ជាតិ
អប្សរា និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្ដរជាតិ​កូរ៉េ ចុះ​អនុស្សរណៈ​លើ​គម្រោង​ជួសជុល​ប្រាសាទ​ជម​
05, Dec 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ក្រោយ​មានការ​សិក្សា​លម្អិត​រួចមក ទីបំផុត​អាជ្ញាធរ​ជាតិ​អប្សរា និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្ដរជាតិ កូរ៉េ ហៅ (KOICA) បានសម្រេច​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​គម្រោង​អភិរក្ស និង​ជួសជុល​ប្រាសាទ ជម​។ ប្រាសាទ​ជម ជា​ក្រុម​ប្រាសាទព្រះពិធូរ ដែល​ស្ថាប័ន​កូរ៉េ​នេះ បាននិងកំពុង​ជួសជុល​នាពេល​កន្លងមក​។​

 
​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​លើ​ការជួសជុល​ប្រាសាទ ជម ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៥ ធ្នូ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ ដោយមាន​លោក ស៊ុំ ម៉ាប់ តំណាង​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក Jeong Yungil តំណាង​ស្ថាប័ន KOICA​។​
 
​ខ្លឹមសារ​ក្នុង​អនុស្សរណៈ​ខាងលើ គឺ​ផ្តោត​ផ្តោតលើ​ការងារ​ជួសជុល​ប្រាសាទ ជម សិក្សា​ពី​ហានិភ័យ​នៃ​ក្រុម​ប្រាសាទព្រះពិធូរ និង​ជួសជុល​ផ្នែក​ខ្លះ​នៃ​ព្រះ​លានជល់ដំរី​។ គម្រោង​នេះ​ក៏មាន​បើក​វគ្គ​បណ្ដុះបណ្តាល​ពង្រឹង​ធនធានមនុស្ស ដើម្បី​រក្សា​តម្លៃ​បេតិកភណ្ឌ​ជាតិ​ផងដែរ​។​
 
​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គម្រោង​ជួសជុល និង​អភិរក្ស​នេះ​មាន​រយៈពេល​៥​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ ២០១៩ ដល់ ២០២៣ លើ​កញ្ចប់​ថវិកា​ចំនួន ៧​លាន​ដុល្លារ​អាមេរិក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com