អចិន្ត្រៃយ៍​សភា ផ្តើម​ពិភាក្សា​ច្បាប់ ដែល​ឲ្យ​អ្នក​ជាប់​បម្រាម ចូលធ្វើ​នយោបាយ​វិញ​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អចិន្ត្រៃយ៍​សភា ផ្តើម​ពិភាក្សា​ច្បាប់ ដែល​ឲ្យ​អ្នក​ជាប់​បម្រាម ចូលធ្វើ​នយោបាយ​វិញ​
05, Dec 2018 , 10:07 am        
រូបភាព
ដោយ: ថ្មីៗ
​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​ឆ្នូ ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​របស់​សម្តេច ហេង សំរិន ដែលជា​ប្រធាន ដើម្បី​ពិភាក្សា​លើ​សំណើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។


 
​ជា​នីតិវិធី ពេល​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ពិភាក្សា​និង​អនុម័ត​រួច សេចក្តីស្នើច្បាប់​ខាងលើ នឹងត្រូវ​បញ្ជូនទៅ​គណៈកម្មការ​ជំនាញ ដដែល​បន្ទុក​ក្នុង​វិស័យនេះ ដើម្បី​សិក្សា​លម្អិត​។ ក្រោយ​សិក្សា​រួច គណៈកម្មការ​ជំនាញ នឹង​បញ្ជូនទៅ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ​។ 
 
​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​បើក​កិច្ចប្រជុំ​ជា​លើក​ទី​ពីរ ដើម្បី​កំណត់​កាលបរិច្ឆេទ​នៃ​ការបើក​សម័យប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា លើ​សេចក្តីស្នើ​ស​ច្បាប់​នេះ​។ 
 
​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ចែងថា​៖«​ក្នុងករណី ដែល​គណបក្សនយោបាយ ត្រូវបាន​រំលាយ តុលាការ​អាច​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​របស់​ថ្នាក់ដឹកនាំ​នៃ​គណបក្សនយោបាយ​នោះ សម្រាប់​រយៈពេល ៥​ឆ្នាំ​»​។​
 
​ប៉ុន្តែ អ្នក ជាប់​បម្រាម​ទាំងនោះ អាច​នឹងមាន​ឱកាស​បាន​ចូលធ្វើ​នយោបាយ​វិញ មុន​កាលកំណត់ នៅពេល​មាត្រា​៤៥​ថ្មី (​ស្ទួន​) ត្រូវបាន​កែប្រែ​រួច​។ ខ្លឹមសារ​ថ្មី ដែល​នឹងត្រូវ​បញ្ចូល​ក្នុង​មាត្រា​នេះ គឺ នាយករដ្ឋមន្ត្រី អាចមាន​សិទ្ធិ ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ទូល​សុំ​ព្រះអង្គ ឲ្យ​ផ្តល់​នីតិសម្បទា​ដល់​អ្នក​ដែល​ត្រូវ​ដកសិទ្ធិ​នយោបាយ ហើយ​ឲ្យ​ពួកគេ អាចធ្វើ​នយោបាយ​វិញ មុន​កាលកំណត់​របស់​តុលាការ​កំពូល​។ 
 
​រដ្ឋាភិបាល ប្រកាសថា ការកែប្រែ​ច្បាប់​ត្រង់ចំណុច​នេះ គឺ​ដើម្បី​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​៕ 

Tag:
 ច្បាប់​នយោបាយ​
  រដ្ឋសភា​
© រក្សាសិទ្ធិដោយ thmeythmey.com