ជាតិ
សង្គមជាតិ
ស្នាដៃ​ថ្មី​របស់លោក ឆាយ សុផល ប្រាប់​ពី​ប្រវត្តិ​កូនប្រុស​ទាំង​៣​របស់​នាយករដ្ឋមន្ត្រី​
05, Dec 2018 , 4:09 pm        
រូបភាព
ដោយ:
«​បងប្អូន​ប្រុស​ទាំង​៣ ឈាម​ថ្មី​ក្នុងចំណោម​អ្នក​បន្តវេន​» ជា​ស្នាដៃ​ថ្មី​មួយទៀត​របស់លោក ឆាយ សុផល សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​ដ៏​ល្បីល្បាញ​ម្នា​ក់នៅ​កម្ពុជា​។ ក្នុង​កម្រាស់​ជិត​៣៥០​ទំព័រ លោក ឆាយ សុផល ដែលជា​សមាជិក​គណនា​យក​ក្លិប​អ្នកកាសែត​កម្ពុជា​ផងដែរ​នោះ បាន​សរសេរ​រៀបរាប់​ពី​ប្រវត្តិ អារម្មណ៍ និង​ទស្សនវិស័យ​កូនប្រុស​ទាំងបី​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ា​ណែ​ត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ា​នី​។​

 
«​ក្នុង​សៀវភៅ​នេះ ខ្ញុំ​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​យុវជន​ដឹងថា ថ្វី​ដ្បិត​ពួកគាត់​ជា​កូន​ថ្នាក់ដឹកនាំ តែ​ពួកគាត់​ខិតខំ​រៀនសូត្រ ឲ្យ​បាន​ខ្ពង់ខ្ពស់ ចេះ​ជួយ​ធ្វើ​កិច្ចការ​សង្គម មិន​ដូច​កូនអ្នកមាន​មួយចំនួន ខណៈដែល​ឪពុក​កំពុងមាន​អំណាច មាន​លុយកាក់ ពួកគាត់​មិនបាន​ប្រើប្រាស់​របស់គាត់​ទៅ​រៀនសូត្រ ដើម្បី​ជួយ​សង្គម​នោះទេ​។ ហើយ​ខ្លះទៀត​បាន​យក​អំណាច​របស់​ឪពុក​ខ្លួន​ទៅប្រើ​ប្រាស់ ដើម្បី​បង្ក​អសន្តិសុខ​ទៅវិញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឆាយ សុផល នៅក្នុង​សន្និសីទ​សារព័ត៌មាន​សម្ពោធ​ស្នាដៃ​ទី​១០​របស់ខ្លួន​នៅ Book Café កាលពី​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨​។​


 
​ទាក់ទង​នឹង​ចំណងជើង​សៀវភៅ «​បងប្អូន​ប្រុស​ទាំង​៣ ឈាម​ថ្មី​ក្នុងចំណោម​អ្នក​បន្តវេន​» លោក ឆាយ សុផល បាន​ពន្យល់​បកស្រាយ​ថា ពាក្យ​បងប្អូន​ប្រុស​ទាំង​៣​ឈាម​ថ្មី​ក្នុងចំណោម​អ្នក​បន្តវេន មិនមែន​មានន័យថា ពួកគាត់​នឹងធ្វើ​ជា​នាយ​រដ្ឋមន្ត្រី​បន្ត​ពីស​ម្តេច ហ៊ុន សែន នោះទេ ប៉ុន្តែ​ពួកគាត់​ពិតជា​មាន​សម​ត្ថ​ភាព​សម្រាប់​ដំណែង​ថ្នាក់ដឹកនាំ​នៅតាម​ស្ថាប័ន​ណាមួយ​។ 
 
​កន្លងមក លោក ឆាយ សុផល បានចេញ​ផ្សាយ​សៀវភៅ​ពាក់ព័ន្ធ​ឥស្សរជន​មួយចំនួន​ផងដែរ ក្នុងនោះ​មានដូចជា «​នាយករដ្ឋមន្ត្រី​ខ្មែរ​ទាំង​៣៦​រូប​ជា​នរណា​?», «​ខៀវ កាញារីទ្ធ​-​ជីវិត​ក្នុង​សមរភូមិ​», «​ហ៊ុន សែន​-​នយោបាយ និង​អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង​៤០​ឆ្នាំ​» និង «​កឹម សុខា​-​ជីវិត​ក្នុង​នយោបាយ​ព្យុះភ្លៀង​» ជាដើម​។​
 
​សម្រាប់​ស្នាដៃ​ទី​១០​របស់ខ្លួន លោក ឆាយ សុផល ដែល​ទទួលបាន​អនុបណ្ឌិត​ផ្នែក​សារព័ត៌មាន​ពី​សាកលវិទ្យាល័យ Ateneo de Manila ប្រទេស​ហ្វីលីពីន បាន​បោះពុម្ព​លើកដំបូង​ចំនួន​១​ម៉ឺន​ក្បាល និង​ដាក់លក់​នៅតាម​បណ្តា​គារ​ផ្សេងៗ​ទូទាំងប្រទេស ជាមួយ​តម្លៃ​៥​ដុល្លារ​អាមេរិក​ក្នុង​១​ក្បាល​។​


 
​អ្នក​ចងក្រង​សៀវភៅ​រូបនេះ បាន​ពន្យល់​បន្ថែមថា ការជ្រើសរើស​តួអង្គ​កូន​សម្តេច ហ៊ុន សែន ទាំង​៣​មក​សរសេរ​នេះ ដោយសារ​ពួកគាត់​ជា​មនុស្ស​មាន​សក្តានុពល និង​មានការ​លះបង់​ខ្ពស់​ទាំង​ក្នុង​ការសិក្សា និង​ការងារ​ក្នុងសង្គម និង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​អាច​ឲ្យ​យុវជន​ជំនាន់​ក្រោយ​យក​គំរូ​តាម​។ 
 
​ក្រៅពី​ប្រវត្តិ​សិក្សា ការងារ ចំណង់​ចំណូលចិត្ត និង​រឿង​គ្រួសារ សៀវភៅ​នេះ ក៏​និយាយ​ពី​ការងារ​នយោបាយ​នៅ​ថ្ងៃ​អនាគត និង​អារម្មណ៍​ឈឺចាប់​នៅពេល​មានការ​ជេរប្រមាថ​លើ​ឪពុកម្តាយ ដែលជា​ថ្នាក់ដឹកនាំ​កំពូល របស់​បងប្អូន​ទាំង​៣​ផងដែរ​។ តើ​បងប្អូន​ប្រុស​ទាំង​៣​មាន​អារម្មណ៍​យ៉ាងណា នៅពេលដែល​ឪពុកម្តាយ​របស់ខ្លួន​ត្រូវបាន​ជន​មួយចំនួន​ជេរប្រមាថ ហើយ​យល់​យ៉ាងណា​ចំពោះ​ការប្រមាថ​ទាំងនោះ​? តើ​បងប្អូន​ប្រុស​ទាំង​៣​ចង់​ស្នង​តំណែង​របស់​ពុក​ជា​នាយករដ្ឋមន្ត្រី​ដែរឬទេ​? នេះ​ជា​សំណួរ ដែល លោក ឆាយ សុផល លើក​មក​ចោទសួរ​កូនប្រុស​ទាំង​៣​របស់​សម្តេច ហ៊ុន សែន ក្នុងការ​ចងក្រង​សៀវភៅ​ខាងលើ​។​
 
​ពាក់ព័ន្ធ​រឿង​ជេរប្រមាថ សៀវភៅ​ខាងលើ​បាន​លើកឡើងថា ទាំង​លោក ហ៊ុន ម៉ា​ណែ​ត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ា​នី សុទ្ធតែ​បានបង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត និង​ខឹងសម្បា​ដូចគ្នា ហើយ​បានចាត់ទុក​ទង្វើ​របស់​បុគ្គល​ទាំងនោះ​ថា ជា​ទង្វើ​អសីលធម៌​។ 


 
​លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ចាត់ទុក​សម្តេច ហ៊ុន សែន ជា​ជន​គំរូ បាន​លើកឡើងថា​៖«​ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ទេ គ្រាន់តែ​ថា ប្រពៃណី​និង​ទំនៀមទម្លាប់​ខ្មែរ គឺ​យើង​គោរព​ពុក​ម៉ែ​ដូចជា​ព្រះ ហើយ​បើ​មាន​នរណា​មក​ប្រមាថ​ពួកគាត់ គឺ​យើង​ពិតជា​មាន​អារ​ម្មណ៍​មិនល្អ​ឡើយ​»​។​
 
​លោក ហ៊ុន ម៉ានិត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួងការពារជាតិ​បាន​មានប្រសាសន៍ថា​៖ «​តើន​រណា​មិន​ក្តៅ នរណា​មិន​ខឹង​នៅពេល​គេ​ប្រមាថ​អ្នកមានគុណ​របស់ខ្លួន​នោះ​? តែ​យ៉ាងណាក៏ដោយ​ភាព​អត់​ធ្ម​ត់ និង​គិត​ប្រយោជន៍​ជារួម គឺជា​ការសំខាន់​។ តាមពិត​យើង​អាច​ចាប់បោក​ពួកគេ​បាន តែ​យើង​មិន​ត្រូវយក​រឿងនេះ​មក​គិត​ច្រើនពេក​ទេ បើ​អង្គុយតែ​កើតទុក្ខ និង​អន់ចិត្ត​ចំពោះ​រឿង​ប្រមាថ​នេះ តើ​យើង​មាន​ពេល​ឯណា​ទៅ​អភិវឌ្ឍន៍​ខ្លួន មាន​ពេល​ឯណា​ទៅ​ជួយ​ប្រជាជន និង​ប្រទេសជាតិ​? យើង​ត្រូវយក​ការប្រមាថ​ទាំងនោះ ប្រែក្លាយជា​ចំណុចខ្លាំង​របស់​យើង​»​។ 
 
​ដោយឡែក លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​លើកឡើងថា ក្នុងនាម​ជា​គ្រួសារ​អ្នកកាន់អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល តែងតែ​ក្លាយជា​ផ្ទាំង​ស៊ី​ប​របស់​បក្សប្រឆាំង និង​ក្រុម​មិនមែនជា​សម្ព័ន្ធមិត្ត ពិសេស​ក្រុម​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​។ លោក ម៉ា​នី ចាត់ទុក​ការរិះគន់​ក្នុង​រឿង​នយោបាយ​ជាធម្មតា តែ​ការជេរប្រមាថ និង​ប្រៀបធៀប​នឹង​សត្វ ឬ​របស់​មិនល្អ វា​ជា​ទង្វើ​អសីលធម៌​។ 


 
«​ការរិះគន់​ខ្លះ​អាច​ទទួលយកបាន តែ​ការ​ជេរ​តិះដៀល​ពុក និង​ម៉ែ គឺ​ដំបូង​អារម្មណ៍​របស់ខ្ញុំ​ពិតជា​ទទួលយក​មិនបាន​និង​ឈឺចាប់ ព្រោះ​វា​ប៉ះទង្គិច​ផ្លូវចិត្ត​យ៉ាងខ្លាំង ពិសេស​ការប្រមាថ​ថា បង​ម៉ា​ណែ​ត ជា​កូន​វៀតណាម ការប្រមាថ​ដោយ​ប៉ុនប៉ង​ផ្តាច់​អាយុជីវិត​ពុក និង​គ្រួសារ​។ កុំថាឡើយ​តែ​ខ្ញុំ និង​បងប្អូន​ខ្ញុំ សូម្បីតែ​អ្នកផ្សេង​ក៏​គាត់​មាន​អារម្មណ៍​ឈឺចាប់​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន ម៉ា​នី​។ 
 
​ពាក់ព័ន្ធ​រឿង​ស្នង​តំណែង​នាយករដ្ឋមន្ត្រី សៀវភៅ​ខាងលើ​បាន​ស្រង់​សម្តី​កូនប្រុស​ទាំង​៣​របស់​សម្តេច ហ៊ុន សែន ថា ពួកគេ​មិនទាន់​គិតដល់​បញ្ហា​នេះឡើយ ព្រោះ​បច្ចុប្បន្ន​ឪពុក​របស់​ពួកគាត់​នៅ​កាន់កាប់​តំណែង​នេះ​នៅឡើយ​។ ហើយ​ពួកគេ​រំពឹងថា សម្តេច ហ៊ុន សែន នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី​ដ៏​ល្អ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ឆ្នាំ​ទៅមុខទៀត​។ 
 
សៀវភៅ​«​បងប្អូន​ប្រុស​ទាំង​៣​ឈាម​ថ្មី​ក្នុងចំណោម​អ្នក​បន្តវេន​»​ដែលជា​ស្នាដៃ​ទី​១០​លោក ឆាយ សុផល ត្រូវបាន​ចំណាយពេល​ជាង​៥​ឆ្នាំ​ក្នុង​ប្រមូល​ព័ត៌មាន​និង​តែង​និពន្ធ ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៣ ដល់​ចុងឆ្នាំ​២០១៨​។ លោក​រំពឹងថា ការបោះ​ពុ​ម្ភ​១​ម៉ឺន​ក្បាល​ដំបូង​នេះ នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មិត្ត​អ្នកអាន​៕  
 

Tag:
 ​ឆាយ សុផល​
  ហ៊ុន ម៉ា​ណែ​ត​
  ហ៊ុន ម៉ានិត​
  ហ៊ុន ម៉ា​នី​
© រក្សាសិទ្ធិដោយ thmeythmey.com