អន្តរជាតិ
ចិន​រឹតបន្តឹង​ចំណង​ការទូត​ជាមួយ​ព័រ​ទុយ​ហ្គា​ល់ ខណៈ​រដ្ឋ​អឺរ៉ុប​ខ្លះ​បារម្ភ​ពី​ការកើនឡើង​ឥទ្ធិពល​ចិន​ក្នុង​តំបន់​
04, Dec 2018 , 5:56 pm        
រូបភាព
​ចាក​ចេញពី​ប៉ា​ណា​ម៉ា​ភ្លាម ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ភីង បាន​បន្តដំណើរ​ត្រឡប់មក​ទឹកដី​អឺរ៉ុប​វិញ​ភ្លាម​ដែរ​ដើម្បី​បំព​ញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព័រ​ទុយ​ហ្គា​ល់​។ ទស្សនកិច្ច​រយៈពេល​ពី​រ​ថ្ងៃនេះ​ធ្វើឡើង​ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​រដ្ឋ​អឺរ៉ុប​ខាងលិច ប៉ុន្តែ​រដ្ឋ​មេដឹកនាំ​អឺរ៉ុប​មួយចំនួន​បង្ហាញ​ក្តីបារម្ភ​ពី​ការរីក​សាយភាយ​នៃ​ឥទ្ធិពល​ចិន​ក្នុង​តំបន់​អឺរ៉ុប​ផងដែរ​។​


 
​សប្តាហ៍​មុន ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង បាន​អ​ញ្ជើ​ទៅ​ទស្សនកិច្ច​នៅ​អេ​ស្ប៉ា​ញ​មុន​អញ្ជើញ​ទៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ចូលរួម​ប្រជុំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G20 ។ នៅ​ថ្ងៃ​អង្គារ​ទី ៤ ខែធ្នូ​នេះ លោក ស៊ី បាន​អញ្ជើញ​ត្រឡប់​ជាន់​ទឹកដី​អឺរ៉ុប​ជាមួយ​ដោយ​បំពេញ​ទស្សនកិច្ច​នៅ​ព័រ​ទុយ​ហ្គា​ល់​វិញ​ម្តង​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP   មេដឹកនាំ​ចិន​ចេញផ្សាយ​បទ​វិចារណកថា​មួយ​លើ​កាសែត​ព័រ​ទុយ​ហ្គា​ល់​ដោយ​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ចំណងមិត្តភាព​ដែល​ចិន​មាន​ជាមួយ​រដ្ឋ​អឺរ៉ុប​ខាងលិច​មួយ​នេះ​ផង​។ លោក​សង្កត់ធ្ងន់ថា ចំណងមិត្តភាព​ទ្វេភាគី​នេះ​ជា​ផ្នែក​មួយ​នៃ​ចំណង​ពាណិជ្ជកម្ម​ដ៏​មាន​សារសំខាន់​ដែល​ចិន​មាន​ជាមួយ​អឺរ៉ុប​ផងដែរ​។​
​តាម​ពិធី​ការទូត ទស្សនកិច្ច​របស់លោក ស៊ី នឹង​បញ្ចប់​ទៅដោយ​ជំនួប​ទ្វេភាគី​មួយ​ជាមួយ​ប្រធានាធិបតី​ព័រ​ទុយ​ហ្គា​ល់​លោក Marcelo Rebelo de Sousa រួមជាមួយ​នឹង​ពិធី​ចុះ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ផង​។ 
 
​កិច្ចព្រមព្រៀង​មួយ​ក្នុងចំណោម​កិច្ចព្រមព្រៀងទ្វេភាគី​ទាំងអស់នោះ​មាន​គោលដៅ​ភ្ជាប់​កំពង់ផែ​ភាគ​នីរ​តី​ទៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស​ចិន «​ខ្សែក្រវាត់​មួយ​វិថី​មួយ​»​ដែលមាន​គោលដៅ​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការភ្ជាប់​ពាណិជ្ជកម្ម​ពី​អាស៊ី​ដល់​អឺរ៉ុប​និង​ដល់​អាហ្វ្រិក​តាម​លំនាំ​ផ្លូវ​សូត្រ​សម័យបុរាណ​នោះ​។​
 
​តាមពិតទៅ វត្តមាន​របស់លោក ស៊ី នៅ​រដ្ឋ​អឺរ៉ុប​នៅពេលនេះ ស្រប​ពេលដែល​ក្តីបារម្ភ​របស់​បណ្តា​ប្រទេស​អឺរ៉ុប​មាន​កាន់តែច្រើន​ជុំវិញ​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​មហាអំណាច​អាស៊ី​ចិន​នេះ​ផង​។ ទស្សនកិច្ច​នេះ​ទៀត​ក៏​កើតឡើង​ក្រោយ​ពេលដែល​អឺរ៉ុប​អនុម័ត​ក្របខណ្ឌ​វាយតម្លៃ​ទុនវិនិយោគ​បរទេស​ដែលមាន​គោលដៅ​ត្រួតពិនិត្យ​តឹងរ៉ឹង​លើ​ក្រុមហ៊ុន​បរទេស​ជាពិសេស​របស់​ចិន​តែម្តង​នៅក្នុង​វិស័យ​យុទ្ធសាស្ត្រ​ដូចជា វិស័យ​ថាមពល​ជាដើម​ដែរ​។ បណ្តា​រដ្ឋ​មេដឹកនាំ​អឺរ៉ុប​ដូចជា​បារាំង និង​អាល្លឺម៉ង់​ចង់បាន​វិធានការ​បែបនេះ​នេះ​។ 
 
​ក្រុងប៉ារីស និង ប៊ែ​កឡាំង​បារម្ភ​ខ្លាំង​ពី​ក្រុមហ៊ុន​វិនិយោគ​បរទេស​ដែល​ព្យាយាម​លួច​បច្ចេកវិទ្យា​សំខាន់ៗ​របស់​អឺរ៉ុប​តាមរយៈ​ការទិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​អឺរ៉ុប​ជាដើម ហើយ​មេដឹកនាំ​អឺរ៉ុប​ទាំងនេះ​ក៏​អំពាវនាវ​ឲ្យ​មានការ​ដាក់ចេញ​បទបញ្ញត្តិ​សំខាន់ៗ​ប្រចាំ​អឺរ៉ុប​ដើម្បី​គ្រប់គ្រង​បញ្ហា​នេះដែរ​។ ប៉ុន្តែ​បញ្ហា​ត្រង់​ថា រដ្ឋ​អឺរ៉ុប​នីមួយៗ​នៅតែមាន​អំណាច​ក្នុងការ​កំណត់​វិធាន​ការដែល​ត្រូវ​ប្រើប្រាស់ បើទោះជា​មាន​វិធាន​ការរួម​កម្រិត​ការវិនិយោគ​បែបនេះ​ក្តី​។​
 
​យ៉ាងណា​ក៏ដោយចុះ នាយករដ្ឋមន្ត្រី​ព័រ​ទុយ​ហ្គា​ល់​លោក Antonio Costa បង្ហាញ​ជំហរ​ច្បាស់លាស់​ថា រដ្ឋាភិបាល​ក្រុង​លី​ស​បោ​ន (Lisbon) មិន​គាំទ្រ​ចំណាត់ការ​របស់​អឺរ៉ុប​ឡើយ ប៉ុន្តែ​ខ្លួន​ធូរចិត្ត​ដែល​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​នេះ​ត្រឹម​ជាការ​ប្រឹក្សា​យោបល់​ដែល​ផ្តល់​ឲ្យ​ដោយ​គណៈកម្មការ​អឺរ៉ុប​ជុំវិញ​ការសម្រេច​ទទួល​ទុនវិនិយោគ​បរទេស​នេះ​។ 
 
​ប្រមុខ​រដ្ឋាភិបាល​រូបនេះ​បានផ្តល់​យោបល់​បន្ថែមថា ទុនវិនិយោគ​បរទេស​មិនមែនជា​ក្តីបារម្ភ​របស់​ប្រទេស​លោក​ទេ ហើយ​លោក​ក៏​មិន​ចង់ឃើញ​សហភាព​អឺរ៉ុប​បែរជា​ងាក​ទៅប្រើ​គោលនយោបាយ​គាំពារ​និយម​ស្រប​ពេលដែល​សកលភាវូបនីយកម្ម​កំពុង​បន្ត​ដើរទៅ​មុខ​ឡើយ​។​
 
​មិន​ខុសពី​អេ​ស្ប៉ា​ញ​ឡើយ ព័រ​ទុយ​ហ្គា​ល់​ស្ថិតក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​មួយ​នៅ​អឺរ៉ុប​ខាងលិច​។ ប្រទេស​នេះ​បើកទ្វារ​ចំហ​ទូលំទូលាយ​ទទួលយក​វិនិយោគទុន​ចិន បន្ទាប់ពី​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​សាកល​ឆ្នាំ ២០០៨​កន្លងមក​។ ក្រៅពី​ស្ថិត​ក្នុងចំណោម​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ ចិន​ក៏មាន​ទុនវិនិយោគ​មាន​ទំហំ​ប្រហែល ៣,៦ ភាគរយ​នៃ​ទំហំ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ព័រ​ទុយ​ហ្គា​ល់​ចន្លោះ​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៦​ដែរ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ ចិន​ថែមទាំង​មាន​ភាគហ៊ុន​ដល់​ទៅ ២៨​ភាគរយ​ក្នុង​ក្រុមហ៊ុន​របស់​ព័រ​ទុយ​ហ្គា​ក់​ធំៗ​ជាពិសេស​ផ្នែក​ថាមពល និង​ហិរញ្ញវត្ថុ​ឬ​ធនាគារ​ថែម​ទៀតផង​។ 
 
​តាមពិតទៅ ទ្វារ​សម្រាប់​ការវិនិយោគ​បើកចំហ​ធំ ក្រោយ​ឆ្នាំ ២០១១ ពេលដែល​សហភាព​អឺរ៉ុប និង​អង្គការ​រូបិយវត្ថុ​អន្តរជាតិ IMF បានផ្តល់​កញ្ចប់​លុយ​សង្គ្រោះ​សេដ្ឋកិច្ច​ព័រ​ទុយ​ហ្គា​ល់​ក្នុង​ទំហំ ៧៨ ពាន់​លាន​ដុល្លារ​។ កញ្ចប់​លុយ​ដែល​ផ្តល់​ឲ្យ​នោះ​គឺមាន​លក្ខខណ្ឌ​ដែល​តម្រូវ​ឲ្យ​ព័រ​ទុយ​ហ្គា​ល់​ចាយវាយ​ត្បិតត្បៀត និង​បើកទ្វារ​ទទួល​ទុនវិនិយោគ​បរទេស​ផង​។​
 

Tag:
 ព័រ​ទុយ​ហ្គា​ល់​
  ចិន​
  ស៊ី ជិន​ភីង​
  BRI
  Marcelo Rebelo de Sousa
© រក្សាសិទ្ធិដោយ thmeythmey.com