អន្តរជាតិ
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ប្តឹង​អ្នក​ដែល Share អត្ថបទ​រឿងអាស្រូវ​ហិរញ្ញវត្ថុ​លើ​ហ្វេ​ស​ប៊ុ​ក​
05, Dec 2018 , 5:55 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង ដាក់ពាក្យ​ប្តឹង​អ្នក​រិះគន់​លើ​រដ្ឋាភិបាល​លោក​ពាក់ព័ន្ធ​នឹង​ការ​មួលបង្កាច់ ដោយបាន​ចែករំលែក (share) អត្ថបទ​ព័ត៌មាន​មួយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ដ្បិតថា​ក្នុង​អត្ថបទ​នេះ បាន​លើកឡើងថា មេដឹកនាំ​សិង្ហ​បុរី​រូបនេះ​បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ហិរញ្ញវត្ថុ 1MDB  ដែល​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ជាតិ​របស់​ម៉ាឡេស៊ី​រាប់ពាន់​លាន​ដុល្លារ ក្នុង​អាណត្តិ​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់​។​

 
​កាសែត​ម៉ាឡេស៊ី The Straits Times  បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​០៤ ខែធ្នូ​ថា លោក លី សៀន​ឡុង ​បាន​ដាក់ចេញ​វិធានការ​តាមផ្លូវ​ច្បាប់ ក្រោយពី លោក Leong Sze Hian ជា​អ្នកសរសេរ Blog និង​ជាទី​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ បាន​បរាជ័យ​ក្នុងការ​ធ្វើតាម​លិខិត​មួយច្បាប់ ដែល​បាន​ផ្ញើ​ដោយ​មេធាវី​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​។ 
 
​ក្នុង​អត្ថន័យ​នៃ​សំបុត្រ​នេះ មេធាវី​របស់លោក​លី សៀន​ឡុង បានទាមទារ​ឲ្យ​លោក Leong  ចេញមុខ​សុំទោស​ជា​សាធារណៈ និង​ផ្តល់​ជា​សំណង​លើ​ការខូចខាត ជុំវិញ​ការចែករំលែក​អត្ថបទ​មួយ​នោះ លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា​កន្លងទៅ​។​
 
​តាមពិតទៅ អត្ថបទ​រិះគន់​លើ​លោ​កលី ដែល​បានចេញ​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​ម៉ាឡេស៊ី ឈ្មោះថា The Coverage  បាន​លើកឡើងថា អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ ដែល​កំពុង​រង​បទ​ចោទ​ជាច្រើន​ករណី​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​លួច​លុយ​រដ្ឋ​រាប់រយ​លាន​ដុល្លារ​នោះ បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​លោក លី ដើម្បី​ស្នើសុំ​ជំនួយ​ពី​ធនាគារ​សិង្ហ​បុរី​។​
 
​ម្យ៉ាងវិញទៀត មុននឹង​ការសម្រេច​ចាត់វិធានការ​ផ្លូវច្បាប់​លើ​អ្នក​រិះគន់​រូបនេះ រដ្ឋាភិបាល​សិង្ហ​បុរី​ក៏​ធ្លាប់​ព្យាយាម​ចាត់​វិធាន​ផ្លូវច្បាប់​ប្រឆាំងនឹង​អ្នកសរសេរ​អត្ថបទ​ព័ត៌មាន​ដើម​ផងដែរ ដោយ​អះអាងថា ការចោទប្រកាន់​នោះ​គឺជា «​ព័ត៌មាន​ក្លែងបន្លំ និង​បរិហារកេរ្តិ៍​»​។​
 
​ទន្ទឹមនឹងនេះ ក្រុម​មេធាវី​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បាន​គូស​បញ្ជាក់ទៀតថា កេរ្តិ៍ឈ្មោះ​របស់លោក​លី សៀន​ឡុង ត្រូវបាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ហើយ​លោក​ត្រូវបាន​ទាញ​ឲ្យ​ធ្លាក់​ចូលក្នុង​រឿងអាស្រូវ និង​ការប្រមាថ​។  
 
​ទោះបីជាយ៉ាងនេះ​ក៏ដោយ​ក្តី សារព័ត៌មាន​ហុងកុង South China Morning Post បាន​ដកស្រង់​សម្តី​របស់លោក Leong ដូច្នេះ​ថា​៖ «​សម្រាប់​ហេតុផល​ផ្លូវច្បាប់ ខ្ញុំ​ពុំ​អាច​ផ្តល់យោបល់​ជុំវិញ​រឿងក្តី​របស់ខ្ញុំ​បាន​នោះឡើយ​។ ក្នុងការ​ការពារ​រប​ស់​ខ្ញុំ ខ្ញុំ​អាច​និយាយបានថា នេះ​មិនមែន​ជាការ​តតាំង​គ្នា​ជាមួយ​ខ្ញុំ និង​នាយករដ្ឋមន្ត្រី​នោះឡើយ ប៉ុន្តែ​វា​ជាការ​តតាំង​គ្នា​រវាង ប្រជាជន និង​រូបលោក សម្រាប់​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​, តម្លាភាព និង​ប្រជាធិបតេយ្យ​។ ខ្ញុំ​មិន​យល់​ទេ​ថា ហេតុអ្វី​បានជា​លោក [​លី​]  កំពុង​ដាក់ពាក្យ​ប្តឹង​មកលើ​រូបខ្ញុំ​ទាក់ទង​នឹង​រឿង​មួលបង្កាច់​»​។ 
 
​ឲ្យ​ពិត​ទៅ ការសម្រេចចិត្ត​របស់​លោក​លី ក្នុងការ​ដាក់ពាក្យ​ប្តឹង​លើ​លោក Leong គឺធ្វើឡើង ក្រោយពី​អាជ្ញាធរ​សិង្ហ​បុរី​បាន​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង​ភាគី​ផ្សេងៗ​ទៀត​លើ​បណ្តាញ​សង្គម​និង​វេ​ប​សាយ ដែក​បាន​ចែករំលែក​បន្ត​យ៉ាង​ទូលំទូលាយ​ពី​ការចុះផ្សាយ​របស់​សារព័ត៌មាន  The Coverage​។ របាយការណ៍​របស់​សារព័ត៌មាន The Coverage បាន​ដង​ស្រង់​ប្រភព​ចេញពី​សារព័ត៌មាន States Times Review  ដែលជា​សារព័ត៌មាន​អន​ឡាញ​មួយ ដែលមាន​ទីតាំង​ក្នុងប្រទេស​អូស្ត្រាលី​។ 
 
​អាជ្ញាធរ​សិង្ហ​បុរី​បាន​បញ្ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​អ៊ីនធឺណិត​ក្នុងស្រុក​ឲ្យ​បិទ​វេ​ប​សាយ​របស់​សារព័ត៌មាន States Times Review  ក្រោយពី​សារព័ត៌មាន​នេះ​បាន​បដិសេធ​លុប​អត្ថបទ​នោះ​ចោល​។ គេ​ដឹង​ហើយ​ថា ភាគច្រើន​នៃ​អត្ថបទ​ព័ត៌មាន​របស់​វេ​ប​សាយ States Times Review គឺជា​បទ​វិចារណកថា​តែ​ម្ខាង ដោយ​ពុំ​ផ្អែកលើ​ព្រឹត្តិការណ៍​ពិត​នោះឡើយ​។ 
 
​ស្រប​ពេលដែល​អាជ្ញាធរ​សិង្ហ​បុរី​បាន​បិទ​វេ​ប​សាយ​ព័ត៌មាន​នេះ​ដោយ​ជោគជ័យ​ហើយ​នោះ ពួកគេ​ក៏បាន​ព្យាយាម​សុំ​ជំនួយ​ពី​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ក្នុង​គោលដៅ​លុប​ការ​បង្ហោះ​ផ្សេងៗ​លើ​បណ្តាញ​សង្គម​ដ៏​ធំ​នេះ ដែល​ជាប់ទាក់ទង​នឹង​រឿងអាស្រូវ​របស់លោក លី​។ យ៉ាងណាមិញ ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​នេះ​បាន​បដិសេធ​ធ្វើតាម​សំណើ​របស់​អាជ្ញាធរ​សិង្ហ​បុរី​។ ហើយ​ការបដិសេធ​បែបនេះ​បានធ្វើ​ឲ្យ​រដ្ឋបាល​លោក លី ឆេះដុំ​ជាខ្លាំង​។​
 
​មែនទែនទៅ លោក លី ក៏ដូចជា​ឪពុក​របស់លោក​គឺ លោក លី ក្វាន់​យូ ត្រូវបាន​គេ​កត់សម្គាល់ថា បានចាប់ផ្តើម​វិធានការ​ផ្លូវច្បាប់​ជា​ថ្នាំ​ព្យាបាល ក្រោយ​ការ​មួលបង្កាច់​។  លោក លី បានឈ្នះ​រឿងក្តី​មួលបង្កាច់​មួយ​កាលពី​ឆ្នាំ​២០១៤ ប្រឆាំងនឹង​អ្នកសរសេរ Blog  ឈ្មោះថា Roy Ngerng ដែល​បាន​ចោទប្រកាន់​លោក លី ជុំវិញ​រឿង​ការចំណាយ​ថវិការដ្ឋ​មិន​ប្រក្រតី​។ 
 
​ហើយ​ស្ថាប័ន​សារព័ត៌មាន ដែល​ពីមុនមក​បា​នស​ម្រេ​ចេញមុខ​សុំទោស និង​សង​ការខូចខាត​ទៅ​មេដឹកនាំ​របស់​បក្ស​កាន់អំណាច PAP សម្រាប់​ការចេញផ្សាយ​អត្ថបទ ដែល​រដ្ឋាភិបាល​សិង្ហ​បុរី​រកឃើញថា វា​ជា​មួលបង្កាច់​។ តួយ៉ាង​ស្ថាប័ន​ព័ត៌មាន​ទាំងនោះ គឺ​រួមមាន​ដូចជា Financial Times, The Economist និង Bloomberg៕
 

Tag:
 សិង្ហ​បុរី​
  លី សៀន​ឡុង
© រក្សាសិទ្ធិដោយ thmeythmey.com