដៅ​ច្បាស់លាស់​លើ​យុវជន​ដែលជា​សិស្ស​វិទ្យាល័យ និង​និស្សិត​សាកលវិទ្យាល័យ​។ កម្មវិធី​យើង​មាន​យុវជន​ចូលរួម​យ៉ាងហោចណាស់​មួយ​ពាន់​នាក់​។ យើង​ចង់​សាទរ​ចំពោះ​គំនិត​យោបល់ និង​គំនិត​ច្នៃប្រឌិត​ច្រើន​ប្រភេទ​ដែល​អង្គការសហប្រជាជាតិ​បានទទួល ហើយ​យើង​ក៏​ចង់​ចែករម្លែក​វា និង​អនុញ្ញាត​ឲ្យ​យុវជន​កម្ពុជា​បានដឹងថា ការងារ​អ្វីខ្លះ​ដែល​យើង​កំពុង​ធ្វើ​ដែរ​។ មួយទៀត យើង​ក៏​ចង់​លឺ​មតិយោបល់​ពី​ក្រុមយុវជន​ទាំងនោះ​ដូចគ្នា​។ 
 
​ក្នុង​កម្មវិធី​របស់​យើង វា​មាន​កិច្ចពិភាក្សា​គ្នាច្រើន ដែល​រួមមាន​ទាំង​ការផ្តោត​យកចិត្តទុកដាក់​លើ​របៀប​ដែល​យុវជន​កម្ពុជា​ចាប់ផ្តើម​ផ្លាស់ប្តូរ​សហគមន៍ និង​បរិស្ថាន​នៅ​ជុំវិញ​។ នេះ​បញ្ជាក់ថា យើង​មាន​ក្រុម​អ្នក​ផ្លាស់ប្តូរ​វ័យក្មេង​ដែល​ចេញមុខ​សម្តែង​មតិយោបល់​។ យើង​ដឹងថា យើង​ចាំបាច់​ត្រូវ​ពង្រីក​ការងារ​បន្ថែមទៀត​។ យើង​ត្រូវ​ចេញទៅ​តំបន់​នានា​ដែល​នៅ​ក្រៅពី​រាជធានី​ភ្នំពេញ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​យុវជន​ដទៃទៀត​ឲ្យ​បាន​ច្រើន​។ យើង​អាច​ធ្វើបាន​ប្រសើរ​ជាង​នេះ​។​
 
​តាមពិតទៅ​ខ្ញុំ​មិនដឹងថា យុវជន​នៅតាម​ជនបទ​ត្រូវការ​អ្វីខ្លះ​ឡើយ​។ យើង​ត្រូវ​ចេញទៅ​ក្រៅ យើង​ត្រូវ​ប្រើប្រាស់​ភាពជា​ដៃគូ​ក្នុង​កម្មវិធី​របស់​យើង​ដើម្បី​ស្វែងយល់​បន្ថែម​។ បច្ចុប្បន្ន យើង​កំពុង​កែលម្អ​ក្រុមប្រឹក្សា​យុវជន​ដើម្បី​ជួយ​ឲ្យ​ក្រុមយុវជន​ដែល​យើង​ត្រូវ​ធ្វើការ​ជាមួយ​នោះ​កាន់​តែមាន​ភាព​តំណាង (representative) ច្រើនជាង​មុន​។ បន្ថែម​ពីនេះ យើង​ក៏​កំពុង​ផ្លាស់ប្តូរ​ទម្រង់​នៃ​ក្រុមប្រឹក្សា​យុវជន​របស់​អង្គការសហប្រជាជាតិ​ដែរ​។ 
 
​យើង​មិន​ចង់​ឲ្យ​ពួកគេ​ស្ថិតនៅ​ដោយឡែក​ឡើយ​។ ផ្ទុយទៅវិញ យើង​ចង់​ឲ្យ​ពួកគេ​ស្ថិតនៅ​ជា​ចំណុច​ស្នូល​នៃ​កម្មវិធី​របស់​អង្គការសហប្រជាជាតិ​តែម្តង​។ យើង​កំពុងធ្វើការ​ងារ​ជាមួយ​មូលនិធិ​ប្រជាជន​អង្គការសហប្រជាជាតិ (UNFPA)​ដែលជា​ទីភ្នាក់ងារ​មួយ​ស្ថិតក្នុង​ចំណោម​ទីភ្នាក់ងារ​ដែល​នាំមុខគេ​របស់​អង្គការសហប្រជាជាតិ​ដែល​ទទួលបន្ទុក​ក្រុមការងារ​យុវជន កំពុងតែ​ចាត់ចែង​យុទ្ធសាស្ត្រ​យុវជន​ស្ថិតក្រោម​គោលការណ៍​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) ផងដែរ​។ ស្ថាប័ន​នេះ​ធ្វើការ​ងារ​លើស​ន្ទ​ស្សន៍​អភិវឌ្ឍន៍​យុវជន (Youth Development Index) ដែល​កំណត់​ផ្នែក​សំខាន់ៗ​ដែល​យុវជន​ចង់បាន​ការវិនិយោគ​បន្ថែម​។ ក្នុងនោះ​មាន​វិស័យ​សុខាភិបាល​, អប់រំ​, ឱកាស​ក្នុង​ផ្នែក​សេដ្ឋកិច្ច និង​ស្តង់ដា​ការងារ​ជាដើម​។​
 
​យើង​ចាប់ផ្តើម​មាន​ទិន្ន័យ​កាន់តែ​ច្រើនជាង​មុន​ហើយ​ដើម្បី​តាមដាន​ពី​ការរីកចម្រើន​នៃ​វិស័យ​ទាំងនេះ និង​តាមដាន​ការវិនិយោគ​របស់​រដ្ឋា​ភិ​បាល​លើ​យុវជន​ផងដែរ​។ ការងារ​ច្រើនណាស់​ដែល​យើង​ត្រូវធ្វើ ហើយ​យើង​ក៏​ចាំបាច់​ត្រូវ​ដឹង​ពី​តម្រូវការ និង​គោលដៅ​របស់​យុវជន​ទាំង​នៅ​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​ដូចគ្នា​។ 
 
សៅ ផល​និស្ស័យ​៖ នៅ​កម្ពុជា យើង​ឃើញ​មាន​ទីភ្នាក់ងារ​សហប្រជាជាតិ​ដើម្បី​សមភាព​យេនឌ័រ (UN Women)​។ តើ​ការងារ​របស់​ទីភ្នាក់ងារ​នេះ​មាន​ឥទ្ធិពល​យ៉ាងណា​? ហើយ​យើង​អាចធ្វើ​អ្វី​បាន​ទៀត​ដើម្បី​លើកស្ទួយ​ស្ត្រី​? 
 
​លោកស្រី  ផូ​លីន ថា​ម៉េ​ស៊ី​ស​៖ ថ្វីបើ​ទីភ្នាក់ងារ​សហប្រជាជាតិ​ដើម្បី​សមភាព​យេនឌ័រ ហៅ​កាត់​ថា UN Women ជា​សមាជិក​ក្មេង​ជាងគេ​ក្នុង​គ្រួសារ​អង្គការសហប្រជាជាតិ​ក្តី ការងារ​ដែល​ស្ថាប័ន​នេះ​បានធ្វើ​រួមជាមួយ​រដ្ឋាភិបាល​ពោលគឺ ក្រសួង​ការ​កិច្ចការនារី គឺជា​រឿង​គួរ​ជំរុញ​លើកទឹកចិត្ត​។ ភាព​បើកចំហ និង​ការប្តេជ្ញាចិត្ត​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ផ្តល់​ឲ្យ​ទាំង​ក្នុង​ផ្នែក​គោលនយោបាយ ក្របខណ្ឌ​ច្បាប់ និង​ការគាំទ្រ​សម្រាប់​សមភាព​យ៉េន​ឌ័​រ និង​បង្កើន​អំណាច​ស្ត្រី​គឺជា​រឿង​គួរ​ឲ្យ​ស្ងើចសរសើរ​មួយ​។ វា​មានការ​អភិវឌ្ឍ​រហ័ស​ណាស់​ខាង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ដែលមាន​ឥទ្ធិពល​លើ​ទាំង​បុរស​និង​ស្ត្រី​។ 
 
​វា​ក៏មាន​ភាពជឿនលឿន​ទៅមុខ​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ទាក់ទិន​នឹង​ការ​ចោទ​ជា​សំណួរ និង​ប្រជែង​ជា​គំនិត​ជាមួយនឹង​ច្បាប់ទម្លាប់​ដែល​ធ្វើ​ឲ្យ​អន់ថយ​ផ្នែក​សមភាព​យ៉េន​ឌ័​រ និង​ការផ្តល់អំណាច​ដល់​ស្ត្រី​នៅ​កម្ពុជា​ផងដែរ​។ នេះហើយ ជា​ផ្នែក​មួយ​ដែល​ផ្តល់ឱកាស​ឲ្យ​យើង​អាច​សហការគ្នា​បាន​។ ជារួម យើង​បានឃើញ​ពី​ការបើកចំហ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​ស្វែងរក​វិធីសាស្ត្រ​ជំរុញ​សមភាព​យ៉េន​ឌ័​រ​។​
 
​ក្នុងនាម​ជា​អង្គការសហប្រជាជាតិ យើង​អាចធ្វើ​ការងារ​ផ្សេងទៀត​ដើម្បី​ជួយ​ផ្នែក​នេះ​បន្ថែមទៀត​។ យើងទាំងអស់គ្នា​មានអំណាច​មួយ​ក្នុងការ​ផ្លាស់ប្តូរ ហើយ​ការផ្លាស់ប្តូរ​ទាំងនោះ​ចាប់ផ្តើម​ពី​យើងទាំងអស់គ្នា​ដែរ​។ ដើម្បី​ជំរុញ​ឲ្យ​វា​កើតឡើង​បាន យើង​ត្រូវ​ក្លាយខ្លួនជា​«​ភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ​» ហើយ​យើង​ព្យាយាម​ធានា​ឲ្យ​មាននូវ​សមភាព​យ៉េន​ឌ័​រ​ជាទូទៅ និង​ការផ្តល់អំណាច​ដល់​ស្ត្រី​នៅក្នុង​រាល់​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិរ​បស់​យើង​។ យើង​នឹង​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ និង​កំណត់​រង្វាស់​លើ​វិធីសាស្ត្រ​ដើម្បី​សម្រេច​វា​ឲ្យ​បានដែរ​។ ដូច​ឃើញ​ហើយ យើង​ជ្រើសរើស​ស្ត្រី​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត និង​ផ្តល់ឱកាស​កាន់តែច្រើន​ដល់​ពួកគេ​ដើម្បី​ឲ្យ​ពួកគេ​មាន​កន្លែង​ទំនេរ​ដើម្បី​បំពេញការងារ និង​ការលើកទឹកចិត្ត​។ 
​ដូច្នេះហើយ យើង​ចាំបាច់​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​ការផ្លាស់ប្តូរ​ដែល​យើង​ចង់ឃើញ ហើយ​យើង​មាន​ទំនុកចិត្ត​ចំពោះ​ការប្តេជ្ញាចិត្ត​ពី​ខាង​ក្រសួង​កិច្ចការនារី​។ ប៉ុន្តែ​វា​មាន​កិច្ចការ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​។​
 
 ឧទាហរណ៍​ជាក់ស្តែង យើង​កំពុងធ្វើការ​ងារ​ជាមួយ​ក្រសួង​កិច្ចការនារី​ផ្តោតលើ​ការវាយតម្លៃ​បញ្ហា​យ៉េន​ឌ័​រ​។ វា​នឹង​ជួយផ្តល់​ព័ត៌មាន​បន្ថែម និង​ទិន្នន័យ​នានា​ជុំវិញ​គម្លាត​ដែលមាន និង​ផ្នែក​ដទៃទៀត​ដែល​យើង​ត្រូវ​វិនិយោគ ក៏ដូចជា​សហការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​។ វា​ទាក់ទង​នឹង​ការបែងចែក​ធនធាន និង​កំណត់​គោ​លន​យោ​បាល​ដែល​ជំរុញ​ឲ្យ​ស្ត្រី​ចូលរួម​កាន់តែ​ប្រសើរ និង​ផ្តល់ឱកាស​ដល់​ពួកគេ​ចូលរួម​ក្នុង​ផ្នែក​អប់រំ និង​ការងារ​ជាដើម​។  វា​ជាការ​វាយតម្លៃ​មួយ​ដែល​គ្រប់​ជ្រុងជ្រោយ បើ​យើង​និយាយ​ពី​ការរួមចំណែក​របស់​ស្ត្រី​ក្នុងការ​រីកចម្រើន​នៃ​សេដ្ឋកិច្ចកម្ពុជា​។ ដូច្នេះហើយ យើង​អាច​ពង្រីក​ការរួមចំណែក​ទាំងនេះ​បន្ថែមទៀត និង​ឈានទៅ​ទទួល​ប្រយោជន៍​ពី​ការវិនិយោគ​លើ​សមភាព​យ៉េន​ឌ័​រ​ផងដែរ​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com