ONE Championship
កីឡាជាតិ
ជាតិ
ក្បាច់គុន​ផ្លាស់ប្តូរ​កីឡាការិនី​ខ្មែរ​-​អាមេរិក ឯម សុ​វណ្ណា​រី ឲ្យ​ឈប់​ខ្មាសអៀន​
04, Dec 2018 , 10:19 pm        
រូបភាព
​ដោយ​៖ Matias Andres

​ប្រសិនបើ​លោកអ្នក​បាន​មើល​កីឡាការិនី ONE Championship ឯម សុ​វណ្ណា​រី ពេល​ហ្វឹកហាត់ និង​ឡើង​ប្រកួត​ម្តងៗ យើង​មិន​នឹកស្មានថា​នាង​ចេះ​ភ័យខ្លាច និង​មានការ​ខ្មាសអៀន​ខ្លាំង​ពីមុនមក​ឡើយ​។​

 
​ជើង​ខ្លាំង​ខ្មែរ​-​អាមេរិក​រូបនេះ រាល់ពេល​ត្រូវ​ចូល​ប្រកួត​ក្នុង​ទ្រុង​ម្តងៗ នាង​តែង​បង្ហាញ​ពី​ភាពស្វាហាប់ និង​មាន​ភាពជឿជាក់​ខ្លាំង ហើយ​នៅ​ថ្ងៃទី ៧ ខែធ្នូ​នេះ សុ​វណ្ណា​រីនឹង​ធ្វើ​ឲ្យ​កក្រើក​សង្វៀន​ដោយ​បង្ហាញ​វត្តមាន​នៅមុខ​ទស្សនិកជន​រាប់ពាន់នាក់​ក្នុង​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS នៅឯ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។​
 
​សុ​វណ្ណា​រី ត្រូវ​ប៉ះគ្នា​ក្នុង​ទ្រុង​ជាមួយ​ជើងចាស់​សញ្ជាតិ​អ៊ុយ​ក្រែ​ន​នាង Iryna Delsa Kyselova ក្នុងការ​ប្រកួត​ប្រភេទ​ទម្ងន់ ៦១​គីឡូក្រាម​។ ថ្វីបើ​កញ្ញា​វ័យ ២៦​ឆ្នាំង​រូបនេះ មើលទៅ​មាន​ភាពជឿជាក់​ខ្លាំង​ក្នុងការ​ប្រឈមមុខ​ជាមួយ​ដៃគូ​អ៊ុយ​ក្រែ​ន​នេះ​មែន ប៉ុន្តែ​រាល់ពេល​ដែល​នាង​ត្រូវ​ចូលក្នុង​សង្វៀន​ប្រកួត អ្វីដែល​នាង​ពិបាក​គ្រប់គ្រង​ជាងគេ​នោះ​គឺ​ស្មារតី​តែម្តង​។ 
 
​នាង​សារភាពថា​៖ «​ក្បាច់គុន​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់ខ្ញុំ មកពី​ធម្មតា​ខ្ញុំ​អៀន​ច្រើន ហើយ​មិន​ចូលចិត្ត​ប្រឈមមុខ​ជាមួយ​នរណាម្នាក់​ទេ 
​និយាយ​ទៅ ខ្ញុំ​មិនសូវ​ហ៊ាន​តែម្តង​។ ប៉ុន្តែ​ពេល​គេ​ឲ្យ​ឡើង​សង្វៀន ឬ​ក្នុង​ទ្រុង​ម្តងៗ ចង់​ឬ​មិន​ចង់​ក៏ត្រូវ​បង្ខំ​ខ្លួនឯង​ឲ្យ​សម្រុកចូល​ដែរ​»​។ 

ការតាំង​ចិត្ត​ជម្នះ​លើ​ខ្លួនឯង​របស់ សុ​វណ្ណា​រី បាន​ត្រួស​ត្រាយផ្លូវ​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​របស់ខ្លួន​រហូតដល់​បាន​ជោគជ័យ​ក្នុង​វិស័យ​ក្បាច់គុន​ធំជាងគេ​នៅ​អាស៊ី ដែល​នាង រួមជាមួយ​កីឡាករ​ល្បីល្បាញ​ម្នាក់ទៀត​របស់​កម្ពុជា​គឺ ចាន់ រតនា ក៏​នឹងត្រូវ​ឡើង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​នាពេល​ឆាប់ៗ​នេះដែរ​។ 
 
​ដោយសារ​នាង​កើត​នៅ​សហរដ្ឋអាមេរិក ដែល​ឪពុកម្តាយ​នាង​ជា​ជនភៀសខ្លួន​ខ្មែរ​ក្នុងសម័យ​នោះ ដូច្នេះ​ការឈាន​ជើង​ចូល​ទឹកដី​អាស៊ី​លើក​នេះ គឺជា​ជំហាន​ដំបូង​នឹង​សំខាន់​ខ្លាំងណាស់​ក្នុង​ឆាកជីវិត​របស់​នាង ទាំង​ក្នុង​អាជីព​ជា​អ្នក​ប្រដាល់ ក៏ដូចជា​រឿង​ផ្ទាល់ខ្លួន​របស់​នាង​ផងដែរ​។ 
 
​នាង​មានបំណង​ផ្សារភ្ជាប់​ឡើងវិញ​ក្នុងនាម​ជា​ឈាម​ខ្មែរ​មួយរូប ហើយក៏​ចង់​ចែករំលែក​បទពិសោធន៍​ផងដែរ​ថា​ក្បាច់គុន​បាន​ជំរុញ​នាង​ឲ្យ​ឈប់​ភ័យខ្លាច និង​លែង​ខ្មាសអៀន​។ នាង​ធ្លាប់​ភ័យខ្លាច​ក្នុង​កម្រិត​មួយ​ដែល​មិន​ហ៊ាន​នឹង​និយាយ​ទូរ​សព្ទ​ផង​។​
 
​នាង រំលឹកថា​៖ «​កាលពីមុន គ្រាន់តែ​តេ​ទៅ​កុម្មង់​ភី​ហ្សា​សោះ ក៏​ខ្ញុំ​ភ័យ​អន្ទះអន្ទែង​ដែរ​»​។​
 
​រស់នៅ​ជិត​កូនស្រី​របស់​សង្សា​នាង​រឹតតែ​ជួយ​ឲ្យ​នាង​បាន​យល់​កាន់តែច្បាស់​ពី​ភាព​វិជ្ជមាន​នៃ​ក្បាច់គុន​ដែល​ជួយ​ជា​គ្រឹះ​សំខាន់​ក្នុង​ជិវិត​មនុស្ស​ម្នាក់ មិន​ប្រកាន់​អាយុ​ឡើយ​។ 
 
​ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​ល្អៗ ថ្មីៗ​នេះ នាង​បាន​ចាប់ដៃ​ជាមួយ​ជើង​ខ្លាំង​ខាង​គុន​ចម្រុះ Yves Edwards ដែល​ពីរ​នាក់​គាត់​បាន​សរសេរ​បោះ​ពុ​ម្ភ​ផ្សាយ​សៀវភៅ​សម្រាប់​ក្មេងៗ ដែលជា​មេរៀន​គ្រឹះ​ដ៏​មានតម្លៃ​។  
 
​នាង​បកស្រាយ​ថា​៖ «​វា​ទាក់ទង​នឹង​ការបង្រៀន​ក្មេងៗ​អំពី​បំ​និ​ន​ជីវិត​តាមរយៈ​ការហាត់​ក្បាច់គុន​។ មនុស្ស​ជាច្រើន គេ​គិតថា​ក្បាច់គុន​មិនល្អ​ទេ​។ ឪពុកម្តាយ​ភាគច្រើន​យល់ឃើញថា​ក្បាច់គុន​ពោ​ពេញ​ដោយ​ហិង្សា ឬក៏​គិតថា​កូនៗ​អាច​នឹង​យកទៅ​ធ្វើបាប​អ្នកទទៃ​»​។ 
 
​កូនស្រី​របស់​សង្សា សុ​វណ្ណា​រី ក៏​កំពុង​ប្រឡូក​ក្នុង​វិស័យ​ក្បាច់គុន​ដែរ ប៉ុន្តែ​ជា​ក្បាច់គុន​ប្រភេទ​ផ្សេងទៀត យ៉ាងណាមិញ អ្នក​ប្រដាល់​ស្រី​រូបនេះ គាត់​ប្រាប់ថា​គាត់​រំភើប និង​សប្បាយចិត្ត​ក្រៃលែង​ពេល​ឃើញ​ក្មេងស្រី​ម្នាក់នេះ​មានការ​ផ្លាស់ប្តូរ​ច្រើន​។ 
 
​សុ​វណ្ណា​រី​រៀបរាប់​ពី​កូនស្រី​សង្សា​ខ្លួន​ថា​៖ «​ជំនឿ​ចិត្ត​របស់​នាង​ឥឡូវនេះ គឺ​កើនឡើង​ខ្លាំងណាស់​តាំងពី​គាត់​ចាប់ផ្តើម​ហាត់​តៃ​ក្វាន់​ដូ​មក​។ និយាយ​ទៅ​បើ​ប្រៀបធៀប​គឺ​ដូច​ថ្ងៃ​នឹង​យប់​អីចឹង គាត់​ផ្លាស់ប្តូរ​ខ្លាំង​មែនទែន​!»​។ 
 
​បើសិន​ការប្រកួត​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​ខាងមុខនេះ នាង​អាច​យកជ័យ​ជម្នះ​មក​ផ្ទះ​វិញ​បាន នោះ​កេរ្តិ៍ឈ្មោះ​របស់​នាង​ប្រាកដជា​ល្បី​ដ៏​កំពូល​មិន​ខាន ប៉ុន្តែ​សម្រាប់​នាង​វិញ​ទោះជា​លទ្ធផល​យ៉ាងណាក៏ដោយ នាង​បាន​លើកឡើងថា​តាមរយៈ​ការ​ប្រឡូក​ក្នុង​វិស័យ​ក្បាច់គុន នាង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ក្នុង​ជីវិត​របស់​នាង​រួចមកហើយ​។ 
 
«​ការហាត់​ក្បាច់គុន​ចម្រុះ​គឺជា​អ្វីដែល​ខ្ញុំ​ធ្វើ​ដើម្បី​ខ្លួនឯង ដើម្បី​រីកចម្រើន​ជា​បុគ្គល​ខ្លាំង​មួយរូប ហើយ​ខ្ញុំ​ពិត​ជាមាន​អារម្មណ៍​ថា​វា​បាន​ជួយ​ខ្ញុំ​ប្រាកដ​មែន​»៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com